ក្រសួងដឹកជញ្ជូនជប៉ុនបាននិយាយថា ប្រតិបត្តិករនាវាកម្សាន្ត និងសមាគមរបស់អាជ្ញាធរកំពង់ផែបានអនុម័តគោលការណ៍ណែនាំប្រឆាំងកូវីដ១៩ ហើយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនាវាកម្សាន្តអន្តរជាតិរបស់ខ្លួនឡើងវិញ ខណៈដែលកំពុងទទួលនាវាបរទេសនៅកំពង់ផែរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទេសចរណ៍លោក តេតស៊ួ សៃតូ (Tetsuo Saito) បាននិយាយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយដើម្បីចាប់ផ្តើមទទួលនាវាកម្សាន្តអន្តរជាតិជាថ្មីទៀត។ ជប៉ុននឹងបង្កើតបរិយាកាសមួយដែលអនុញ្ញាតឱ្យភ្ញៀវទេសចររីករាយនឹងការជិះទូកកម្សាន្តរបស់ពួកគេ ដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលស្ថិតនៅក្នុងប្រទេសជប៉ុន។
កាលវិភាគពិតប្រាកដសម្រាប់នាវាកម្សាន្តមិនទាន់បានប្រកាសនៅឡើយទេ។ ក្នុងចំណោមនាវាដំបូងគេ គឺជានាវាជប៉ុនមួយគ្រឿងដែលចេញដំណើរពីទីក្រុងយូកូហាម៉ា (Yokohama) ក្នុងខែធ្នូឆ្ពោះទៅកាន់ប្រទេសម៉ូរីទូស (Mauritius) ហើយត្រឡប់មកវិញនៅក្នុងខែមករា។
ប្រទេសជប៉ុនបានហាមឃាត់នាវាកម្សាន្តអន្តរជាតិចាប់តាំងពីខែមីនាឆ្នាំ២០២០បន្ទាប់ពីការផ្ទុះឡើងនៃវីរុសកូវីដ១៩នៅលើនាវាដាយអេម៉ិនព្រីនសេស បានបង្ខំអ្នកដំណើរ និងសមាជិកនាវិកចំនួន ៣ ៧១១ នាក់ឱ្យនៅដាច់ឡែកពីគេនៅលើនាវានេះរយៈពេល ២ សប្តាហ៍ក្នុងអំឡុងពេលនោះមនុស្សចំនួន ១៣ នាក់បានស្លាប់ និងជាង ៧០០ នាក់ផ្សេងទៀតបានឆ្លងវីរុសនេះ។
ប្រទេសជប៉ុនបានសម្រេចធ្វើចត្តាឡីស័កនាវិក និងអ្នកដំណើរឱ្យបន្តស្ថិតនៅលើនាវាកម្សាន្តនេះដែលជាមធ្យោបាយមួយនៃការគ្រប់គ្រងព្រំដែន ប៉ុន្តែអាជ្ញាធរជប៉ុនក៏បានរងការរិះគន់ចាស់ដៃចំពោះការប្រែក្លាយនាវានេះឱ្យទៅជាកន្លែងផ្ទុកវីរុសនេះផងដែរ។
នៅក្រោមគោលការណ៍ណែនាំថ្មី សមាជិកនាវិកទាំងអស់ត្រូវតែបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ចំនួន៣ដងខណៈដែលអ្នកដំណើរភាគច្រើនបំផុតត្រូវតែចាក់វ៉ាក់សាំងឱ្យបានយ៉ាងហោចណាស់២ដង។
ប្រទេសជប៉ុនដែលបានពន្យារពេលជាច្រើនលើកបើធៀបនឹងប្រទេសជាច្រើនផ្សេងទៀតនោះបានបើកព្រំដែនរបស់ខ្លួនឡើងវិញដើម្បីទទួលភ្ញៀវទេសចរបរទេសនៅក្នុងខែតុលា ហើយការបន្តប្រតិបត្តិការនាវាទេសចរណ៍អន្តរជាតិនេះនឹងជួយជំរុញបង្កើនវិស័យទេសចរណ៍របស់ប្រទេសនេះឱ្យងើបឡើងវិញក្រោយពីបាបរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារជំងឺរាតត្បាត។
នៅមុនពេលជំងឺរាតត្បាតនេះកើតឡើង អ្នកដំណើរតាមនាវាទេសចរណ៍ជាង ២លាននាក់បានទៅលេងប្រទេសជប៉ុនក្នុងឆ្នាំ២០១៩។ នេះបើតាមក្រសួងដឹកជញ្ជូន និងទេសចរណ៍៕
អត្ថបទ៖ សុខ ជា