រដ្ឋមន្ត្រីក្រសួងវិនិយោគឥណ្ឌូនេស៊ីលោកគូសបញ្ជាក់ថា គម្រោងរោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនេះ នឹងត្រូវសង់នៅក្នុងភាគខាងលិចនៃខេត្តចាវា ដែលធ្វើដំណើរតែប្រមាណ២ម៉ោងប៉ុណ្ណោះពីទីក្រុងហ្សាកាតា។ ទីតាំងនេះ គឺស្ថិតនៅក្បែរនឹងរោងចក្ររបស់ប្រទេសកូរ៉េខាងត្បូងមួយទៀត គឺរោងចក្រផលិតរថយន្ដ Hyundia Motor ដែលរោងចក្រនេះកំពុងសាងសង់ជិតរួចរាល់ហើយដែរ។
ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេដឹងថា គឺជាប្រទេសដែលមានការផលិត ថ្មនីកែលធំជាងគេបំផុតក្នុងពិភពលោក ដែលជាសមាធាតុក្នុងការផលិតថាមពលអាគុយសម្រាប់ប្រើប្រាស់នៅក្នុងរថយន្ដអគ្គិសនី។ មន្ត្រីរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ឥណ្ឌូនេស៊ីចង់បង្កើនផលិតកម្មថាមពលអាគុយនេះ ឲ្យដល់ទៅកម្រិតថាមពល ១៤០ជីហ្គាវ៉ាត់ម៉ោងត្រឹមឆ្នាំ២០៣០ ហើយប្រទេសនេះ ក៏មានមហិច្ឆតានឹងអភិវឌ្ឍឧស្សាហកម្ម និងទីផ្សារយានយន្ដអគ្គិសនីក្នុងស្រុករបស់ខ្លួនដែរ ពិសេសផ្ដោតលើការផលិត ម៉ូតូអគ្គីសនី ជាជាងការផលិតឡាន។
ប្រភពព័ត៌មានពីមន្ត្រីរដ្ឋាភិបាលឥណ្ឌូនេស៊ី ក៏បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងកាលពីថ្ងៃទី ២៩ ខែមេសារួចមក ក្រុមហ៊ុន Indonesia Battery Corp និងក្រុមហ៊ុន LG នាពេលថ្មីៗនេះ កំពុងផ្ដោតលើការបញ្ចប់ការសិក្សា និងការងារលម្អិតមួយចំនួន ដើម្បីឈានទៅចាប់ផ្ដើមសាងសង់រោងចក្រផលិតអាគុយរថយន្ដអគ្គិសនីនាពេលឆាប់ៗខាងមុខ។ រោងចក្រនេះ មានទំហំ៣៣ហិកតា និងផ្ដល់ឱកាសការងារ១ពាន់នាក់ និងមានតម្លៃវិនិយោគសរុប១ពាន់២រយលានដុល្លារអាមេរិក។
ក្រៅតែពីមានកិច្ចសហការជាមួយ LG ក្រុមហ៊ុនផលិតអាគុយឡានអគ្គិសនីរបស់ឥណ្ឌូនេស៊ីមួយនេះ ក៏កំពុងមានការសិក្សាដាច់ដោយឡែកមួយទៀត ជាមួយនឹងក្រុមហ៊ុនចិនធំមួយ លើគម្រោងផលិតអាគុយរថយន្ដអគ្គិសនីនេះដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនកូរ៉េខាងត្បូង LG ក្រោយពីបានប្រកាសឈប់ផលិតទូរស័ព្ទស្មាតហ្វូនរួមមក ក្រុមហ៊ុននេះ ហាក់ផ្ដោតការវិនិយោគខ្លាំងមែនទែនទៅលើគម្រោងផលិតអាគុយរថយន្ដអគ្គិសនីនេះ ជាក់ស្ដែង កាលពីខែប៉ុន្មាខែមុននេះ LG ក៏ត្រូវបានគេរាយការណ៍ថា មានផែនការវិនិយោគរោងចក្រតម្លៃ ៤ពាន់៥រយលានដុល្លារ ផលិតអាគុយរថយន្ដអគ្គិសនីនៅនៅអាមេរិកផងដែរ៕