មែនទែនទៅ តំបន់អាស៊ាននៅរយៈពេលជាង១ទសវត្សរ៍កន្លងមកនេះ មានការប្រជែងឥទ្ធពិលគ្នាយ៉ាងខ្លាំងពីសំណាក់មហាអំណាចសេដ្ឋកិច្ចធំៗរួមមានទាំងអាមេរិក ចិន និងជប៉ុនជាដើម។
តួយ៉ាង បើតាមលេខាធិការដ្ឋានអាស៊ានបានដឹងថ្មីៗនេះ បង្ហាញថា ប្រទេសជប៉ុន បានប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិកសម្រាប់តំណែងកំពូលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានអស់រយៈពេល ៥ ឆ្នាំរហូតដល់ឆ្នាំ២០០៨ នៅមុនពេលដែលប្រទេសចិនបានបង្កើនតម្លៃពាណិជ្ជកម្មរបស់ខ្លួននៅក្នុងតំបន់នេះ កាន់តែខ្លាំងក្លា ហើយនៅប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈគំនិតផ្ដួចផ្ដើមផ្លូវមួយខ្សែក្រវាត់មួយរបស់រដ្ឋាភិបាលក្រុងប៉េកាំង បានជួយឲ្យចិនក្ដោបក្ដាប់ឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ច ពណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់នេះកាន់តែខ្លាំងក្លាឡើងផងដែរ។
បន្ទាប់ពីបានវ៉ាដាច់ប្រទេសជប៉ុន ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាននៅក្នុងឆ្នាំ២០០០ហើយនោះ មហាយក្សចិនស្ទើរតែនាំមុខគេដល់ទៅ បីដងទៅហើយនៃទំហំពាណិជ្ជកម្មជាមួយនឹងអាស៊ាននៅក្នុងឆ្នាំ២០២១។ រីឯជប៉ុនវិញ កាលពីឆ្នាំ២០០៣ ពាណិជ្ជកម្មអាស៊ាន-ជប៉ុនគឺធំជាង ពាណិជ្ជកម្មរវាងអាស៊ានជាមួយកូរ៉េខាងត្បូងដល់ទៅបីដង ប៉ុន្តែគម្លាតនេះ បានរួមចុះតូចវិញមកនៅត្រឹម ១,៣ ដងប៉ុណ្ណោះនៅក្នុងឆ្នាំ២០២១។
ការវិនិយោគផ្ទាល់ប្រចាំឆ្នាំរបស់ប្រទេសជប៉ុនក្នុងតំបន់អាស៊ានវិញ មានចំនួនសរុបជិត ១៥ពាន់លានដុល្លារក្នុងឆ្នាំ២០១២ ដែលជាទំហំធំទីបី បន្ទាប់ពីការវិនិយោគផ្ទៃក្នុងនៃតំបន់នេះ និងការវិនិយោគពីសហរដ្ឋអាមេរិក ប៉ុន្តែចំនួននេះបានធ្លាក់ចុះមកនៅកម្រិតទី៦ វិញ ពោលគឺមកនៅត្រឹមជាង ៨ពាន់៥រយលានដុល្លារប៉ុណ្ណោះក្នុងឆ្នាំ២០២០។
ពាណិជ្ជកម្មកាន់តែខ្សោយទៅៗរបស់ប្រទេសជប៉ុននៅតំបន់អាស៊ានក៏អាចមើលឃើញតាមរយៈលំហូរមនុស្សផងដែរ។ ប្រជាជនជប៉ុនមានចំនួន ១០% ប៉ុណ្ណោះ ដែលបានទៅដើរកម្សាន្ដនៅតាមបណ្ដាប្រទេសអាស៊ាន បើធៀបនឹងតំបន់អាស៊ីផ្សេងទៀតនៅក្នុងឆ្នាំ២០២០ ពោលគឺបានធ្លាក់ចុះពី១៦% នៅក្នុងឆ្នាំ២០១២។
ដំណើរទស្សនកិច្ចរបស់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ និងនាយកប្រតិបត្តិសាជីវកម្មក៏បានធ្លាក់ចុះផងដែរដោយសារតែវិធានការចត្តាឡីស័កទប់ស្កាត់ជំងឺកូវីដ១៩ដ៏តឹងរឹងរបស់ប្រទេសជប៉ុន ដែលធ្វើឱ្យអ្នកខ្លះបានចំអកថាជា "គោលនយោបាយបិទទ្វារ"។
មានត្រឹមតែ ២,៦% នៃអ្នកជំនាញគោលនយោបាយ និងថ្នាកដឹកនាំដែលមានទស្សនវិស័យ ក្នុងបណ្តាប្រទេសអាស៊ានប៉ុណ្ណោះ ដែលបានលើកឡើងពីប្រទេសជប៉ុនថាជា "មហាអំណាចសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុត" បើធៀបនឹងប្រទេសចិនវិញ គឺមានរហូតដល់ ៧៧% ឯណោះ។ នេះបើតាមការស្ទង់មតិឆ្នាំ២០២២ដោយវិទ្យាស្ថាន អ៊ីស៊ីស យ៉ូសូវ អ៊ីហ្សាក (ISEAS Yusof Ishak) ដែលស្ថាប័នវិភាគមួយនៅប្រទេសសិង្ហបុរី ។
ប៉ុន្ដែ អ្នកជំនាញបាននិយាយថា ភាពខ្លាំងរបស់ប្រទេសជប៉ុនស្ថិតនៅក្នុងការរួមចំណែកផ្នែកសេដ្ឋកិច្ចកាលពីអតីតកាលរបស់ខ្លួនទៅកាន់តំបន់នេះ ហើយខណៈដែលចំណែកនៃការវិនិយោគផ្ទាល់របស់ជប៉ុននៅក្នុងតំបន់អាស៊ានបានធ្លាក់ចុះនោះ ប្រទេសនេះក៏កំពុងខិតខំបង្កើនការវិនិយោគឡើងវិញជាបន្តបន្ទាប់ផងដែរ។
យ៉ាងណាក៏ដោយចុះ បច្ចុប្បន្ន វាពិតជាមានការលំបាកណាស់សម្រាប់ជប៉ុន ក្នុងការប្រជែងជាមួយចិន ទាក់ទងនឹងបរិមាណផលិតកម្ម ខណៈដែលចិនមានសេដ្ឋកិច្ចធំជាងជប៉ុនដល់ទៅ៣ដងឯណោះ។
ប៉ុន្ដែ អ្វីដែលជាចំណុចខ្លាំងរបស់ជប៉ុនមួយទៀតនោះ គឺជប៉ុនមានការទទួលស្គាល់ និងភាពជឿជាក់ពីប្រទេសជាច្រើនក្នុងតំបន់។ ជាក់ស្ដែង តាមការស្ទង់មតិរបស់វិទ្យាស្ថាន អ៊ីស៊ីស យ៉ូសូវ អ៊ីហ្សាក (ISEAS Yusof Ishak) មាន៥៤%នៃអ្នកដែលត្រូវបានស្ទង់មតិ បាននិយាយថា ពួកគេជឿថា ប្រទេសជប៉ុន គឺធ្វើរឿងត្រឹមត្រូវ ដែលជួយលើកម្ពស់សន្ដិភាព សន្ដិសុខ និងវិបុលភាពនៅជុំវិញពិភពលោក ខណៈដែលអ្នកឆ្លើយជឿជាក់ទៅលើចិនវិញ មានតែ២៧%ប៉ុណ្ណោះ៕
អត្ថបទ៖ សុខ ជា