មន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋាភិបាលអាម៉េរិក បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា នៅក្នុងអំឡុងពេលបិទកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G20 នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានសន្យាផ្ដល់វិភាគទានរហូតដល់ទៅ៤ពាន់លានដុល្លារ ក្នុងរយៈពេល៣ឆ្នាំ ដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោកសម្រាប់ជួយដល់ប្រទេសក្រីក្របំផុត ហើយថា ក្រសួងរតនាគារអាម៉េរិកនឹងដឹកនាំការចរចានៅធនាគារពិភពលោក ដើម្បីទទួលបានមូលនិធិថ្មីៗសម្រាប់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA)។
វិភាគទានដែលសហរដ្ឋអាម៉េរិកសន្យាផ្តល់នេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន បើធៀបនឹងវិភាគទានចំនួន៣,៥ពាន់លានដុល្លារ ដែលក្រុងវ៉ាស៊ីនតោន បានសន្យាផ្ដល់ដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) កាលពីខែធ្នូ ឆ្នាំ២០២១។
ទោះជាយ៉ាងណា ពេលនេះគេមិនទាន់ដឹងច្បាស់ទេថា តើប្រធានាធិបតីទើបជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ នឹងគោរពតាមការសន្យារបស់លោក ចូ បៃដិន ឬ ក៏អត់នៅឡើយទេ ពីព្រោះកន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បានស្នើសុំឱ្យកាត់បន្ថយការផ្ដល់ជំនួយបរទេស។
សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ និងកំពូលមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតរបស់ពិភពលោក គឺលោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla នឹងផ្ដោតលើការកាត់បន្ថយការចំណាយរបស់សហរដ្ឋអាម៉េរិក តាមរយៈអង្គភាពជំរុញប្រសិទ្ធភាពការងាររដ្ឋាភិបាល ជាអង្គភាពថ្មី ដែលលោក ដូណាល់ ត្រាំ គ្រោងបង្កើតឡើង និងតែងតាំងលោក Elon Musk ឱ្យធ្វើជាអ្នកដឹកនាំ។
ម្យ៉ាងវិញទៀត សភាអាម៉េរិក ក៏មិនទំនងជាបោះឆ្នោតអនុម័តការសន្យាផ្ដល់វិភាគទានដល់មូលនិធិសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) នៃធនាគារពិភពលោកនេះដែរ ពោលគឺរហូតដល់ក្រោយពីលោក ដូណាល់ ត្រាំ ចូលកាន់តំណែងប្រធានាធិបតីជាផ្លូវការនៅខែមករា ឆ្នាំ២០២៥។ ទន្ទឹមនេះ អ្នកនាំពាក្យក្រុមអន្តរកាលរបស់លោក ដូណាល់ ត្រាំ មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយលើបញ្ហានេះទេ៕
ដោយ: តែម សុខុម