ទាក់ទងនឹងការវិនិយោគក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចជប៉ុនបាននិយាយថា ការពង្រឹងសមត្ថភាពរបស់អាស៊ាន ជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ពិភពលោក និងការបង្កើនភាពទាក់ទាញរបស់អាស៊ាន គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយឈរលើទស្សនៈវិស័យនៃភាពធន់របស់សេដ្ឋកិច្ចជប៉ុន។
ប្រទេសជប៉ុនបានចំណាយប្រហែល ៣០០ លានដុល្លារអាមេរិកដល់ការគាំទ្រការវិនិយោគទុនរបស់ក្រុមហ៊ុនចំនួន ៩២ នៅអាស៊ាន ហើយក៏នឹងគ្រោងបន្តការគាំទ្របន្ថែមនៅឆ្នាំ២០២២នេះផងដែរ។
លោកបានគូសបញ្ជាក់បន្ថែមថា ការវិនិយោគក្នុងការគ្រប់គ្រងខ្សែចង្វាក់ផ្គត់ផ្គង់ឌីជីថលក៏នឹងត្រូវបានលើកកម្ពស់ផងដែរ ដោយជំហានដំបូងជប៉ុននឹងផ្តល់ជំនួយដែលមានតម្លៃប្រហែល ៩ លានដុល្លារក្នុងការវិនិយោគនេះ។ ដូច្នេះ ទឹកប្រាក់ប្រហែល ៩ លានដុល្លារនេះ នឹងត្រូវបានផ្តល់ជូនដើម្បីលើកកម្ពស់ភាពជាដៃគូរវាងធុរកិច្ចជប៉ុន-អាស៊ាន។
លើសពីនេះទៀត ជប៉ុនក៏នឹងបន្តវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង រួមជាមួយនឹងការតភ្ជាប់ផ្នែកទន់នៅអាស៊ាន ដែលវានឹងរួមចំណែកដល់ការអភិវឌ្ឍឌីជីថលសម្រាប់នីតិវិធីពាណិជ្ជកម្មផងដែរ។
សម្រាប់ការវិនិយោគនៅក្នុងដំណាក់បន្ទាប់នៅអាស៊ាន ត្រូវបានគេជឿថា នឹងផ្ដោតខ្លាំងទៅលើឧស្សាហកម្មថ្មី និងការច្នៃប្រឌិតនវានវត្ដន៍ ឌីជីថល ដែលទាក់ទងនឹងការកសាងសង្គមប្រកបដោយចីរភាព។
ទន្ទឹមនេះ រដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា ការវិនិយោគលើធនធានមនុស្សនាពេលអនាគតក៏នឹងត្រូវបានជំរុញផងដែរ។ ដោយក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ប្រទេសជប៉ុនសង្ឃឹមថានឹងពង្រីកការគាំទ្រដើម្បីផ្តល់ឱកាសដល់អ្នកជំនាញអាស៊ីដែលមានជំនាញខ្ពស់ចំនួន ៥ម៉ឺននាក់ ដើម្បីស្វែងរកការងារនៅក្នុងក្រុមហ៊ុនជប៉ុននៅអាស៊ីក៏ដូចជានៅប្រទេសជប៉ុនផងដែរ។
សូមជម្រាបថា នៅ២ឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាប្រហែល ៨ លានដុល្លារ ដល់គម្រោងថ្មីចំនួន ៤០ ដើម្បីគាំទ្រសម្ព័ន្ធភាពរបស់ក្រុមហ៊ុនជប៉ុន និងក្រុមហ៊ុនអាស៊ានដែលផ្តល់ដំណោះស្រាយចំពោះបញ្ហាសង្គមក្នុងតំបន់៕
អត្ថបទ ស៊ើង និមល់