ទីតាំងចាក់វ៉ាក់សាំងធំៗជាច្រើន ត្រូវបានដាក់ឲ្យបម្រើការសម្រាប់កម្មវិធីចាក់វ៉ាក់សាំងក្នុងទីក្រុងធំៗចំនួនពីររបស់ជប៉ុន មានដូចជា ទីក្រុងតូក្យូ និង អូសាកា។ កម្មវិធីចាក់វ៉ាក់សាំងលើកនេះ នឹងធ្វើឡើងជារៀងរាល់ថ្ងៃតែម្តង ដើម្បីផ្តល់ល្បឿនដល់ការចាក់វ៉ាក់សាំងនៅជប៉ុនដែលកន្លងមកមានភាពយឺតយ៉ាវខ្លាំង ស្របពេលដែលប្រទេសយក្សសេដ្ឋកិច្ចមួយនេះ ក៏កំពុងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩រលកទី៤ផងដែរ។
គួរជម្រាបថា ជប៉ុនជាប្រទេសដែលមានដំណើរការចាក់វ៉ាក់សាំងយឺតយ៉ាវជាងគេបើធៀបនឹងប្រទេសអ្នកមានប្រហាក់ប្រហែលនឹងជប៉ុនផ្សេងទៀត។ ជប៉ុនមានពលរដ្ឋសរុប ១២៥លាននាក់ ប៉ុន្តែក្នុងនោះមានតែ ៤,៤% ដែលទទួលបានវ៉ាក់សាំងដូសទី១ និងមានមិនដល់១%ផង បានទទួលវ៉ាក់សាំងទាំងពីរដូស។
យ៉ាងណាមិញ ទោះបីការចាក់វ៉ាក់សាំងនៅមានភាពយឺតយ៉ាវជាងគេ បូករួមនឹងរវល់ជាប់ដៃប្រយុទ្ធនឹងកូវីដ-១៩រលកទី៤ក្តី ក៏រដ្ឋាភិបាលជប៉ុនមិនរារែកក្នុងការប្រារព្ធព្រឹត្តិការណ៍កីឡាអូឡាំពិកនោះទេ គឺនៅតែប្តេជ្ញាបន្ដធ្វើដូចការគ្រោងទុក។ ខណៈដែរព្រឹត្តិការណ៍អូឡាំពិកកំពុងខិតជិតមកដល់ ស្របពេលដែលប្រទេសជប៉ុនកំពុងស្ថិតក្រោមស្ថានភាពអាសន្ននៅឡើយ ភាពចម្រូងចម្រាស់ទាក់ទិនបញ្ហាការរៀបចំអូឡាំពិក នៅតែជាប្រធានបទជជែកពិភាក្សាដ៏តានតឹងក្នុងសាធារណមតិនៅក្នុងប្រទេសនេះ។
ជាក់ស្តែង មហាសេដ្ឋីជនជាតិជប៉ុនឈ្មោះ មាសាយូសិ សុន នាយកប្រតិបត្តិក្រុមហ៊ុនយក្ស Soft Bank បានព្រមានពីគ្រោះថ្នាក់ដែលអាចកើតមាន ជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ។
លោក មាសាយូសិ សុន បានព្រមានចំៗថា ការចាក់វ៉ាក់សាំងដ៏យឺតយ៉ាវ និងដំណើរការចាក់វ៉ាក់សាំងតក់ក្រហល់ នៅមុនពេលតែពីរខែដែលអូឡាពិកចូលមកដល់នេះ កំពុងធ្វើឲ្យអាយុជីវិតប្រជាជនជប៉ុនប្រឈមនឹងហានិភ័យ។
លោកបាននិយាយបែបរិះគន់រដ្ឋាភិបាលជប៉ុនផង និងគណៈកម្មការអូឡាំពិកអន្តរជាតិផង ដោយចោទសួរចំៗថា បច្ចុប្បន្នមានប្រជាជនជប៉ុនជាច្រើនចង់ឲ្យមានការលើកពេល ឬរំសាយកីឡាអូឡាំពិក ប៉ុន្តែហេតុអ្វី គណៈកម្មការអូឡាំពិកអន្តរជាតិមិនព្រមគិតគូរថាគួររំសាយ ឬយ៉ាងណានោះ?
សូមបញ្ជាក់ថា បើតាមការស្ទង់មតិ មានប្រជាជនជប៉ុនដល់ជាង ៧០%ទៅហើយចង់ឲ្យរដ្ឋាភិបាលលើកពេល ឬលុបការប្រារព្ធកីឡាអូឡាំពិកចោលតែម្តង។ សូមបញ្ជាក់ថា បើមិនមានអ្វីប្រែប្រួលទេ កីឡាអូឡាំពិកនៅជប៉ុន នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី ២៣ខែកក្កដាខាងមុខនេះហើយ៕