រោងចក្រ​ជប៉ុន​នឹងរើ​ចេញពីចិន​កាន់តែច្រើន

រាជរដ្ឋាភិបាលជប៉ុននឹងចំណាយជាង ៥៣០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនខ្លួន​ឲ្យរើចេញពីប្រទេសចិន


រាជរដ្ឋាភិបាលជប៉ុន នឹងចាប់ផ្ដើមចំណាយទៅលើក្រុមហ៊ុនជប៉ុនណាដែលរើរោងចក្រចេញពីប្រទេសចិន ត្រឡប់មកតាំងមូលដ្ឋាននៅប្រទេសកំណើតវិញ ឬប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការចំណាយនេះ គឺជាផ្នែកមួយនៃគម្រោងថ្មីមួយ របស់រាជរដ្ឋាភិបាលជប៉ុន ដើម្បីធានាសុវត្ថិភាពខ្សែចង្វាក់ផ្គត់ផ្គង់ និងកាត់បន្ថយការពឹងផ្អែកខ្លាំងទៅលើរោងចក្រផលិតក្នុងប្រទេសចិន។ នេះបើតាមការរាយការណ៍មួយរបស់សារព័ត៌មាន Bloomberg។
រាជរដ្ឋាភិបាលជប៉ុននឹងចំណាយជាង ៥៣០លានដុល្លារ សម្រាប់ជួយក្រុមហ៊ុនខ្លួនឲ្យរើចេញពីប្រទេសចិន (រូបភាព៖ Reuters)
ដោយ

មានក្រុមហ៊ុន​ចំនួន ៥៧ រួមទាំង​ក្រុមហ៊ុន​ឯកជន​ផលិត​ម៉ាសមុខ Iris Ohyama Inc. និង​ ក្រុមហ៊ុន​Sharp Corp. នឹង​ទទួលបាន​ទឹកប្រាក់​សរុប​ប្រមាណ​៥៣៦ លាន​ដុល្លារអាមេរិក​ដែល​ជា​ប្រាក់​ឧបត្ថម្ភធន​ពីរាជរដ្ឋាភិបាលជប៉ុន​ ដើម្បី​មានលទ្ធភាព​អាច​រើរោងចក្រ​ចេញ​ពីប្រទេសចិន ត្រឡប់ទៅ​ប្រទេសជប៉ុនវិញ ឬ​ប្រទេស​ក្នុងតំបន់អាស៊ី​អាគ្នេយ៍​ផ្សេងទៀត។ នេះបើតាម​ការ​អះអាង​របស់​ក្រសួង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន​។

ក្រុមហ៊ុន​ចំនួន ៣០​ផ្សេងទៀត នឹងទទួលបាន​ថវិកា​ដើម្បី​រើ​ទៅកាន់​ប្រទេស​វៀតណាម, មីយ៉ាន់ម៉ា, ថៃ និង​ប្រទេស​តំបន់អាស៊ី​អាគ្នេយ៍​ផ្សេងទៀត។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ដាច់​ដោយឡែក ប៉ុន្ដែ​មិនមាន​បញ្ជាក់​លម្អិត​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នោះទេ។ 

តាមការរាយការណ៍​របស់​កាសែត Nikkei បាន​ឲ្យដឹងដែរថា រាជរដ្ឋាភិបាល​ជប៉ុន នឹង​ចំណាយ​សរុប​ដល់ទៅ ៧០ពាន់លាន​យេន ឬស្មើនឹងប្រមាណ ជាង ៦៥០ លាន​ដុល្លារអាមេរិក នៅជុំនេះ ទាក់ទង​នឹងការ​ជួយ​ឲ្យរោងចក្រ​ជប៉ុន​រើ​ចេញពីប្រទេស​ចិន។ ការចំណាយ គឺបានមកពី​កញ្ចប់ថវិកា​សរុប ២៤៣,៥ ពាន់លាន​យេន ដែលរាជរដ្ឋាភិបាល បាន​រៀបចំទុក​នៅក្នុង​ខែ​មេសា ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក​ខ្លាំង​លើ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពីចិន ដោយថវិកានេះ មានគោលបំណង​ជួយ​ក្រុមហ៊ុន​ជប៉ុន ឲ្យ​រើ​រោងចក្រ​ពីចិន មកកាន់​ជប៉ុនវិញ ឬ​ទៅកាន់​ប្រទេសផ្សេង​ទៀត​ក្រៅពីចិន។

នៅពេល​ដែល​ទំនាក់​ទំនង​រវាង​អាមេរិក និងចិន​កាន់តែយ៉ាប់យ៉ឺន​ហើយ​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែអាក្រក់ទៅៗ​នោះ មាន​ការពិភាក្សាគ្នា​កាន់តែច្រើន​នៅ​អាមេរិក និង​កន្លែងផ្សេងទៀត អំពីវិធីសាស្ត្រ “បំបែក” សេដ្ឋកិច្ច និងក្រុមហ៊ុន ចេញពី​ប្រទេសចិន។ ក្នុងនោះ ប្រទេសជប៉ុន​បាន​សម្រេចចិត្ត​ស្រដៀង​គ្នា​ទៅនឹង​គោលនយោបាយ​របស់​តៃវ៉ាន់​នៅក្នុង​ឆ្នាំ២០១៩ ដែល​មាន​គោលបំណង​នាំយក​ការវិនិយោគ​ពីប្រទេស​ចិន​ត្រឡប់​មក​ប្រទេស​កំណើតវិញ។ មកទល់ពេលនេះ មិនមាន​ប្រទេស​ណា​ផ្សេងទៀតទេ ដែលបាន​អនុវត្ត​គោលនយោបាយ​ច្បាស់លាស់​ដើម្បី​លើកទឹកចិត្ត ដល់​ការ​រើរោងចក្រ​​នេះទេ។

ប្រទេសចិន គឺជា​ដៃគូពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​ប្រទេស​ជប៉ុន ក្រោម​កាលៈទេសៈ​ធម្មតា ហើយ​ក្រុមហ៊ុន​ជប៉ុន​មានការវិនិយោគ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នៅក្នុង​ប្រទេសចិន។ ការផ្ទុះឡើង​នៃ មេរោគ​រាតត្បាត បានធ្វើឲ្យ​ខូច​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំងពីរ។ រាជរដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe បាន​ព្យាយាម​ជាច្រើនឆ្នាំ​ដើម្បី​ធ្វើឲ្យ​មានភាព​ប្រសើរឡើង​នៃទំនាក់ទំនង​ជាមួយ​ប្រទេសចិន បន្ទាប់ពី​មាន​កុបកម្ម​ប្រឆាំង​នឹង​ជប៉ុន​ក្នុងឆ្នាំ២០១២ ប៉ុន្ដែ ដោយសារតែ​មេរោគរាតត្បាត និងជម្លោះ​ដែនកោះ និង​តំបន់​ផលិតឧស្ម័ន​ក្នុង​សមុទ្រចិន​ខាងកើត បាន​ធ្វើប៉ះទង្គិច​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនោះ​៕

None



អត្ថបទបន្ទាប់


ការស្រាវជ្រាវ៖ ពលរដ្ឋវៀតណាម៩០% ស្រុតចុះ​ប្រាក់​ចំណូលដោយសារតែកូវីដ-១៩

បញ្ហាមេរោគរាតត្បាតកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចទូទាំងសកលលោក។ យ៉ាងណាមិញ នៅប្រទេសវៀតណាម មានពលរដ្ឋប្រមាណ៩០% បានធ្លាក់ប្រាក់ចំណូល…

របាយការណ៍៖ ៥ឆ្នាំទៅមុខ កម្ពុជា​នឹង​ចំណេញ​សេដ្ឋកិច្ច​ ៣០០លានដុល្លារពី​ការ​​វិនិយោគរបស់ Facebook

ក្រុមហ៊ុន​ Facebook ប្រកាស​ឲ្យ​ដឹង​កាលពីពេលថ្មីៗ​នេះ ថា ការវិនិយោគ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក (Facebook) ទៅ​លើ​ការ​ពង្រីក​បណ្ដាញ​​ផ្គត់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ