លិខិតឆ្លងដែនវ៉ាក់សាំង

ជប៉ុនកំពុងរៀបចំលិខិតឆ្លងដែនវ៉ាក់សាំង ដោយមានការទទួលស្គាល់ពី ១០ប្រទេស


ប្រទេសជប៉ុនកំពុងបង្កើតឲ្យមានការរៀបចំលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងកូវីដ-១៩ ដោយមានការទទួលស្គាល់ពីប្រទេសចំនួន១០ រួមទាំង អ៊ីតាលី បារាំង និងក្រិចផងដែរ ខណៈដែលគម្រោងបង្កើតលិខិតឆ្លងដែនថ្មីៗនេះ នឹងត្រូវចាប់ផ្ដើមឡើងនៅចុងខែកក្កដាខាងមុខនេះ។ ប្រសិនបើគម្រោងនេះសម្រេចបានជោគជ័យ នោះអ្នកដំណើរដែលតេស្តអវិជ្ជមានកូវីដ-១៩នឹងទទួលបានការលើកលែងការធ្វើចត្តាឡីស័កនៅពេលដែលពួកគេធ្វើដំណើរចេញពីប្រទេសជប៉ុនទៅកាន់បណ្ដាប្រទេសនានាដែលបានទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងនេះ។ នេះបើតាមរដ្ឋាភិបាលជប៉ុនបញ្ជាក់ប្រាប់សារព័ត៌មាន Kyodo។
ជប៉ុនកំពុងរៀបចំលិខិតឆ្លងដែនវ៉ាក់សាំង (រូបភាព៖ រ៉យទ័រ)

បើទោះបីជប៉ុន អនុញ្ញាតឲ្យពលរដ្ឋខ្លួនអាចធ្វើដំណើរចេញទៅក្រៅប្រទេស ជាមួយនឹងលិខិតបញ្ជាក់ពីការបានចាក់វ៉ាក់សាំងក៏ដោយ ប៉ុន្ដែ សម្រាប់អ្នកដំណើរពីក្រៅប្រទេសចូលមក ប្រទេសជប៉ុនវិញ គឺនៅតែមានការតម្រូវឲ្យគោរពតាមលក្ខខណ្ឌនៃវិធានការគ្រប់គ្រងកូវីដ-១៩របស់រដ្ឋាភិបាលជប៉ុនដែលបានដាក់ចេញដដែល ដោយក្នុងនោះ គឺពួកគេត្រូវតែធ្វើចត្តាឡីស័ករយៈពេល ២សប្ដាហ៍ បើទោះបីជា ពួកគេបានចាក់វ៉ាក់សាំងគ្រប់ចំនួនរួចហើយក៏ដោយ។

ការរឹតត្បិតនេះ ក៏បានធ្វើឲ្យរដ្ឋាភិបាលជប៉ុន កំពុងពិបាកក្នុងការចរចាជាមួយនឹងប្រទេសផ្សេងទៀត ដូចជាសិង្ហបុរី និង អ៊ីស្រាអែលជាដើម ដែលជាទូទៅ ប្រទេសទាំងអស់តែងតែចង់បានការលើកលែងទៅវិញទៅមក ចំពោះការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរ។

ប្រទេសជប៉ុន បច្ចុប្បន្ន កំពុងឈរពីក្រោយអាមេរិក អង់គ្លេស និង អ៊ីស្រាអែល ដែលមានការចាក់វ៉ាក់សាំងកូវីដ-១៩ បានច្រើនសម្រាប់ពលរដ្ឋខ្លួន ខណៈដែលប្រទេសនេះ ត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែង ចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនឲ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន ពោលគឺឲ្យបានមុនថ្ងៃប្រារព្ធកីឡាអូឡាំពិក ដែលនឹងចាប់ផ្ដើមឡើងនៅថ្ងៃទី ២៣ខែកក្កដាខាងមុខនេះ។ ទោះបីមានការសម្រុកចាក់វ៉ាក់សាំង ប៉ុន្តែការដាក់ភាពអាសន្ននៅតាមតំបន់មួយចំនួននៅជប៉ុន នៅតែបន្ដដូចជា នៅទីក្រុងតូក្យូជាដើម ដ្បិតថា មានក្ដីបារម្ភពីការរាតត្បាតនៃមេរោគបំប្លែងខ្លួនថ្មី ឌែលតា។

សូមបញ្ជាក់ថា ថ្មីៗនេះ សហភាពអឺរ៉ុបបានបង្កើតឲ្យមានលិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំង ប្រភេទឌីជីថល សម្រាប់ផ្ដល់ជូនពលរដ្ឋរបស់ខ្លួន ហើយលិខិតឆ្លងដែននេះ គឺអនុញ្ញាតឲ្យមានការលើកលែងការធ្វើតេស្ដរកកូវីដ-១៩ និង ការធ្វើចត្តាឡីស័ក សម្រាប់ដំណើរចេញចូលប្រទេសដែលជាសមាជិកសហភាពអឺរ៉ុប។

 ក្រៅពីអឺរ៉ុប ថ្មីៗនេះ ថៃក៏ទើបតែបានបើកឲ្យភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំងរួចអាចធ្វើដំណើរកម្សាន្ដនៅលើកោះភូកេតរបស់ខ្លួនបានផងដែរ។

យ៉ាងណាក៏ដោយចុះ អង្គការសុខភាពពិភពលោក នៅមិនទាន់ទទួលស្គាល់ ឬឯកភាព ឲ្យមានការប្រើប្រាស់លិខិតឆ្លងដែនបញ្ជាក់ពីការបានចាក់វ៉ាក់សាំងនេះនៅឡើយទេ បើទោះបីជាប្រទេស និងតំបន់មួយចំនួនកំពុងទទួលស្គាល់ក៏ដោយ។ ការមិនទាន់ទទួលស្គាល់របស់អង្គការសុខភាពពិភពលោកនេះ ត្រូវបានគេមើលឃើញថា ក៏ដោយសារថា ការទទួលបានការចាក់វ៉ាក់សាំងនៅទូទាំងពិភពលោកនៅមិនទាន់ធានាបាននូវភាពស្មើគ្នានៅឡើយទេ៕

None



អត្ថបទបន្ទាប់


ថៃនឹងបន្ធូរបន្ថយការរឹតបន្តឹងវិធានការតាមការដ្ឋានសំណង់ចាំបាច់មួយចំនួន

រដ្ឋាភិបាលថៃគ្រោងនឹងអនុញ្ញាតឲ្យការដ្ឋានសំណង់ចាំបាច់មួយចំនួនតូចនៅក្រុងបាងកក និង ខេត្តជុំវិញនោះ អាចបើកដំណើរការឡើងវិញជាបណ្តើរៗបាន បើទោះ…

អាជ្ញាធរចិនបង្ក្រាបក្រុមហ៊ុនបច្ចេកវិទ្យា Didi ក្រោយឡើងផ្សារភាគហ៊ុននៅអាមេរិក

ទើបតែបានបោះផ្សាយលក់ភាគហ៊ុននៅផ្សារភាគហ៊ុនញូសយ៉កសហរដ្ឋអាមេរិក មិនទាន់បានប៉ុន្មានថ្ងៃផង ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន គឺ Didi ដែលជាក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ