លោក ជាវ តាយ អភិបាលខេត្តកំពត បានអះអាងកាលពីពេលថ្មីៗនេះថា តាមគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត អាចនឹងត្រូវសាងសង់រួចនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ប៉ុន្ដែ បើអាចបើកដំណើរពេញលេញតែម្ដងអាចនឹងត្រូវរង់ចាំដល់ដើមឆ្នាំ២០២១ខាងមុខនេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា កំពង់ផែទេសចរណ៍អន្តរជាតិមួយនេះ គឺមានសារសំខាន់ណាស់សម្រាប់ជំរុញដល់កំណើនទេសចរណ៍នៅក្នុងខេត្តកំពត ពិសេសភ្ញៀវមកពីប្រទេសថៃ និងវៀតណាមជាដើម។
លោកអភិបាលខេត្ត កំពត បានបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកំពតមានកំពង់ផែចំនួន ៤ ដែលទី១ គឺកំពង់ផែ វិញ ហួរ ដែលមានជម្រៅទឹករហូតដល់ ១៤ម៉ែត្រអាចសម្រាប់ដឹកជញ្ជូនទំនិញតាមកប៉ាល់ធំៗ។ ទី២ គឺកំពង់ផែរបស់ឧកញ៉ា ទ្រី ភាព សម្រាប់ដឹកជញ្ជូនប្រេងចូល។ ទី៣ គឺកំពង់ផែរបស់ជំទាវ កែវ ម៉ាលី សម្រាប់ដឹកជញ្ជូននាំចេញស្រូវ និងផលិតផលផ្សេងៗចេញចូលប្រទេសថៃ។ និងទី៤ គឺគម្រោងកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលបើកសម្រាប់ភ្ញៀវទេសចរបរទេសដែលធ្វើដំណើរតាមកប៉ាល់ពិសេសទេសចរមកពីប្រទេសវៀតណាម និងថៃ អាចចូលចតបាន។
ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ធ្លាប់លើកឡើងថា គម្រោងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពតនេះ គឺជាផ្នែកមួយនៃ គម្រោងគាំទ្រដោយហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ដែលមានតម្លៃជាទឹកប្រាក់ជិត ១០ លានដុល្លារអាមេរិក សម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ពាក់ព័ន្ធនឹងខេត្តតំបន់ឆ្នេរសមុទ្រក្នុងនោះ មានខេត្តកែប កោះកុង និងខេត្តកំពត។
គម្រោងដែលត្រូវបានគាំទ្រដោយ ធនាគារអភិវឌ្ឍន៍អាស៊ីនេះ ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ការធ្វើដំណើរ និងទេសចរណ៍ តាមច្រករបៀងទេសចរណ៍ភាគខាងត្បូង ថៃ-កម្ពុជា-វៀតណាម ក៏ដូចជាការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការបង្កើត និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សហគមន៍ទេសចរណ៍ និងការអភិវឌ្ឍធនធានមនុស្សផ្នែកទេសចរណ៍ ផងដែរ។
បើយោងតាម របាយការណ៍ពី ក្រសួងទេសចរណ៍ បានឲ្យបង្ហាញឲ្យដឹងថា ក្នុងត្រីមាសទី ១ ឆ្នាំ២០១៩ កម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរបរទេសសរុបប្រមាណជិត ២លាននាក់ មានការកើនឡើង ៩% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨។
ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ដែរថា វិស័យទេសចរណ៍កម្ពុជា បាននាំមកនូវ ចំណូលក្នុងសេដ្ឋកិច្ចជាតិប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០១៨ ដែលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុប (GDP) ប្រមាណ ១២ភាគរយ ហើយកម្លាំងពលកម្មបម្រើឲ្យវិស័យនេះ មានជាង ៦២ម៉ឺននាក់។
គួរបញ្ជាក់ដែរថា តាមការព្យាករណ៍ ប្រទេសកម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៦លាន ៦សែននាក់ នៅឆ្នាំ ២០២០ និងប្រមាណ ១៥លាននាក់ នៅឆ្នាំ ២០៣០ ដោយរំពឹងរកចំណូលបានប្រមាណ ១០ពាន់លានដុល្លារអាមេរិក និងបង្កើតឱកាសការងារប្រមាណ ២លានកន្លែង៕