ក្រុមអ្នកជំនាញ និងអ្នកជំនួញធំៗ បានចាត់ទុកថា តំបន់សេដ្ឋកិច្ចពិសេស គឺពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការទាក់ទាញវិនិយោគិនពីបរទេស ជំរុញផលិតកម្ម និងការនាំចេញ រួមទាំងបង្កើតការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋផងដែរ។
បើតាមរបាយការណ៍ ដែលផ្ដល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញថា ដំណើរការនៃការចុះបញ្ជីគម្រោងវិនិយោគថ្មីៗ នៅកម្ពុជា បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគថ្មីៗ និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៩៨គម្រោង ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ៣ពាន់លានដុល្លារ ដែលអាចបង្កើតឱកាសការងារជាង ៧ម៉ឺនកន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា។ ក្នុងនោះ គម្រោងវិនិយោគចំនួន ១៥គម្រោង គឺបានវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាមួយទុនវិនិយោគសរុប ៣៦០លានដុល្លារ។
ជុំវិញការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះដែរ លោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុនផលិតនំស្រួយលីលី និងជាវិនិយោគិនកំពុងសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា លោកជំទាវបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះឡើង ក្នុងគោលបំណងរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈទាក់ទាញវិនិយោគិនបរទេសឲ្យមកវិនិយោគនៅកម្ពុជា បង្កើតឱកាសការងារជូនពលរដ្ឋក្នុងតំបន់ ក៏ដូចជា ជំរុញនិងលើកទឹកចិត្តដល់អាជីវកម្មខ្នាតតូច និងមធ្យម នៅកម្ពុជាផងដែរ។ បើតាមអ្នកជំនួញ និងជាវិនិយោគិនស្ត្រីដ៏ល្បីឈ្មោះរូបនេះ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំនេះ ស្ថិតលើផ្ទៃដីប្រមាណជាង ៨០០ហិកតា និងមានទីតាំងស្ថិតនៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ដ្បិតថា មិនបានបង្ហាញពីទំហំវិនិយោគ ប៉ុន្ដែ ជំទាវ កែវ មុំ បានសង្កត់ធ្ងន់ថា ដោយសារមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា កាន់តែប្រសើរ ពិសេសភាពធូរស្បើយនៃការរាតត្បាតជំងឺកូវីដ១៩ អាចឲ្យវិនិយោគិនបរទេសសម្លឹងឃើញពីសក្ដានុពលវិនិយោគនៅកម្ពុជា ទើបជំទាវសម្រេចចិត្តបង្កើតគម្រោងវិនិយោគដ៏មួយនេះ។ បច្ចុប្បន្ន គម្រោងនេះ បាននិងកំពុងអនុវត្តជាបណ្ដើរៗ ហើយពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធ ខណៈគម្រោងទាំងមូលអាចនឹងចាប់ផ្ដើម ក្នុងពេលឆាប់ៗខាងមុខ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងរាជ្យបណ្ឌិតសភាកម្ពុជា បានកត់សម្គាល់ឃើញថា ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រវាងប្រទេសកម្ពុជា និងបណ្ដាប្រទេសដទៃក្នុងតំបន់ ហាក់មិនសូវមានភាពខុសគ្នាប៉ុន្មាន នោះទេ ព្រោះគោលបំណងនៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេស សុទ្ធតែមានគោលបំណងសម្រួលឲ្យមានភាពងាយស្រួល ទាំងក្រុមវិនិយោគិន និងរាជរដ្ឋាភិបាល។ បន្ថែមលើនោះ លោកបណ្ឌិត ហុង វណ្ណៈ ក៏បានបញ្ជាក់ដែរថា ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងក្រៅតំបន់សេដ្ឋកិច្ចពិសេស ក៏មិនសូវមានភាពខុសគ្នា ប៉ុន្មានដែរ ក៏ប៉ុន្តែ ការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេស វានឹងបង្កនូវភាពងាយស្រួលសម្រាប់វិនិយោគិន និងម្ចាស់អាជីវកម្ម លើការរៀបចំនីតិវិធីច្បាប់មួយចំនួន មានភាពច្បាស់លាស់ ក៏ដូចជា ទទួលបានការលើកទឹកចិត្តបន្ថែមពីរាជរដ្ឋាភិបាល ជាដើម។
យ៉ាងណាក៏ដោយ អ្នកជំនាញ និងអ្នកជំនួញ ក៏បានបង្ហាញនូវសុទិដ្ឋិនិយមផងដែរ ចំពោះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីៗ នៅកម្ពុជា ដោយក្រុមអ្នកជំនាញថា តាមរយៈបង្កើតតំបន់សេដ្ឋកិច្ចពិសេស នឹងកាន់តែអាចទាក់ទាញក្រុមវិនិយោគិនបរទេសបន្ថែមឲ្យមកវិនិយោគនៅកម្ពុជា ពិសេសចូលរួមយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្ដែង បច្ចុប្បន្ន កម្ពុជា មានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៤១តំបន់ ខណៈបណ្ដាខេត្តមួយចំនួនដែលមានតំបន់សេដ្ឋកិច្ចពិសេស និងបណ្ដុំរោងចក្រ សហគ្រាសច្រើនជាងគេ មានដូចជា ខេត្តស្វាយរៀង,បន្ទាយមានជ័យ,កោះកុង,ព្រះសីហនុ និងរាជធានីភ្នំពេញ៕