ឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីលាតត្រដាងផែនការឧបត្ថម្ភធន ដើម្បីតាមចែចូវ Tesla និង BYD ឲ្យមកវិនិយោគ


រដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ីបានប្រកាសកាលពីថ្ងៃទី ៦មីនា អំពីកម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភធនសម្រាប់រថយន្តអគ្គិសនី ម៉ូតូស្គូធឺ និងរថយន្តក្រុង នៅក្នុងការផ្លាស់ប្តូរចុងក្រោយមួយរបស់ខ្លួន ដើម្បីទាក់ទាញការវិនិយោគរោងចក្រដំឡើងរថយន្តអគ្គិសនីនៅក្នុងប្រទេសរបស់ខ្លួន ក៏ដូចជាឈានទៅសម្រេចបានកិច្ចព្រមព្រៀងវិនិយោគជាមួយក្រុមហ៊ុនផលិតអគ្គិសនីនៅជុំវិញពិភពលោកដូចជាក្រុមហ៊ុន Tesla របស់អាមេរិក និងក្រុមហ៊ុន BYD របស់ប្រទេសចិន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia។
ឥណ្ឌូនេស៊ីតាមចែចូវ Tesla និង BYD បានសម្រេច ឬទេ? រូបភាព nikkei
ដោយ

នៅក្រោមគម្រោង ដែលចូលជាធរមាននៅថ្ងៃទី២០ ខែមីនានេះ ប្រទេសឥណ្ឌូនេស៊ីនឹងផ្ដល់ប្រាក់ឧបត្ថម្ភធនចំនួនប្រហែល ៤៦០ ដុល្លារសម្រាប់ការទិញម៉ូតូអគ្គិសនីមួយគ្រឿង ហើយចំនួនដូចគ្នានេះក៏នឹងត្រូវបានផ្តល់ជូនដល់អ្នកប្រើប្រាស់ដែលបានកែច្នៃម៉ូតូស្គូធឺប្រើម៉ាស៊ីនចំហេះប្រេងឥន្ធនៈ ទៅជាម៉ូតូស្គូធឺប្រើម៉ាស៊ីនអគ្គិសនីផងដែរ។ ក្រុមមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា រដ្ឋាភិបាលកំពុងរៀបចំការឧបត្ថម្ភធនសម្រាប់ម៉ូតូអគ្គិសនីសរុបចំនួន ២៥ ម៉ឺនគ្រឿងនៅឆ្នាំនេះ។

ប្រាក់ឧបត្ថម្ភនេះក៏នឹងត្រូវបានផ្តល់សម្រាប់ការទិញរថយន្តអគ្គិសនី និងរថយន្តក្រុងអគ្គិសនីនីមួយៗផងដែរ។ រដ្ឋាភិបាលកំពុងរៀបចំឧបត្ថម្ភធនលើការទិញរថយន្តអគ្គិសនីរហូតដល់ ជិត៣ម៉ឺន៦ពាន់គ្រឿង និងរថយន្តក្រុងអគ្គិសនីចំនួន ១៣៨ គ្រឿងនៅឆ្នាំ២០២៣ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនបានបញ្ជាក់ពីចំនួនប្រាក់ឧបត្ថម្ភប៉ុន្មានទេសម្រាប់ការទិញនីមួយៗនោះ។

យ៉ាងណាក៏ដោយចុះ រដ្ឋមន្ត្រីឧស្សាហកម្មលោក Agus Gumiwang Kartassmita បានប្រាប់អ្នកយកព័ត៌មានថា មានតែរថយន្តដែលផលិតក្នុងប្រទេស ដែលប្រើប្រាស់វត្ថុធាតុក្នុងស្រុក (Local content) យ៉ាងតិច ៤០% តែប៉ុណ្ណោះ ទើបអាចមានសិទ្ធិទទួលបានការឧបត្ថម្ភធននេះ។ លោកបានបន្តថា ក្នុងចំណោមរថយន្តអគ្គិសនី គឺមានតែរថយន្ត Ioniq 5 ផលិតដោយក្រុមហ៊ុន Hyundai របស់កូរ៉េខាងត្បូង និងរថយន្ត Air EV ផលិតដោយក្រុមហ៊ុន Wuling របស់ប្រទេសចិនតែប៉ុណ្ណោះ ដែលបច្ចុប្បន្នបានបំពេញតាមតម្រូវការនេះ ហើយក្រុមហ៊ុនផលិតរថយន្តទាំង២នេះកំពុងដំណើរការខ្សែផលិតកម្មរថយន្តអគ្គិសនីនៅខាងក្រៅទីក្រុងហ្សាកាតា។

លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការដែនសមុទ្រ និងការវិនិយោគ បាននិយាយថា ការឧបត្ថម្ភធននេះគឺចាំបាច់ដើម្បីអភិវឌ្ឍទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតរបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។

ក្រុមអ្នកវិភាគវិញនិយាយថា វិស័យនេះនៅតូចចង្អៀតនៅឡើយ នៅក្នុងប្រទេសឥណ្ឌូនេស៊ីដោយសារគម្លាតតម្លៃបើធៀបជាមួយនឹងរថយន្តម៉ាស៊ីនចំហេះប្រេងឥន្ធនៈ និងកង្វះហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈ។

ប៉ុន្តែលោក Pandjaitan បាននិយាយថា ការបង្កើតទីផ្សារឱ្យបានធំគឺជាការចាំបាច់បំផុតប្រសិនបើឥណ្ឌូនេស៊ីចង់ទាក់ទាញការវិនិយោគបរទេសឱ្យបានគ្រប់គ្រាន់ ដើម្បីគាំទ្រមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍឧស្សាហកម្មអាគុយក្នុងស្រុក និងក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់៕




អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់អាមេរិក ព្រមានថាពិភពលោកកំពុងប្រឈមក្ដីកង្វល់ធំៗ២

លោក Jamie Dimon ប្រធានក្រុមហ៊ុន JPMorgan Chase & Co. ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក មានទីស្នាក់ការកណ្តាលនៅទីក្រ…

វៀតណាមគ្រោងនាំចេញកាហ្វេឲ្យបាន ៦ពាន់លានដុល្លារនៅឆ្នាំ២០៣០ ខណៈអ្នកជំនាញថា បានបញ្ហាប្រឈមច្រើន

អ្នកពាក់ព័ន្ធនៅក្នុងឧស្សាហកម្ម ក៏ដូចជាការដាំដុះកាហ្វេនៅវៀតណាម បច្ចុប្បន្នកំពុងតែ ដាក់ចេញនូវផែនការយុទ្ធសាស្រ្តនានានៅក្នុងការជំរុញការនាំចេញ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ