លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានចាត់ទុកការទទួលបានភ្ញៀវទេសចរអន្តរជាតិកាលពីឆ្នាំ២០២៤ ដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ វាជាសញ្ញាល្អមួយសម្រាប់អ្នករកស៊ីនៅក្នុងវិស័យនេះ។ អ្នកជំនាញរូបនេះកត់សម្គាល់ឃើញថា បើទោះបីចំនួនភ្ញៀវទេសចរអន្តរជាតិបានវិលមករកប្រក្រតីភាពឡើងវិញក៏ពិតមែន ប៉ុន្តែអ្នករកស៊ីនៅក្នុងវិស័យនេះមួយចំនួនហាក់នៅពុំទាន់ពេញចិត្តចំពោះលទ្ធផលនេះនៅឡើយទេ ជាពិសេសអាជីវករនៅក្នុងខេត្តសៀមរាប និងបណ្តាខេត្តតំបន់ទេសចរណ៍មួយចំនួនទៀត ក្រៅពីរាជធានីភ្នំពេញ។ មិនពេញចិត្ត ក៏ដោយសារចំនួនភ្ញៀវទេសចរចូលតាមផ្លូវអាកាសនៅខេត្តសៀមរាប មិនទាន់មានសកម្មភាពមមាញឹកច្រើនដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩។ បើតាមការអះអាងរបស់លោក ហូ វណ្ឌី បច្ចុប្បន្នភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋនិងឯកជនកំពុងខិតខំជំរុញការតភ្ជាប់ការហោះហើរត្រង់ពីប្រទេសគោលដៅធំៗចូលមកកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរបន្ថែមទៀត។
ពាក់ព័ន្ធបញ្ហានេះដែរ លោក លី សូដេត អ្នកសេដ្ឋកិច្ចជានខ្ពស់នៃធនាគារពិភពលោកប្រចាំនៅកម្ពុជា កត់សម្គាល់ឃើញថា វិស័យទេសចរកម្ពុជានៅក្នុងឆ្នាំ២០២៤ មានកំណើនល្អប្រសើរគួរឱ្យកត់សម្គាល់ពិតមែន ប៉ុន្តែកំណើននេះមានតែបរិមាណភ្ញៀវទេសចរប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការចាយវាយរបស់ពួកគេហាក់ពុំទាន់មានសកម្មភាពល្អប្រសើរដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ នោះទេ។ កត្តានេះហើយដែលធ្វើឱ្យអ្នករកស៊ីនៅក្នុងវិស័យនេះ នៅតែមានការរអ៊ូរទាំ។
ស្របពេលដែលវិស័យទេសចរណ៍របស់កម្ពុជានៅឆ្នាំ២០២៤ បានត្រឡប់ទៅរកស្ថានភាពល្អប្រសើរឡើងវិញដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា រំពឹងថា វិស័យទេចរណ៍កម្ពុជានៅក្នុងឆ្នាំ២០២៥ នេះ នឹងកាន់តែមានភាពល្អប្រសើរជាងឆ្នាំមុន ប្រសិនបើគ្មានបាតុភូតអាក្រក់ណាមួយកើតឡើងថែមទៀត ស្របពេលដែលភាពតានតឹងរបស់ប្រទេសមហាអំណាចធំៗនៅលើពិភពកលោកកំពុងមានការប្រែប្រួលកាន់តែខ្លាំង។
គួរបញ្ជាក់ថា បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីពេលថ្មីៗ វិស័យទេសចរណ៍កម្ពុជាបានវិលទៅរកស្ថានភាពដូចមុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩ ហើយ ពោលគឺនៅពេញមួយឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦,៧លាននាក់កើនឡើងជិត២៣% បើធៀបនឹងឆ្នាំ២០២៣ និងកើនឡើងប្រមាណ១,៤% បើធៀបនឹងឆ្នាំ២០១៩ ដែលជាឆ្នាំមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ