ដោយផ្អែកលើលំហូរពាណិជ្ជកម្មតែមួយច្រកនោះ រដ្ឋាភិបាលក្រុងប៉េកាំងអាចនឹងបាត់បង់ជាច្រើនបន្ទាប់ពីការជជែកតាមវីដេអូអនឡាញរយៈជិត២ម៉ោងរវាងលោក Biden និងលោក Xi កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ដោយសេតវិមានបានបញ្ជាក់ថា ការដាក់ទណ្ឌកម្មលើប្រទេសចិន គឺជាជម្រើសមួយរបស់អាមេរិក ក៏ដូចជាសម្ព័ន្ធមិត្តអាមេរិក ប្រសិនបើចិនពិតជាជួយរុស្ស៊ីនៅក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនមែននោះ។
ទោះបីជាមានទំនាក់ទំនងពាណិជ្ជកម្មកើនឡើងជាមួយតំបន់អាស៊ីអាគ្នេយ៍ និងមានសេដ្ឋកិច្ចដែលមិនសូវពឹងផ្អែកលើពាណិជ្ជកម្មក្នុងរយៈពេលមួយទសវត្សរ៍មកនេះក៏ដោយ ក៏ផលប្រយោជន៍សេដ្ឋកិច្ចរបស់ប្រទេសចិននៅតែមានភាពច្របូកច្របល់យ៉ាងខ្លាំងពិសេសចំពោះប្រជាធិបតេយ្យដែលលោកខាងលិចចង់បាន។ នេះបើតាមទិន្នន័យពាណិជ្ជកម្មដែលបានបង្ហាញដោយទីភ្នាក់ងារ Reuters។
បើតាមអ្នកវិភាគបានឱ្យដឹងថា បើចិនជ្រើសយកការឈរនៅខាងសម្ព័ន្ធមិត្តនយោបាយរុស្ស៊ី នោះវានឹងមានន័យផ្នែកសេដ្ឋកិច្ចតិចតួចសម្រាប់ប្រទេសចិន ដោយសារតែសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបនៅតែជាទីផ្សារប្រើប្រាស់ជាងមួយភាគបីនៃការនាំចេញរបស់ចិន។
លោក Chad Bown អ្នកស្រាវជ្រាវនៅវិទ្យាស្ថានសេដ្ឋកិច្ចអន្តរជាតិភឺធឺសុន (Peterson Institute for International Economics) មានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន ដែលបានតាមដានពាណិជ្ជកម្មចិនយ៉ាងជិតដល់នោះបាននិយាយថា ដើម្បីសេដ្ឋកិច្ចប្រសិនបើចិនត្រូវធ្វើការជ្រើសរើសរវាងរុស្ស៊ីនៅក្នុងចំណោមប្រទេសផ្សេងទៀតនោះ លោកគិតថា វាមិនមែនជាគំនិតសម្រាប់ប្រទេសចិននោះទេ ក្នុងការជ្រើសរើសនេះ ព្រោះសេដ្ឋកិច្ចចិនបានជាប់ទាក់ទងនឹងសេដ្ឋកិច្ចនៃប្រទេសលោកខាងលិចទាំងអស់រួចទៅហើយ។
យ៉ាងណាមិញ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ឈីន កាង (Qin Gang) កាលពីថ្ងៃអាទិត្យបាននិយាយសង្កត់ធ្ងន់លើទំនាក់ទំនងជិតស្និទ្ធរបស់ចិនជាមួយរុស្ស៊ី ដោយបានឆ្លើយនឹងសំណួរថា តើទីក្រុងប៉េកាំងនឹងផ្តល់ជំនួយហិរញ្ញវត្ថុដល់ទីក្រុងម៉ូស្គូរឺយ៉ាងណា នៅក្នុងអំឡុងសង្គ្រាមនៅអ៊ុយក្រែនេះ? លោក កាង បានប្រាប់ថា ប្រទេសចិនមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងថាមពលធម្មតាជាមួយរុស្ស៊ី។ សហប្រតិបត្តិការទាំងនេះ គឺជាអាជីវកម្មធម្មតារវាងប្រទេសដែលមានអធិបតេយ្យភាព២ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ។ ទោះយ៉ាងណា ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកក៏បានអះអាងដែរ ចិននឹងមិនផ្ដល់សព្វាវុធទៅឲ្យរុស្ស៊ីនោះឡើយ។
ការដាក់គោលដៅលើទីក្រុងប៉េកាំងជាមួយប្រភេទនៃទណ្ឌកម្មសេដ្ឋកិច្ចទូលំទូលាយដូចដែលគេបានដាក់លើប្រទេសរុស្ស៊ីនោះ នឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់សហរដ្ឋអាមេរិកនិងទូទាំងពិភពលោកដោយសារប្រទេសចិន គឺជាមហាអំណាចសេដ្ឋកិច្ចទីពីរនិងជាប្រទេសនាំចេញធំបំផុតក្នុងពិភពលោក។
អ្នកជំនាញវិភាគផ្នែកភូមិសាស្ត្រនយោបាយពិភពលោកមួយចំនួន ត្រូវបានស្រង់សម្ដីដោយសារព័ត៌មាន South China Morning Post បានឲ្យដឹងនាពេលថ្មីៗនេះដែរ ប្រសិនបើលោកខាងលិចដាក់ទណ្ឌកម្មទៅលើចិនមែននោះ វាក៏នឹងរឹងរុញឲ្យចិនកាន់តែខិតជិតស្និទ្ធកាន់តែខ្លាំងឡើងជាមួយរុស្ស៊ីបន្ថែមទៀតដែរ។
ស្របពេលដែលសេដ្ឋកិច្ចរបស់ចិនបានឡើងដល់ ១៦ទ្រីលានដុល្លារក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយនេះ ពេលនេះការពឹងផ្អែករបស់ចិនទៅលើពាណិជ្ជកម្មជាមួយប្រទេសផ្សេងទៀតសម្រាប់សុខុមាលភាពសេដ្ឋកិច្ចរបស់ខ្លួននោះ បានថយចុះជាបណ្ដើរៗហើយ ខណៈដែលពលរដ្ឋចិនក្លាយជាអ្នកមានកាន់តែច្រើន ហើយការប្រើប្រាស់ទំនិញនិងសេវាកម្មក្នុងស្រុកកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសចិន។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសចិននៅតែពឹងផ្អែកខ្លាំងលើពាណិជ្ជកម្មប្រហែល ៣៥% នៃផលិតផលក្នុងស្រុកសរុប ពោលគឺច្រើនជាងសហរដ្ឋអាមេរិកដែលមានត្រឹមតែ២៣% និងជប៉ុនដែលមាន តែត្រឹម៣១%ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា