ជប៉ុនកាត់បន្ថយការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី

ប្រទេសជប៉ុនកាត់បន្ថយការពឹងផ្អែកលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី


ប្រទេសជប៉ុនបានកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី ដោយសារតែក្រុមហ៊ុនផលិតថាមពល និងអ្នកទិញផ្សេងៗទៀត បានខំប្រឹងស្វែងរកប្រភពផ្សេងៗគ្នា សម្រាប់ការនាំចូលឥន្ធនៈ។ ក្រុមហ៊ុនជប៉ុនមួយចំនួនបាននាំចូលធ្យូងថ្មមកពីប្រទេសឥណ្ឌូនេស៊ី ហើយក្រុមហ៊ុនខ្លះទៀតក៏បាននាំវាចូល ពីប្រទេសអាហ្វ្រិកខាងត្បូងផងដែរ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន នីកេអេស៊ា។
ជប៉ុនកាត់បន្ថយការនាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ី

ទិន្នន័យស្ដីពីពាណិជ្ជកម្មរបស់ក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញថា ប្រទេសជប៉ុនបាននាំចូលធ្យូងថ្មចំនួន ២៣ ម៉ឺនតោន មកពីប្រទេសរុស្ស៊ីនៅក្នុងខែកុម្ភៈ ពោលគឺ ៧៣% តិចជាងការនាំចូលនៅក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលធ្យូងថ្មរុស្ស៊ីមានចំនួនត្រឹមតែ ២% នៃការនាំចូលសរុប ដោយបានធ្លាក់ចុះពីអត្រា ៩% កាលពីឆ្នាំមុន។

ការធ្លាក់ចុះនេះបានបង្ហាញពីវឌ្ឍនភាពរបស់ប្រទេសជប៉ុន ដូចអ្វីដែលក្រុមប្រទេសជឿនលឿន៧ (ជី៧) បានធ្វើការសន្យាកាលពីឆ្នាំ២០២២ ក្នុងការបញ្ឈប់ឬហាមឃាត់ពាណិជ្ជកម្មធ្យូងថ្មរបស់រុស្ស៊ី ដែលជាប្រភពប្រាក់ចំណូលដ៏សំខាន់សម្រាប់ទ្រទ្រង់សង្គ្រាមរបស់ទីក្រុងម៉ូស្គូនៅអ៊ុយក្រែន។

ប្រទេសជប៉ុនបាននាំចូលធ្យូងថ្មមកពីប្រទេសរុស្ស៊ីក្នុងចំនួនសរុបប្រហែល ៦,៥ លានតោន ពីខែមេសា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ ២០២៣ គឺបានថយចុះ ៤៥%។

ចំណែកការនាំចូលធ្យូងថ្មមកពីប្រទេសឥណ្ឌូនេស៊ីវិញ គឺបានកើនឡើង ២៨% ក្នុងអំឡុងពេលដូចគ្នាដែលធ្វើឱ្យឥណ្ឌូនេស៊ីជែងដាច់រុស្ស៊ី ដើម្បីក្លាយជាអ្នកផ្គត់ផ្គង់ធំបំផុតទី២របស់ជប៉ុន។ កាលពីមុនសង្គ្រាមនៅអ៊ុយក្រែន ឥណ្ឌូនេស៊ីឈរនៅចំណាត់ថ្នាក់ទី៣ក្នុងការនាំចេញធ្យូងថ្មទៅជប៉ុន។ ទន្ទឹមនឹងនេះដែរ ការនាំចូលធ្យូងថ្មមកពីប្រទេសកាណាដាបានកើនឡើងទ្វេដងខណៈដែលធ្យូងថ្មមកពីប្រទេសអាហ្វ្រិកខាងត្បូងបានកើនឡើងប្រហែល៦ដងឯណោះ។

ផ្ទុយទៅវិញ ការនាំចូលឧស្ម័នធម្មជាតិរាវមកពីរុស្ស៊ីបានធ្លាក់ចុះត្រឹមតែប្រហែល ២០% ប៉ុណ្ណោះកាលពីខែកុម្ភៈឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារជប៉ុនមានការលំបាកក្នុងការស្វែងរកប្រភពឧស្ម័នធម្មជាតិរាវ (LNG) មកជំនួសឧស្ម័នរបស់រុស្ស៊ី។

សូមរំលឹកថា នៅខែមេសា ឆ្នាំ២០២២ រដ្ឋាភិបាលជប៉ុនបានកំណត់កាត់បន្ថយការពឹងផ្អែកលើការនាំចូលធ្យូងថ្មរបស់រុស្ស៊ី ហើយក្រុមហ៊ុនថាមពលជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងមួយនេះ។ ធ្យូងថ្មនាំចូលពី ៦០% ទៅ ៧០% ដឹកឆ្ពោះទៅប្រើសម្រាប់ការផលិតអគ្គិសនី។ ប្រទេសរុស្ស៊ីគឺជាអ្នកផ្គត់ផ្គង់ធំទី២របស់ជប៉ុនក្នុងឆ្នាំសារពើពន្ធ២០២១ បន្ទាប់ពីប្រទេសអូស្ត្រាលី។

កម្លាំងនៃការផ្គត់ផ្គង់ និងតម្រូវការបានជំរុញឱ្យតម្លៃធ្យូងថ្មកើនឡើង បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែនបានចាប់ផ្តើម ដែលធ្វើឱ្យជប៉ុនប្រឈមមុខនឹងបញ្ហាផ្ទាល់ខ្លួនលើការនាំចូលវត្ថុធាតុផលិតថាមពលមួយនេះ។

តម្លៃនាំចូលជាមធ្យមរបស់ជប៉ុនសម្រាប់ធ្យូងថ្ម បានកើនឡើងដល់ប្រហែល ៣៧៨ ដុល្លារក្នុង១តោន ពីខែមេសា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ គឺបានកើនឡើងជិត៣ដង បើធៀបនឹងតម្លៃក្នុងពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាក៏ដោយ តម្លៃធ្យូងថ្មអន្តរជាតិបានធូរស្រាលជាងមុននៅឆ្នាំនេះ ប៉ុន្តែធ្យូងថ្មអូស្ត្រាលីបានហក់ឡើងក្នុងតម្លៃ ២០០ ដុល្លារក្នុងមួយតោននៅចុងខែកុម្ភៈ ដែលវានៅតែកើនឡើងជិតទ្វេដង បើធៀបនឹងឆមាសទី១នៅក្នុងឆ្នាំ២០២១៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីការបរទេសអាមេរិកគ្រោងទស្សនកិច្ចនៅវៀតណាមនៅសប្តាហ៍ក្រោយ

សមាជិកព្រឹទ្ធអាមេរិកលោក ចេហ្វ មើកលី ( Jeff Merkley ) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហាណូយកាលពីថ្ងៃសៅរ៍ ទី ៨ មេសា ថា រដ្ឋមន្ត្រីកា…

ចិនធ្វើសមយុទ្ធយោធា៣ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់ ឆ្លើយបតនឹងជំនួបមេដឹកនាំតៃវ៉ាន់ជួបជាមួយប្រធានសភាអាមេរិក

ប្រទេសចិនបានចាប់ផ្តើមសមយុទ្ធយោធានជុំវិញកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍នៅក្នុងអ្វីដែលខ្លួនហៅថា «ការព្រមានយ៉ាងដាច់អហង្ការ» ចំពោះរដ្ឋាភិបាលកោះនេះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ