សិ្ថតិដែលសារព័ត៌មានជប៉ុនមួយបានទទួលបង្ហាញថា នៅឆ្នាំសារពើពន្ធ២០២៧ ខាងមុខនេះ ការប្រាក់លើសញ្ញាបណ្ណ ឬបណ្ណបំណុលរបស់រដ្ឋាភិបាលជប៉ុន ត្រូវបានរាយការណ៍ថា នឹងកើនឡើងរហូតដល់ទៅ១០៣ពាន់លានដុល្លារ ពោលគឺមានការកើនឡើងប្រហែលជា៦០% បើធៀបនឹងឆ្នាំសារពើពន្ធឆ្នាំ២០២៤។
យោងតាមការប៉ាន់ស្មានរបស់រដ្ឋាភិបាលជប៉ុន នៅអំឡុងពេល៣ឆ្នាំខាងមុខនេះ ប្រាក់ចំណូលពន្ធ ក៏ត្រូវបានគេរំពឹងថា នឹងកើនឡើងផងដែរ ប៉ុន្តែទោះជាយ៉ាងណា ប្រាក់ចំណូលពន្ធភាគច្រើនត្រូវបានគេដឹងថា នឹងត្រូវរ៉ាប់រងការចំណាយទៅលើការប្រាក់ទាំងនោះ និងការចំណាយផ្សេងៗផ្នែកសន្តិសុខសង្គម។ ផ្អែកតាមការព្យាករនេះ សម្រាប់ឆ្នាំសារពើពន្ធ២០២៧ ជប៉ុន រំពឹងថា នឹងអាចសម្រេចបានកំណើនសេដ្ឋកិច្ចជាមធ្យមប្រមាណជា៣% ពីឆ្នាំសារពើពន្ធ២០២៤។
តាមការគ្រោងទុកនៅក្នុងឆ្នាំសារពើពន្ធ២០២៧ ខាងមុខ ជប៉ុនគ្រោងនឹងចំណាយថវិកាដែលមានតម្លៃសរុបប្រមាណជា៨៣១ពាន់លានដុល្លារ ដោយនៅក្នុងនោះថវិកាប្រមាណជា២៣១ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ដើម្បីទូទាត់ និងដោះស្រាយបញ្ហាបំណុល ហើយការបង់ការប្រាក់លើបណ្ណបំណុលមានទំហំជាង១០៣ពាន់លានដុល្លារ។ ដោយឡែក ការចំណាយលើការធានារ៉ាប់រងសុខភាពថ្នាក់ជាតិ និងកម្មវិធីសង្គមផ្សេងៗទៀត នឹងត្រូវចំណាយអស់ប្រមាណជា២៦៧ពាន់លានដុល្លារ ។
ដោយឡែក សម្រាប់ឆ្នាំសារពើពន្ធ២០២៤ នេះវិញ ជប៉ុន បានគម្រោងចំណាយថវិកាជាតិសរុប ៧៥៨ពាន់លានដុល្លារ ហើយរហូតដល់ឆ្នាំសារពើពន្ធ២០២៧ ប្រទេសជប៉ុន ត្រូវបានគេ ព្យាករថា អាចនឹងមានឱនភាពថវិកាប្រមាណជា៧ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ