លោក យក់ ចំរើនឫទ្ធិ អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រង Forte បានលើកឡើងថា នៅឆ្នាំ២០១៩នេះ វិស័យធានារ៉ាប់រងនៅកម្ពុជាបានវិវឌ្ឍខ្លួនកាន់តែប្រសើរឡើង ដោយក្នុងនោះ តម្រូវការនៃសេវាធានារ៉ាប់រងសម្រាប់អតិថិជន ជាប្រជាជនទូទៅ ឬហៅថា សេវាធានារ៉ាប់រងអាយុជីវិត ហាក់មានសន្ទុះកើនឡើងខ្លាំងគួរឲ្យកត់សម្គាល់ បើធៀបនឹងសេវាធានារ៉ាប់រងសម្រាប់អាជីវកម្ម ក្រុមហ៊ុន អង្គការ និងសហគ្រាស។
លោក ចំរើនឬទ្ធី បន្តថា ការកើនឡើងនៃអ្នកប្រើប្រាស់សេវាកម្មធានារ៉ាប់រងអាយុជីវិតនេះ គឺបានសបញ្ជាក់ឲ្យឃើញពីកំណើននៃប្រជាជនដែលមានចំណូលមធ្យមមានការកើនឡើង គួបផ្សំនឹងការយល់ដឹងពីអត្ថប្រយោជន៍នៃសេវាធានារ៉ាប់រងសម្រាប់អនាគត។
យោងតាមរបាយការណ៍ពីសមាគមធានារ៉ាប់រងកម្ពុជាបានបង្ហាញថា ក្រុមហ៊ុនដែលជាសមាជិតប្រមាណ ៣២ ក្រុមហ៊ុន បង្ហាញឲ្យឃើញថា ក្នុងឆមាសទី១ នេះ បុព្វលាភដែលទទួលបានពីវិស័យធានារ៉ាប់រង សរុប១១៩លានដុល្លារអាមេរិក ក្នុងនោះបុព្វលាភធានារ៉ាប់រងទូទៅមានជាង ៤៩ លានដុល្លារ កើន ជាង ១៤ភាគរយ បុព្វលាភធានារ៉ាប់រងអាយុជីវិតទទួលបានជាង ៦៦លានដុល្លារ កើនជាង ៥៥ភាគរយ និងបុព្វលាភធានារ៉ាប់រងខ្នាតតូចវិញទទួលបានជាង ៣លានដុល្លារ ថយចុះ២២ភាគរយ ដោយសារតែមានការអភិវឌ្ឍខ្លួនរបស់ក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចមួយត្រូវបានប្តូរទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតវិញ។
ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាតថារូ បានអះអាងថា ជារួមវិស័យធានារ៉ាប់រងមានការកើនឡើងនាពេលនេះ គឺវាស្របតាមភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចកម្ពុជា ខណៈផលដែលទទួលបានពីកំណើនត្រូវបានបែងចែកជូនដល់ប្រជាពលរដ្ឋតាមរយៈការរីកចម្រើននៃការធ្វើអាជីវកម្មនានា ដូច្នេះហើយបានជារួមចំណែកដល់ការកើនឡើងនៃវិស័យធានារ៉ាប់រង។ ទន្ទឹមជាមួយគ្នានេះ គឺការយល់ដឹងរបស់សាធារណជនអំពីអត្ថប្រយោជន៍វិស័យធានារ៉ាប់រងដែលបច្ចុប្បន្នពួកគាត់កំពុងមាននិន្នាការងាកមកប្រើប្រាស់ធានារ៉ាប់រងដោយខ្លួនឯង ជាជាងក្រុមហ៊ុនទៅណែនាំ។
របាយការណ៍សមាគមធានារ៉ាប់រងកម្ពុជាបង្ហាញថា ក្នុងចំណោមកំណើនបុព្វលាភធានារ៉ាប់រងទូទៅត្រូវបានរុញច្រានដោយធានារ៉ាប់រងយានយន្ត ៤,៣ លានដុល្លារ ធានារ៉ាប់រងសុខភាព ៨,៨លានដុល្លារ ធានារ៉ាប់រងវិស្វកម្ម ៣,២ លានដុល្លារ និងធានារ៉ាប់រងទ្រព្យសម្បត្តិ ១៧,៨ លានដុល្លារ។
សូមជម្រាបថា បច្ចុប្បន្នក្រុមហ៊ុនដែលជាសមាជិកសមាគម មាន៣២ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ១៣ អាយុជីវិត ១១ ខ្នាតតូច៧ និងធានារ៉ាប់រងបន្ត១ និងបើគិតត្រឹមពាក់កណ្តាលឆ្នាំ២០១៩នេះសំណងដែលត្រូវបានសងត្រឡប់សម្រាប់ធានារ៉ាប់រងទូទៅមាន ១៤ លានដុល្លារ អាយុជីវិត ១,៤លានដុល្លារ និងខ្នាតតូចជិត៦០ម៉ឺនដុល្លារ៕