នៅក្នុងជំនួបផ្គូរផ្គងដៃគូរអាជីវកម្ម រវាងវិនិយោគិនជប៉ុន មកពី១៧ ក្រុមហ៊ុន ជាមួយនឹងវិនិយោគិនខ្មែរ ដែលរៀបចំឡើងដោយធនាគារអេស៊ីលីដាកាលពីពេលថ្មីៗនេះ លោក. Takahashi Fumiaki ប្រធានសមាគម ជប៉ុន-កម្ពុជាបានលើកឡើងថា ប្រទេសកម្ពុជា មានស្ថិរភាពកំណើនលូតលាស់សេដ្ឋកិច្ចរឹងមាំជាងពីរទសវត្សរ៍មកហើយ ដែលវាគឺជាលក្ខខណ្ឌដ៏ល្អប្រសើរមួយសម្រាប់វិនិយោគិនបរទេស ក្នុងការចូលមកវិនិយោគ។
លោក Takahashi បន្ថែមទៀតថា តាមរយៈ ជំនួបរវាងវិនិយោគិនជប៉ុន និងកម្ពុជានេះ នឹងផ្ដល់លទ្ធភាពឲ្យវិនិយោគិនជប៉ុនបានស្វែងយល់កាន់តែច្បាស់ពីឱកាសវិនិយោគ និងបានស្គាល់ពីដៃគូវិនិយោគមានសក្ដានុពលនៅកម្ពុជា។ ហើយលោក ជឿជាក់ថា អាចនឹងមានវិស័យសំខាន់ៗមួយចំនួន ដែលវិនិយោគិនជប៉ុនសំឡឹងឃើញសម្រាប់ការវិនិយោគ ពិសេសគឺវិស័យកសិកម្មតែម្ដង។
លោក Takahashi បានមានប្រសាសន៍យ៉ាងដូច្នេះថា«ខ្ញុំគិតថា មានវិស័យជាច្រើន ដែលអាចចាប់ផ្ដើមចេញពីវិស័យកសិកម្មទៅ ព្រោះថា ប្រទេសកម្ពុជាមានភាពអំណោយផលដូចជាមានអាកាសធាតុល្អ និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀត និងអាចផលិតជាផលិតផលកសិកម្មបានក្នុងតម្លៃទាប និងគុណភាពខ្ពស់ ដែលវាជាឱកាសសម្រាប់ក្រុមហ៊ុនជប៉ុនអាចស្វែងការវិនិយោគ ហើយខ្ញុំជឿជាក់ថា ប្រសិនបើក្រុមហ៊ុនចាប់អារម្មណ៍ នោះពួកគេនឹងស្វែងរកផលិតផលដែលល្អសម្រាប់អាជីវកម្មរបស់ពួកគេ មិនត្រឹមតែធ្វើការនាំចេញទៅជប៉ុនតែមួយនោះទេ ប៉ុន្ដែអាចធ្វើការនាំចេញទៅកាន់ពិភពលោកផងដែរ។ ហើយក៏មានរួចហើយនូវផលិតផលរបស់កម្ពុជា មិនមែនតែផលិតផលកសិកម្មទេ តែជាផលិតផលក្នុងវិស័យឧស្សាហកម្ម គឺត្រូវបាននាំចេញទៅទីផ្សារអឺរ៉ុប អាមេរិក និងបណ្ដាប្រទេសជាច្រើនទៀត។»
ជាមួយគ្នានេះដែរ លោក បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានលើកឡើងថា ហេតុផលដែលជំរុញឲ្យមានការបង្កើតនូវជំនួបរវាងវិនិយោគិនជប៉ុន និងកម្ពុជានេះឡើង គឺធ្វើឡើងស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកប្រមុខរាជរដ្ឋាភិបាលបានជំរុញធ្វើយ៉ាងណាចាប់យកវិនិយោគិនបរទេសកាន់តែច្រើនចូលមកកម្ពុជា ពិសេសវិនិយោគីនជប៉ុន។ លោកបណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់ទៀតថា វិនិយោគិនជប៉ុនមានលក្ខណៈសម្បត្តិសំខាន់ៗជាច្រើនយ៉ាងណាស់ ដែលមិនត្រឹមតែកម្ពុជាចង់បាននោះទេ សូម្បីតែប្រទេសក្នុងតំបន់ ក៏ខិតខំទាក់ទាញវិនិយោគិនជប៉ុនឲ្យចូលវិនិយោគក្នុងប្រទេសខ្លួនផងដែរ។
«ប្រទេសជប៉ុននាំមកនូវ គេហៅថា Brand of trust (យើងអាចជឿជាក់បាន) ហើយនាំមកនូវ Quality of investment (ការវិនិយោគប្រកបដោយគុណភាព) ហើយវិនិយោគិនជប៉ុន គេគិតអំពី គេហៅ គិតគូរអំពីលក្ខណៈយុទ្ធសាស្ត្រ យុទ្ធសាស្ត្រគឺរយៈពេលវែង មិនគិតពីរយៈពេលខ្លីទេ កាលណាបោះទុនធ្វើអាជីវកម្មនៅក្នុងប្រទេសមួយ គឺគិតរយៈពេលវែង។ ចឹងជាវិនិយោគិនដែលយើងអាចទុកចិត្ត ជាវិនិយោគិន ដែលគោរពច្បាប់ជាតិ និងអន្តរជាតិ ជាវិនិយោគិនដែលមានបទពិសោធន៍ ជាវិនិយោគិនដែលមានប្រភពទុនច្បាស់លាស់ត្រឹមត្រូវ គឺជាវិនិយោគិនដែលគាំទ្រគោលដៅសេដ្ឋកិច្ចរបស់កម្ពុជាតាំងពីដើមរៀងមក»។ ប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី។
លោកបណ្ឌិត អ៊ិន ចាន់នី ក៏បានលើកឡើងពីលក្ខណៈសម្បត្តិពិសេសមួយចំនួនរបស់កម្ពុជាផងដែរ ដែលបានធ្វើឲ្យវិនិយោគិនបរទេសតែងតែចាប់អារម្មណ៍ និងចង់ធ្វើការវិនិយោគនៅកម្ពុជា រួមមានដូចជាកំណើនសេដ្ឋកិច្ចខ្ពស់ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ស្ថិរភាពនយោយបាយ និងស្ថិរភាពសង្គម រួមជាមួយកត្តារួមផ្សំជាច្រើនទៀតទាក់ទងនឹងការអនុគ្រោះផ្នែកពន្ធ និងការទូលាយសម្រាប់ការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុបរទេស ដុល្លារអាមេរិកជាដើម។
គួរបញ្ជាក់ថា បើតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានបង្ហាញថា ក្នុងត្រីមាសទី៣ ឆ្នាំ២០១៩ នេះកម្ពុជាបាននាំចេញទំនិញទៅជប៉ុន មានតម្លៃជាទឹកប្រាក់ជាង ១ពាន់២៧៩ លានដុល្លារ ដោយបានកើនឡើងជាង ៨ ភាគរយ ខណៈជប៉ុននាំចូលមកកម្ពុជាវិញក្នុងទឹកប្រាក់ជិត៤០០ លានដុល្លារ កើនឡើង ៣៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។
ទិន្នន័យពី JETRO បានបង្ហាញទៀតថា ទំហំទឹកប្រាក់នៃការនាំចេញរបស់កម្ពុជាទៅជប៉ុនពីខែមករា ដល់បំណាច់ខែកញ្ញា ឆ្នាំ២០១៩នេះនៅតែខ្លាំងជាង ប្រទេសឡាវ និងមីយ៉ានម៉ា ពោលគឺកម្ពុជាស្ថិតនៅលេខរៀងលំដាប់ទី៨ នៃប្រទេសក្នុងតំបន់អាស៊ានដែលបាននាំចេញទៅជប៉ុន។
ដោយឡែក បើតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពី ឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគរបស់ ក្រុមហ៊ុនជប៉ុន ចំនួន១៣៧គម្រោង ដែលវិនិយោគផ្តោតសំខាន់លើ ផ្នែកផលិតគ្រឿងបង្គុំអគ្គិសនី និងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខារបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប ដែលមានទុនវិនិយោគសរុបរហូតដល់ជាង ២ពាន់លានដុល្លារ៕