តាមរយៈការជជែកដេញដោល ដែលរៀបចំឡើងដោយទូរទស្សន៍ក្នុងស្រុកជប៉ុន NHK ប្រធានខុទ្ធកាល័យគណៈរដ្ឋមន្ត្រីជប៉ុនលោក កាតស៊ូណូប៊ូ កាតូ (Katsunobu Kato) បានមានប្រសាសន៍ថា៖ ដំបូងបំផុតរដ្ឋាភិបាលជប៉ុនត្រូវតែសហការជាមួយប្រជាពលរដ្ឋតាមគ្រប់វិធីសាស្ត្រ រាប់ចាប់តាំងពីវិធានការសុវត្ថិភាព រហូតដល់យុទ្ធនាការចាក់វ៉ាក់សាំង ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលរបស់កូវីដ១៩ រួចទើបរដ្ឋាភិបាលក្រុងតូក្យូចាប់ផ្តើមផ្តល់ជំនួយបន្ថែមសម្រាប់ពលរដ្ឋ និងសម្រាប់អាជីវកម្មដែលរងគ្រោះ។
លោក កាតស៊ូណូប៊ូ កាតូ បន្តទៀតថា រដ្ឋាភិបាលជប៉ុន នឹងមិនស្ទាក់ស្ទើរក្នុងការដាក់ចេញវិធានការស្តារសេដ្ឋកិច្ច ជាពិសេសការបន្ថែមកញ្ចប់ថវិកានោះទេ ធ្វើយ៉ាងកុំឲ្យសេដ្ឋកិច្ចជប៉ុនរងផលប៉ះពាល់ខ្លាំង។
យ៉ាងណាមិញ លោកមិនបានបញ្ជាក់លម្អិតនោះទេថា អ្វីជាវិធានការស្តារសេដ្ឋកិច្ច ហើយក៏មិនបានបញ្ជាក់ផងដែរ ជុំវិញទំហំទឹកប្រាក់ក្នុងកញ្ចប់ថវិកាស្តារសេដ្ឋកិច្ចថ្មីនេះ។
គួរជម្រាបថា ការបង្ហើបពីការទម្លាក់កញ្ចប់ថវិកានេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវពីមន្ត្រីក្នុងជួររដ្ឋាភិបាលជប៉ុនកាលពីពេលថ្មីៗនេះ ឲ្យផ្តល់ថវិកាប្រមាណ៣០ទ្រីលានយេន ឬស្មើនឹងប្រមាណ ២៧០ពាន់លានដុល្លារអាមេរិកថែមទៀត សម្រាប់ទប់ទល់នឹងវិបត្តិកូវីដ-១៩។
ជប៉ុនជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣ក្នុងពិភពលោក រំពឹងថាវិស័យសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញប្រសើរជាងមុន ក្រោយដាំក្បាលចុះអស់ ៣,៩%កាលពីត្រីមាសទី១ឆ្នាំនេះ ប៉ុន្តែអ្នកវិភាគរំពឹងថាការងើបឡើងវិញ នឹងមានល្បឿនយឺត ក្រោយមើលឃើញពីភាពទន់ខ្សោយនៃវិស័យសេវាកម្ម និងការបញ្ជាទិញរបស់ពលរដ្ឋ។
សូមបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនកាលពីសប្តាហ៍មុនបានសម្រេចបន្តការដាក់ប្រទេសក្នុងភាពអាសន្នបន្តទៀត ដោយនឹងរាប់ចាប់ពីថ្ងៃច័ន្ទនេះរហូតដល់ថ្ងៃទី២២ខែសីហា ស្របពេលដែលវិធានការទប់ទល់នឹងកូវីដ១៩នៅបន្តធ្វើឡើងដដែល ដោយហេតុថាកូវីដ១៩នៅជប៉ុន ពិសេសក្នុងក្រុងតូក្យូមិនបានបង្ហាញពីសញ្ញាថមថយនោះទេ។
នេះគឺជាលើកទី៤ហើយ ដែលរដ្ឋាភិបាលជប៉ុនបន្តដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលព្រឹត្តិការណ៍កីឡាអូឡាំពិកនឹងចូលមកដល់ក្នុងពេលមិនដល់២សប្តាហ៍ទៀតនោះទេ ជាមួយនឹងការហាមប្រាមការចូលទស្សនារបស់អ្នកគាំទ្រទាំងអស់៕