
គម្រោងសាងសង់ឡអគ្គិសនី ដើរដោយចំហេះអង្កាមនេះ មានសមត្ថភាពផលិតអគ្គិសនីប្រមាណ ២ មេកាវ៉ាត់ក្នុងមួយម៉ោង ហើយអាចធ្វើប្រតិបត្តិការរយៈពេល ១០ឆ្នាំ។
បើតាមការប្រកាសព័ត៌មានពីសហព័ន្ធស្រូវអង្ករកម្ពុជា គម្រោងនេះ គឺមានការគាំទ្រពី រាជរដ្ឋាភិបាលជប៉ុន ដោយជប៉ុននឹងផ្តល់ជំនួយថវិកាតិចជាង ៥០% ឬ ២,៥ លានដុល្លារ សម្រាប់អនុវត្តគម្រោង រីឯថវិកាប្រមាណ ៣,៥ លានដុល្លារផ្សេងទៀត គឺត្រូវការដៃគូពីខាងក្រុមហ៊ុនរោងម៉ាស៊ីនកិន-កែច្នៃ ស្រូវអង្ករក្នុងស្រុក ធ្វើការវិនិយោគរួមគ្នា ឬក៏អាចមានក្រុមហ៊ុនពីប្រទេសជប៉ុនមកចូលរួមបណ្ដាក់ទុនវិនិយោគ ជាមួយក្រុមហ៊ុនក្នុងស្រុកផងដែរ។
ទោះយ៉ាងណា គេនៅមិនទាន់ដឹងថា គម្រោងនេះ នឹងត្រូវចាប់ផ្ដើមសាងសង់ និងបញ្ចប់នៅពេលណានៅឡើយទេ។
ដោយមើលឃើញពីសក្តានុពល និងអត្ថប្រយោជន៍នៃគម្រោងនេះ សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តជួយសម្របសម្រួលពិភាក្សា និងផ្សព្វផ្សាយព័ត៌មានស្តីពីគម្រោងនេះ ដល់បណ្តាសមាជិកទាំងអស់ ដើម្បីស្វែងរកការចូលរួមសហការ និងគាំទ្រ ព្រោះវាក៏ជាការចូលរួមចំណែកក្នុងការកាត់បន្ថយថ្លៃដើម និងបង្កើនលទ្ធភាពប្រកួតប្រជែងរបស់អង្ករកម្ពុជាផងដែរ។