លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពតបានអះអាងថា នៅឆ្នាំនេះ អ្នកដាំម្រេចកំពតជួបបញ្ហាធ្ងន់ធ្ងរណាស់តាំងពីកើតមានបញ្ហាកូវីដ-១៩មក។ លោកថា តាំងតែពីមានផ្ទុះកូវីដ-១៩ ម្រេចកំពតសូម្បីតែមួយគ្រាប់ក៏មិនបាននាំចេញទៅលក់ទៅក្រៅប្រទេសដែរ ខណៈដែលទីផ្សារក្នុងស្រុកក៏គ្មានអ្នកទិញទៀត។
លោក ងួន ឡាយ មានប្រសាសន៍យ៉ាងដូច្នេះ «មានអី! ឥឡូវសូន្យ សឺរ៉ូម៉ង! តាំងពីកូវីដហ្នឹងមក គឺសឺរ៉ូសុទ្ធម៉ង! .. កាលមុនកូវីដនៅមានដែរ កាល២០១៩ យើងលក់បានដល់ទៅ ៧៨តោន! តាំងពីកូវីដហ្នឹងមក សូន្យតែម្ដង បើឆ្នាំ២០២០ទៀត សឺរ៉ូម៉ង! អត់ទាន់មាន [ម្រេច] អីមួយគ្រាប់ [នាំចេញ] ទៅណាទេ!»។
លោក ងួន ឡាយបន្ថែមទៀតថា កាលពីមុនសម្រាប់ទីផ្សារក្នុងស្រុកម្រេចកំពត គឺពឹងផ្អែកលើអ្នកទិញជាភ្ញៀវទេសចរ ភោជនីយដ្ឋានធំៗទិញ ឥឡូវទេសចរស្ងាត់ ហាង ភោជនីយដ្ឋានក៏លែងមានភ្ញៀវទៀត ធ្វើឲ្យម្រេចកំពតត្រូវសល់ហាលគរទុករងចាំលក់ក្រោយពេលស្ថានភាពធូរស្បើយមកវិញ។
«វាគ្រប់តែគ្នាចឹង គរទុកទៅ! វាមិនខូចទៅណាមកណាទេ គ្រាន់តែថា យើងអត់បានលក់ចេញ យើងអត់លុយជួល អត់លុយធ្វើទៅមុខទៀតចឹងហ្ហា! ខ្លះអត់លុយ[ជួលកម្មក] បេះ មិនទាំងបេះផង ចោលទៅ ហើយខ្លះគាត់បេះចឹងបេះតែខ្លួនឯងចឹងទៅ ប្រពន្ធកូនចឹងទៅ ទ្រាំទៅ បានខ្លះអត់ខ្លះចឹងទៅ!»
តាមការប៉ាន់ស្មានរបស់ប្រធានសមាគមម្រេចកំពត គិតមកទល់ពេលនេះ ម្រេចកំពតនៅសល់ព្រោះលក់មិនដាច់ ប្រមាណក្រោម១០០តោន ខណៈកាលពីឆ្នាំ២០១៩ម្រេចកំពតទទួលបានទិន្នផលជាង១២០តោន។
លោក ងួន ឡាយ បានបញ្ជាក់ទៀតថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ម្ចាស់ចម្ការម្រេចបានកាត់បន្ថយចំនួនកម្មករមកនូវតិចជាងមុន ហើយម្ចាស់ចម្ការតូចៗមួយចំនួនត្រូវបង្ខំចិត្តទុកចម្ការចោល ទៅរកការងារធ្វើផ្សេងទៀតដើម្បីបានចំណូលមកផ្គត់ផ្គង់គ្រួសារ។ គិតមកទល់ពេលនេះ ម្រេចកំពតប្រមូលផលបានប្រមាណ ៩០% ។
បើតាមប្រធានសមាគមម្រេចរូបនេះ បញ្ហាដែលម្រេចកំពតជួបប្រទះនឹងវិបត្តិទីផ្សារនៅដើមឆ្នាំនេះ គឺដោយសារតែប្រទេសដែលធ្លាប់តែជាទីផ្សារនាំចេញរបស់ម្រេចកំពតនោះ បានជួបបញ្ហាការរីករាលដាលកូវីដ-១៩ ដែលធ្វើឲ្យប្រទេសទាំងនោះ មានការរឹតត្បឹតលើការធ្វើដំណើរ ក៏ដូចជាដឹកជញ្ជូន។
លោកងួន ឡាយ បានគូសបញ្ជាក់ទៀតថា បើបញ្ហាកូវីដ-១៩ នៅតែអូសបន្លាយកាន់តែយូរទៀតនោះ ម្ចាស់ចម្ការភាគច្រើននឹងត្រូវជួបបញ្ហាក្ស័យធនលែងមានទុនអ្វីមកធ្វើចម្ការម្រេចបន្តទៀតហើយ។
បើតាមប្រធានសមាគមម្រេចកំពតរូបនេះ បានអះអាងថា តម្លៃម្រេចកំពត គឺមានតម្លៃ ១៥ ដុល្លារសម្រាប់ប្រភេទម្រេចខ្មៅមួយគីឡូក្រាម ខណៈម្រេចក្រហមលក់តម្លៃ ២៥ដុល្លារ ក្នុងមួយគីឡូក្រាម និង២៨ដុល្លារសម្រាប់ម្រេចស មួយគីឡូក្រាម។ លោកថា បើទោះបីជាម្រេចកំពតគ្មានទីផ្សារ ក៏តម្លៃនៅតែពង្រឹងត្រឹមប៉ុណ្ណេះដដែលមិនមានការលក់បញ្ចុះថ្លៃនោះទេ ទោះបីគ្មានអ្នកទិញក៏ដោយ។ នាពេលកន្លងមក ម្រេចកំពតត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសជាច្រើន ក្នុងនោះមានភាគច្រើនជាប្រទេសនៅសហគមន៍អឺរ៉ុប និងអាមេរិក ខណៈដែលបណ្ដាប្រទេសទាំងនោះ បច្ចុប្បន្ននេះ កំពុងជួបផលប៉ះពាល់ខ្លាំងព្រោះតែបញ្ហាកូវីដ-១៩។
បើទោះបីជាម្រេចកំពតជួបបញ្ហាទីផ្សារ មិនអាចនាំចេញបានដោយសារតែបញ្ហាកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែ បើយើងក្រឡេកទៅមើលទីផ្សារម្រេចនៅក្នុងខេត្តត្បូងឃ្មុំ និងកំពង់ចាមវិញ នៅតែមានទីផ្សារចរចាទិញលក់ធម្មតា។
លោក ប៊ុន សុវណ្ណរិទ្ធ ដែលជាឈ្មួញទិញម្រេចនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំបានគូសបញ្ជាក់ថា តម្លៃម្រេចគិតមកទល់ពេលនេះ មានតម្លៃ៦.៦០០រៀល ទៅ៦.៩០០រៀលក្នុងមួយគីឡូក្រាម ហើយតម្លៃនេះ គឺហាក់កើនឡើងបន្តិចបើធៀបនឹងកាលពីខែមុន នៅពេលដែលវៀតណាមមានការបិទព្រំដែនដែន។ ទោះយ៉ាងណា លោកថា តម្លៃម្រេចបច្ចុប្បន្ននេះ នៅតែមានតម្លៃទាបជាងកាលពីឆ្នាំ២០១៩ដដែល ដែលធ្លាប់មានតម្លៃ ជាង៨.០០០រៀល ក្នុងមួយគីឡូក្រាម។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្មបានអះអាងថា ម្រេចត្រូវបាននាំចេញនៅក្នុងរយៈពេល៣ខែ ២៨ថ្ងៃ នៃដើមឆ្នាំ២០២០នេះក្នុងចំនួនជាង២ពាន់តោន ទៅកាន់ប្រទេសជាច្រើនដោយភាគច្រើនជាប្រទេសនៅតំបន់អឺរ៉ុប។
រដ្ឋមន្ត្រីក្រសួងកសិកម្ម ឯកឧត្តម វេង សាខុន បានអះអាងថា បញ្ហាដឹកជញ្ជូន ទីផ្សារ និងបញ្ហាកូវីដ-១៩ ផងដែរគឺពិតជាជះឥទ្ធិពលលើការនាំចេញរបស់កសិកផលកម្ពុជាមួយចំនួន ជាក់ស្ដែង ការនាំចេញស្វាយទៅកាន់កូរ៉េខាងត្បូង នៅដើមឆ្នាំ២០២០នេះ មានបរិមាណតិចតួចប៉ុណ្ណោះ ដោយសារការដឹកជញ្ជូនតាមយន្ដហោះមួយថ្ងៃ បានតែចន្លោះពីជាង ១តោន ទៅ៤តោនប៉ុណ្ណោះ ជួនកាលពុំបានដឹកជញ្ជូនទៀតផង អាស្រ័យជើងយន្ដហោះ ដែលបានហោះមកកម្ពុជា៕