ពន្ធដារ វិនិយោគិន

កម្ពុជានឹងពិនិត្យដោះស្រាយរឿងក្រុមហ៊ុនមួយឆ្ងល់ថា ហេតុអ្វីផលិតផលខ្លួនដាក់លក់នៅកម្ពុជាត្រូវបង់ពន្ធ ខណៈផលិតផលនាំចូលមិនបង់ពន្ធ?


ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងជួបជជែកជាមួយភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលើសំណើរបស់ក្រុមហ៊ុនផលិតគ្រឿងសង្ហារិម នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតមួយ ដែលមានចម្ងល់ថា ហេតុអ្វីគ្រឿងសង្ហារិមនាំចូលពីប្រទេសសមាជិកអាស៊ានទទួលបានការអនុគ្រោះពន្ធ ប៉ុន្តែផលិតផលដែលផលិតនៅក្នុងស្រុកបែរជាត្រូវគិតពន្ធទៅវិញ។
4
ដោយ

នាឱកាសចុះពិនិត្យមើលវឌ្ឍនភាពក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងក្រុងបាវិត ខេត្តស្វាយរៀង នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះពិនិត្យខ្សែច្រវាក់ផលិតកម្មក្រុមហ៊ុន Shane Furniture Co.,Ltd. ដែលកំពុងវិនិយោគលើការផលិតគ្រឿងសង្ហារិម សម្រាប់នាំចេញទៅក្រៅប្រទេស។ ក្រៅពីពិភាក្សាគ្នាលើបញ្ហាពាក់ព័ន្ធនឹងការវិនិយោគ និងពិនិត្យខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនហើយនោះ ថៅកែក្រុមហ៊ុនផលិតគ្រឿងសង្ហារិមមួយនេះ បានបង្ហាញពីបំណងចង់ដាក់លក់គ្រឿងសង្ហារិមរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា និងបានលើកជាចម្ងល់ទៅកាន់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថាហេតុអ្វីគ្រឿងសង្ហារិមនាំចូលពីប្រទេសសមាជិកអាស៊ានទទួលបានការអនុគ្រោះពន្ធ ក៏ប៉ុន្តែផលិតផលគ្រឿងសង្ហារិមដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិតនេះបែរជាត្រូវគិតពន្ធទៅវិញ។ ទន្ទឹមនឹងនេះក្រុមហ៊ុនផលិតគ្រឿងសង្ហារិមមួយនេះ ក៏បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានការពិនិត្យពិចារណាកុំឱ្យមានការយកពន្ធទៅលើផលិតផលគ្រឿងសង្ហារិមដែលផលិតនៅកម្ពុជាផងដែរ។

ឆ្លើយតបនឹងបញ្ហានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ឯកឧត្តមនឹងលើកយកបញ្ហានេះទៅជជែកជាមួយថ្នាក់ដឹកនាំក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងភាគីពាក់ព័ន្ធ ដើម្បីពិនិត្យលទ្ធភាព និងស្វែងរកដំណោះស្រាយសមស្របណាមួយសម្រាប់ដោះស្រាយបញ្ហានេះ ដើម្បីអាចឱ្យគ្រឿងសង្ហារិមដែលផលិតដោយក្រុមហ៊ុនខាងលើអាចដាក់លក់នៅក្នុងទីផ្សាររបស់កម្ពុជា ដូចផលិតផលនាំចូលពីក្រៅប្រទេស។

យ៉ាងណាក៏ដោយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារូបនេះ បានថ្លែងអំណរគុណជូនចំពោះអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តស្វាយរៀង និងបណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ ដែលបានសម្រេចចិត្តចូលមកបណ្តាក់ទុន និងបានពង្រីកគម្រោងវិនិយោគរបស់ខ្លួនជាបន្តបន្ទាប់នៅកម្ពុជា ដែលនេះជាការបង្ហាញពីជំនឿទុកចិត្តរបស់ក្រុមហ៊ុនមកលើរាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ស្នើឱ្យបណ្ដាក្រុមហ៊ុនវិនិយោគ និងអ្នកអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាទៅពន្យល់ និងផ្សព្វផ្សាយដោយផ្ទាល់អំពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជានៅក្រៅប្រទេស ដើម្បីទាក់ទាញវិនិយោគិនឱ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

គួរជម្រាបថា តំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តស្វាយរៀង មានចំនួន៩ និងបានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន២១៥គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន១៣២គម្រោង ក្នុងទុនវិនិយោគសរុបចំនួនជិត១ពាន់៩រយលានដុល្លារ និងបានបង្កើតការងារជាង៧ម៉ឺន៥ពាន់កន្លែង៕

None



អត្ថបទបន្ទាប់


អតីតបេក្ខភាពនាយករដ្ឋមន្ត្រី ចង់ធ្វើឱ្យថៃក្លាយជារ៉ាដាសម្រាប់អន្តរជាតិ

លោក ភីថា លីមចារ៉ើនរ៉ាត់ អតីតបេក្ខភាពនាយករដ្ឋមន្ត្រីនៃគណបក្សឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតកាលពីខែឧសភា តែមិនអាចដឹកនាំរដ្ឋាភិបាល បានអះអាង…

អ្នកគាំទ្រប៉ាឡេស្ទីន ស្រែកទាមទារឱ្យសភាអាម៉េរិក ឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល

សម្រែងរបស់ក្រុមអ្នកតវ៉ាគាំទ្រប៉ាឡេស្ទីន ជាច្រើននាក់បានផ្ទុះឡើងនៅក្នុងសនវការសភាអាម៉េរិក ដោយទាមទារឱ្យរដ្ឋបាលលោក ចូ បៃដិន បញ្ឈប់ការផ្តល់ជំន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ