ប្រទេសជប៉ុន បានក្លាយជាអ្នកវិនិយោគបរទេសធំបំផុតនៅសហរដ្ឋអាម៉េរិក ជាមួយនឹងការបោះទុនវិនិយោគរហូតដល់ទៅ៧៨៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៣ បន្ទាប់មកប្រទេសកាណាដា ជាមួយនឹងការបោះទុនវិនិយោគ៧៥០ពាន់លានដុល្លារ ហើយបន្ទាប់មកទៀត គឺប្រទេសអាល្លឺម៉ង់ និងអង់គ្លេស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេអាស៊ា។
បណ្ដាក្រុមហ៊ុនជប៉ុន បានឈានមុខគេលើការវិនិយោគបរទេសចូលទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៩ មក ជាពេលដែលបណ្ដាក្រុមហ៊ុនជប៉ុន បានវ៉ាឈ្នះបណ្ដាក្រុមហ៊ុនកាណាដា។
ទោះជាយ៉ាងណា អឺរ៉ុបនៅតែជាអ្នកវិនិយោគបរទេសថ្នាក់តំបន់ធំបំផុតនៅលើទឹកដីសហរដ្ឋអាម៉េរិកជាមួយនឹងទុនវិនិយោគរហូតដល់ទៅ៣,៥ទ្រីលានដុល្លារក្នុងឆ្នាំ២០២៣ ឬស្មើនឹងប្រមាណ៦៥% នៃទំហំវិនិយោគផ្ទាល់ពីបរទេស ឬ FDI សរុបចំនួន៥,៤ទ្រីលានដុល្លារ របស់សហរដ្ឋអាម៉េរិក។ សរុបមកការវិនិយោគផ្ទាល់ពីបរទេស ឬ FDI ចូលទៅក្នុងសហរដ្ឋអាម៉េរិក បានកើនឡើង១៦% ពីទំហំ៤,៦ទ្រីលានដុល្លារក្នុងឆ្នាំ២០២០។
ការវិនិយោគបរទេសនៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាម៉េរិក គឺពេញនិយមជាងគេបំផុតដែលគ្របដណ្ដប់រហូតដល់ទៅ៤១% នៃការវិនិយោគបរទេសសរុប ខណៈការវិនិយោគបរទេសក្នុងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រងមានចំណែកគ្របដណ្ដប់ធំបំផុតទី២ ក្នុងរង្វង់ត្រឹមតែ១១%។
សូមបញ្ជាក់ថា នៅក្នុងវិស័យផលិតកម្មរបស់សហរដ្ឋអាម៉េរិក ប្រទេសជប៉ុន បានបោះទុនវិនិយោគភាគច្រើនទៅលើការផលិតសារធាតុគីមី ឧបករណ៍ដឹកជញ្ជូនរួមមានរថយន្ត យន្តហោះ និងនាវាជាដើម ក៏ដូចជាកុំព្យូទ័រ និងគ្រឿងអេឡិចត្រូនិក ផងដែរ៕
ដោយ: តែម សុខុម