CNBC បានរាយការណ៍ទៀតថា អត្រាអ្នកដែលមានការងារធ្វើគិតជាភាគរយនៃពលរដ្ឋអាមេរិកពេញវ័យសរុប គឺមានប្រមាណជិត៥៣% នៅក្នុងខែឧសភា។ នេះមានន័យថា ពលរដ្ឋអាមេរិកដែលមិនមានការងារធ្វើ គឺមានដល់ទៅប្រមាណជាង ៤៧%។ នេះបើតាមការិយាល័យស្ថិតិការងារ។
នៅពេលដែលការបិទទ្វារដោយសារតែមេរោគឆ្លង បានហែកហួរទីផ្សារការងារនៅអាមេរិក ចំនួននៃពលរដ្ឋអាមេរិកដែលមានការងារធ្វើបានធ្លាក់ចុះជាបន្តបន្ទាប់ ពោលគឺធ្លាក់ចុះពី ជាង ៦១% កាលពីខែមករានៅដើមឆ្នាំនេះ ខណៈដែលកំណត់ត្រាកាលពីឆ្នាំ២០០០ មានដល់អត្រា ជិត៦៥%។
ប្រធានសេដ្ឋវិទូរបស់ធនាគារ ឌ័តឆ៍ (Deutsche) លោក Tosrsten Slok បាននិយាយថា ដើម្បីអាចឲ្យអត្រាអ្នកអត់ការងារធ្វើ ធ្លាក់ចុះមកទាបដូចដើមវិញ គឺត្រូវការបង្កើតការងារយ៉ាងហោចណាស់ ៣០លានកន្លែង។
ទោះយ៉ាងណា នៅក្នុងខែមិថុនានេះ អ្នកជំនាញសេដ្ឋកិច្ច រំពឹងថា អត្រាអ្នកអត់មានការងារធ្វើអាចនឹងថយចុះទាបជាងមុន ពោលគឺអាចធ្លាក់ចុះដល់ជាង ១២% នៅក្នុងខែនេះ ខណៈដែលកាលពីខែឧសភាមានជាង១៣%។ អត្រាអ្នកគ្មានការងារធ្វើនេះ គឺមិនបានរួមបញ្ចូលទាំងពលរដ្ឋដែលឈប់ស្វែងរកការងារនោះទេ។ កម្លាំងពលកម្មនៅអាមេរិក គឺមានប្រហែល៦០% នៃចំនួនប្រជាជនពេញវ័យសរុប។
ស្របពេលដែលការងារជាច្រើនត្រូវបានបាត់បង់នៅអំឡុងពេលកូវីដ-១៩ គេសង្កេតឃើញថា ពលរដ្ឋអាមេរិកអាមេរិក ដែលមានដាក់ពាក្យដើម្បីទទួលបានអត្ថប្រយោជន៍ពីការអត់មានការងារធ្វើនេះ ក៏មានការកើនឡើងច្រើនលើសការរំពឹងទុកផងដែរ នៅរយៈពេលចុងក្រោយនេះ។
ក្រុមសេដ្ឋវិទូបានអះអាងថា ឥឡូវនេះ ការងើបឡើងវិញនៃសេដ្ឋកិច្ចអាមេរិក គឺកំពុងត្រូវបានជាប់ពាក់ព័ន្ធនឹងពលរដ្ឋអាមេរិករាប់លាននាក់គ្មានការងារធ្វើ ហើយភាពគ្មានការងារធ្វើដ៏សម្បើមបែបនេះ គឺមានន័យថា សេដ្ឋកិច្ច នៅមិនទាន់ចេញផុតពីស្ថានភាពគ្រោះថ្នាក់នៅឡើយទេ៕