ប្រមាណ២ម៉ោងបន្ទាប់ពីការបាញ់ប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើលោក ដូណាល់ ត្រាំ អតីប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន បានថ្លែងទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេសថា លោកធូរចិត្តដែលលោក ដូណាល់ ត្រាំ មិនកើតអ្វីធ្ងន់ធ្ងរ។ លោកលើកឡើងថា លោកមិនទាន់អាចទាក់ទងទៅលោក ដូណាល់ ត្រាំ បាននៅឡើយទេ ប៉ុន្តែលោកសន្យាថា លោកនឹងធ្វើបច្ចុប្បន្នភាពជាសាធារណៈនៅពេលក្រោយអំពីការជជែកដេញដោលរបស់ពួកលោក និងដំណើរការស៊ើបអង្កេតលើករណីនេះ។
លោក ចូ បៃឌិន បានថ្លែងថា លោកមិនអាចអនុញ្ញាតឱ្យរឿងបែបនេះកើតឡើងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាដាច់ខាត ហើយលោកកំពុងរង់ចាំព័ត៌មានបន្ថែមទៀតមុននឹងហៅការវាយប្រហារនេះជាផ្លូវការថា ជាការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី ដូណាល់ ត្រាំ។ ជាមួយគ្នានេះ លោកសន្យាផ្ដល់ព័ត៌មានបច្ចុប្បន្នភាពនៅពេលលោកទទួលបានព័ត៌មានថ្មីៗបន្ថែមទៀត។
សូមបញ្ជាក់ថា អតីតប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនគ្រាប់បណ្ដាលឱ្យរបួសត្រចៀកខាងស្ដាំខ្ទាតឈាមពេញមុខក្នុងអំឡុងថ្លែងសុន្ទរកថា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុងបាត់ល័រ (Butler) រដ្ឋផិនស៊ីលវេនៀ (Pennsylvania) សហរដ្ឋអាម៉េរិក កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា។ នៅក្នុងហេតុការណ៍ដ៏រន្ធត់នេះ ខ្មាន់កាំភ្លើងរួមជាមួយអ្នកចូលរួមយុទ្ធនាការឃោសនាម្នាក់បានបាត់បង់ជីវិត ហើយអ្នកឈរមើលក្បែរកន្លែងកើតហេតុ២នាក់ផ្សេងទៀតបានរងរបួស៕
ដោយ: តែម សុខុម