សារព័ត៌មាន Channel News Asia របស់សិង្ហបុរី បានដកស្រង់ប្រសាសន៍ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (ដែលគេហៅរូបលោកជាទូទៅ ជា លោក ចូកូវី) ផ្សាយថា ឥណ្ឌូនេស៊ីបានទទួលវ៉ាក់សាំង ១,២លានដូស ពីក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន ជាវ៉ាក់សាំងដែលប្រទេសឥណ្ឌូនេស៊ីបានចូលរួមធ្វើតេស្តតាំងពីខែសីហា មកម៉្លេះ ។
លោក ចូកូវី បានបន្ថែមថា រដ្ឋាភិបាលឥណ្ឌូនេស៊ីគ្រោងនឹងទទួលវ៉ាក់សាំង ១,៨លានដូសទៀត នៅដើមខែមករា ឆ្នាំក្រោយ ។
ការសាកល្បងដំណាក់កាលចុងក្រោយទៅលើវ៉ាក់សាំង Sinovac របស់ចិន ក៏កំពុងធ្វើឡើងផងដែរ នៅប្រទេសប្រេស៊ីល និងទួរគី ហើយលទ្ធផលបណ្ដោះអាសន្នស្ដីពីប្រសិទ្ធភាពនៃវ៉ាក់សាំងនេះ ពីការធ្វើតេស្តនៅប្រេស៊ីល នឹងត្រូវប្រកាសឲ្យដឹង នៅពាក់កណ្ដាលខែធ្នូនេះ ។
នៅក្នុងខែនេះដែរ ឥណ្ឌូនេស៊ីរំពឹងថា នឹងទទួលបានវត្ថុធាតុដើមពីចិន ដើម្បីផលិតវ៉ាក់សាំង ១៥លានដូស និង នៅខែក្រោយ សម្រាប់ផលិត ៣០លានដូស ។
ចំពោះវ៉ាក់សាំង Sinovac របស់ក្រុមហ៊ុនចិននេះ ត្រូវឆ្លងកាត់ការវាយតម្លៃពីអាជ្ញាធរមានសមត្ថកិច្ចរបស់ឥណ្ឌូនេស៊ីជាមុនសិន មុននឹងការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ។
ឥណ្ឌូនេស៊ីជាប្រទេសនៅអាស៊ីអាគ្នេយ៍ដែលមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេបំផុត ពោលគឺស្លាប់ ១៧.៧៤០នាក់ និងមានករណីឆ្លងសរុប ជិត ៦សែនករណី គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ៕