អ្នកជំនាញមួយក្រោមនៅក្នុងការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុននឹងចងក្រងឆាប់ៗនេះនូវសំណើមួយដែលបង្ហាញថា គោលដៅជាតួលេខគួរតែជាផ្នែកមួយនៃច្បាប់ចុះបញ្ជីទីផ្សារមូលប័ត្រក្រុងតូក្យូ (TSE)។
រដ្ឋាភិបាលជប៉ុននឹងដាក់បញ្ចូលគោលដៅទៅក្នុងការណែនាំគោលនយោបាយស្តីពីការរីកចំរើនរបស់ស្ត្រី ដែលនឹងត្រូវបង្ហាញនៅក្នុងខែមិថុនា ហើយវាទំនងជាគោលដៅមួយដែលគ្មានការបង្ខិតបង្ខំនោះឡើយ។
នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) កាលពីខែមេសា បានកំណត់គោលដៅនៃការមានស្ត្រី ៣០% កាន់តំណែងនាយកប្រតិបត្តិនៅតាមក្រុមហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារមូលបត្រកំពូលក្រុងតូក្យូនៅឆ្នាំ២០៣០។ ការកំណត់គោលដៅបណ្តោះអាសន្នសម្រាប់ឆ្នាំ២០២៥នេះ នឹងជួយជំរុញសកម្មភាពក្នុងចំណោមក្រុមហ៊ុនមួយចំនួន ខណៈដែលការគិតនេះកំពុងតែបន្តធ្វើ ហើយរដ្ឋាភិបាលក៏នឹងជំរុញឱ្យក្រុមហ៊ុនរៀបចំផែនការសកម្មភាពដើម្បីសម្រេចគោលដៅទាំងនោះដែរ។
ប្រទេសជប៉ុនកំណត់គោលដៅឱ្យមានស្ត្រីក្នុងតំណែងនាយកប្រតិបត្តិចំនួន ១២% រួមទាំងនាយកសវនករសាជីវកម្ម និងមន្រ្តីប្រតិបត្តិនៅឆ្នាំ២០២២ នៅតាមក្រុមហ៊ុនដែលបានចុះបញ្ជីនៅផ្សារមូលប័ត្រកំពូលក្រុងតូក្យូ។
ប៉ុន្តែ ក្រុមហ៊ុន Japan Inc. មិនទាន់សម្រេចគោលដៅនេះនៅឡើយទេ ដោយមានអត្រាត្រឹម ១១,៤% គិតត្រឹមខែកក្កដា។ ក្រុមហ៊ុនដែលបានចុះបញ្ជីក្នុងទីផ្សារមូលបត្រកំពូលក្រុងតូក្យូដែលគ្មាននាយកប្រតិបត្តិជាស្ត្រីគឺមានចំនួនសរុប ១៨,៧% ប៉ុន្តែមានក្រុមហ៊ុនតែ ២,២% ប៉ុណ្ណោះដែលបានសម្រេចតាមគោលដៅ ៣០%។ នេះបើតាមការិយាល័យគណៈរដ្ឋមន្ត្រី។
ប្រសិនបើធៀបនឹងតួលេខរបស់ប្រទេសជាដៃគូបស្ចិមលោកវិញ វានៅមានគម្លាតគ្នាខ្លាំងនៅឡើយ។ ការិយាល័យគណៈរដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២២ តំណែងនាយកប្រតិបត្តិជាស្ត្រីនៅក្រុមហ៊ុនកំពូលៗនៅប្រទេសបារាំងមានចំនួនជាង ៤៥% នៅចក្រភពអង់គ្លេសមានចំនួនជិត ៥០% នៅប្រទេសអាល្លឺម៉ង់មានចំនួនជាង ៣៧% និងនៅសហរដ្ឋអាមេរិកមានចំនួនជាង ៣១%។
ប្រទេសខ្លះមានច្បាប់ ឬច្បាប់ចុះបញ្ជីដែលតម្រូវឱ្យមានស្ត្រីនៅក្នុងក្រុមប្រឹក្សាភិបាល។ ចក្រភពអង់គ្លេសតម្រូវឱ្យក្រុមហ៊ុនចុះបញ្ជីមានស្ត្រីយ៉ាងហោចណាស់ ៤០% នៃសមាជិកក្រុមប្រឹក្សាភិបាល៕
អត្ថបទ៖ សុខ ជា