អ៊ីតាលីបោះឆ្នោតប្រឆាំនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ប្រើប្រាស់រថយន្ដប្រាស់ប្រេងឥន្ធនៈ

អ៊ីតាលីបោះឆ្នោតប្រឆាំនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ប្រើប្រាស់រថយន្ដប្រាស់ប្រេងឥន្ធនៈ


ប្រទេសអ៊ីតាលីមានបំណងនឹងបោះឆ្នោតប្រឆាំងនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការបិទខ្ទប់មិនឲ្យមានការលក់រថយន្ដដែលប្រើប្រាស់ប្រេងឥន្ធនៈឲ្យបាននៅក្នុងរយៈពេល១២ឆ្នាំខាងមុខ។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីថាមពលរបស់អ៊ីតាលី កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ ហេតុអ្វីក៏ប្រទេសអ៊ីតាលី មិនយល់ស្របជាមួយសហភាពអឺរ៉ុប? នោះក៏ដោយសារតែអ៊ីតាលី ជឿថា ជម្រើសលុបបំបាត់រថយន្ដប្រើប្រាស់ប្រេងឥន្ធនៈ ដោយងាកមកប្រើរថយន្ដអគ្គិសនីជំនួសវិញនោះ គឺមិនមែនជាជម្រើសតែមួយគត់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអ៊ុកស៊ីតទៅក្នុងបរិយាកាសនោះទេ។
អ៊ីតាលីបោះឆ្នោតប្រឆាំនឹងផែនការរបស់សហភាពអឺរ៉ុបក្នុងការហាមឃាត់ប្រើប្រាស់រថយន្ដប្រាស់ប្រេងឥន្ធនៈ

ច្បាប់ដែលទើបតែបានអនុម័តដោយសភាអឺរ៉ុបនៅក្នុងខែកុម្ភៈកន្លងទៅនេះ គឺបានតម្រូវថា នៅត្រឹមឆ្នាំ២០៣៥ ក្រុមហ៊ុនផលិតរថយន្ដ ត្រូវតែកាត់បន្ថយឲ្យបាន ១០០% នៃការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីរថយន្ដថ្មីដែលខ្លួនលក់ ពោលគឺ ក្រុមហ៊ុននឹងមិនអាចលក់រថយន្ដថ្មីដែលប្រើប្រាស់ប្រេងឥន្ធនៈ នៅក្នុងប្រទេសទាំង២៧ នៃសមាជិកសហភាពអឺរ៉ុបបានឡើយនៅត្រឹមឆ្នាំ២០៣៥។

ជុំវិញវិធានការច្បាប់នេះដែរ រដ្ឋមន្ត្រីក្រសួងថាមពលរបស់អ៊ីតាលី គឺលោក Gilberto Pichetto Frantin បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា នៅក្នុងកិច្ចប្រជុំឯអគ្គរដ្ឋទូតនៃប្រទេសសហភាពអឺរ៉ុប នៅទីក្រុងព្រុចស៊ែល ដែលធ្វើឡើងនៅក្នុងមីនានេះ ប្រទេសអ៊ីតាលី នឹងបញ្ជាក់ពីគោលជំហររបស់ខ្លួនប្រឆាំងនឹងបទប្បញ្ញត្តិរបស់អឺរ៉ុប ដែលបានស្នើឡើង ក្នុងការហាមឃាត់ការផលិត និងលក់រថយន្ដប្រភេទគ្រួសារ និងរថយន្ដដឹកទំនិញ ដែលប្រើប្រាស់ប្រេងឥន្ធនៈនៅក្នុងឆ្នាំ២០៣៥ខាងមុខនោះ។

រដ្ឋមន្ត្រីថាមពលរបស់អ៊ីតាលីរូបនេះ បានគូសបញ្ជាក់ទៀតថា សម្រាប់ប្រទេសអ៊ីតាលី គឺជឿថា ជម្រើសប្រើប្រាស់រថយន្ដអគ្គិសនី នឹងមិនអាចជាមធ្យោបាយតែមួយគត់ នៅក្នុងការសម្រេចបាននូវការគ្មានការបំភាយឧស្ម័នកាបូនឌីអុកស៊ីតនោះទេ។

មែនទែនទៅ ប្រទេសហភាពអឺរ៉ុប បានយល់ព្រមនៅលើកិច្ចព្រមព្រៀង ហាមឃាត់លើការផលិត និងប្រើប្រាស់រថយន្ដប្រើប្រេងឥន្ធនៈតាំងពីខែតុលាឆ្នាំមុនមកម្ល៉េះ ប៉ុន្ដែ វានៅត្រូវការការសម្រេចបោះត្រាចុងក្រោយ មុននឹងត្រូវចូលជាធរមាន ហើយការសម្រេចអនុម័តចុងក្រោយលើកិច្ចព្រមព្រៀងនេះ ត្រូវបានរំពឹងថានឹងធ្វើឡើងក្នុងខែមីនានេះ។

រដ្ឋាភិបាលអ៊ីតាលី ធ្លាប់និយាយកាលពីសប្ដាហ៍មុនថា ខ្លួនចង់សហការជាមួយនឹងប្រទេសបារាំង និងអាល្លឺម៉ង់ ដើម្បីប្រើប្រាស់ឥទ្ធិពល និងពន្យឺតល្បឿនៃច្បាប់របស់សហភាពអឺរ៉ុបចំពោះការកាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតចេញពីរថយន្ដតូចៗ និងរថយន្ដដឹកទំនិញនេះផងដែរ៕




អត្ថបទបន្ទាប់


គម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ តម្លៃជាង២៧០លានដុល្លារ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែឧសភាឆ្នាំ២០២៣

ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺជាផ្លូវយុទ្ធសាស្រ្តដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយសម្រួលការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ សម្រេចបាន…

តើអាមេរិកបោះដៃជួយអ្វីខ្លះដល់ប្រទេសតំបន់អាស៊ីកណ្ដាល ដើម្បីកាត់បន្ថយការពឹងផ្អែកលើរុស្ស៊ី?

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអង្គារ ២៨ កុម្ភៈ បានសន្យាថា សហរដ្ឋអាមេរិកនឹងជួយធានាគាំទ្រសម្រាប់ប្រទេសនៅអាស៊ីកណ្តា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ