ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

អភិបាលខេត្តកណ្តាល ពន្យល់ពីការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោល


អភិបាលខេត្តកណ្តាលបានអះអាងថា ការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោលប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពីសំណាក់ក្រសួងរៀបចំដែនដី នាពេលថ្មីៗនេះ មិនបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍរបស់ខេត្តកណ្ដាលនោះទេ។ ផ្ទុយទៅវិញ វានឹងធ្វើឲ្យការអភិវឌ្ឍកាន់តែមានភាពប្រសើរឡើង។
អភិបាលខេត្តកណ្តាល ពន្យល់ពីការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងផែនទី ហេដ្ឋារចនាសម្ព័ន្ធ និងប្លង់គោល (រូបភាព៖ Visitcambodia.travel)
ដោយ

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបញ្ជាក់ប្រាប់ខេមបូណូមីសថា ការលុបគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​ថ្មីពីក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដី​ក្នុងភូមិសាស្ត្រខេត្តកណ្តាល មិនបានបង្កការរំខាន ឬប៉ះពាល់ដល់ការអភិវឌ្ឍ​របស់​ខេត្តកណ្តាលនោះទេ។ សម្រាប់ ឯកឧត្តម សំណើរសុំលុបនេះ ជាការធ្វើឲ្យប្រសើរ​ឡើង​នូវគម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុងខេត្តទៅ​វិញទេ។ ខណៈបច្ចុប្បន្នអ្នកជំនាញរបស់ខេត្តកំពុងសិក្សាឲ្យបានស៊ីជម្រៅលើបញ្ហានេះ ដើម្បីបញ្ចៀសផលប៉ះពាល់ផ្សេងៗដែលអាចកើតចេញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈនេះ។

ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា​បានបង្ហាញទស្សនៈផ្ទាល់ខ្លួនថា ប្រាកដណាស់ការលុបគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាថ្មីក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីក្នុងភូមិសាស្ត្រខេត្តកណ្តាលនេះ វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ​មួយចំនួន​ជាក់ជាមិនខាន។ ព្រោះ លោកជឿជាក់ថា ក្រោយគម្រោងខាងលើត្រូវបានបែកធ្លាយនឹងមានក្រុមហ៊ុន និងអ្នករកស៊ីលើវិស័យអចលនទ្រព្យ​មួយចំនួន នាំគ្នាទៅទិញអចលនទ្រព្យ​នៅតំបន់ទាំងនោះ ដើម្បីអភិវឌ្ឍន៍ ឬទុកលក់ជាដើម។

ទោះយ៉ាងណាអ្នកជំនាញ​រូបនេះ មានសុទិដ្ឋិនិយមថា មុនសម្រេចធ្វើអ្វីមួយ ថ្នាក់ដឹកនាំ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានសិក្សាយ៉ាងល្អិតល្អន់រួចទៅហើយ​ពីផលវិជ្ជមាន និងអវិជ្ជ​មាន និងអ្វីដែលគួរធ្វើ និងមិនគួរធ្វើ។

គួររំលឹកថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីដើមខែកក្កដា ឆ្នាំ២០២១ បានដាក់សំណើរសុំ​លុប​​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ​ក្នុងផែនទី និងប្លង់គោលប្រើប្រាស់ដីក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល ក្រោយក្រសួងពិនិត្យឃើញថា គម្រោងនេះមានលក្ខណៈមិនទាន់សមស្រប និងសិក្សាឲ្យបានស៊ីជម្រៅពីភូមិសាស្ត្រ​ជាក់​​ស្តែង។  នេះបើតាម​លិខិតមួយ ដែល​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​បាន​ផ្ញើជូន​អភិបាល​ខេត្ត​កណ្ដាល។

​បើតាមលិខិតដដែលនោះ ក្រសួងដែនដីបញ្ជាក់ថា កន្លងមក​ក្រសួង​ធ្លាប់បាន​ទទួលសំណើជាញឹកញាប់ ពីប្រជាពលរដ្ឋ ដែលសុំឲ្យមានការកែសម្រួលហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រឡាយ។ ម្យ៉ាងទៀតគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលគ្រោងបង្កើតថ្មីនេះ មានការសាងសង់កាត់ក្បាលដីកម្មសិទ្ធិឯកជន រួមទាំងលំនៅឋានផងដែរ។

ជាមួយគ្នានេះ ក្រសួងរៀបចំដែនដី ក៏បាន​ស្នើឲ្យអភិបាលខេត្តកណ្តាល រៀបចំគម្រោង​ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឡើងវិញ ដោយធ្វើតាមតែលំនាំហេដ្ឋារចនាសម្ព័ន្ធចាស់៕
None



អត្ថបទបន្ទាប់


អឺរ៉ុបក្លាយជាតំបន់មានអ្នកឆ្លងកូវីដ-១៩ លើស៥០លានករណីដំបូងគេក្នុងពិភពលោក

ទ្វីបអឺរ៉ុបបានក្លាយជាតំបន់ដំបូងគេក្នុងពិភពលោក ដែលមានករណីវិជ្ជមានកូវីដ១៩សរុបលើស ៥០លានករណី គិតត្រឹមថ្ងៃច័ន្ទដើមសប្តាហ៍នេះ ស្របពេលដែលការ…

ការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាមេរិកកំពុងប្រឈមក្ដីបារម្ភ ទាក់ទងនឹងការរាលដាលនៃមេរោគបំប្លែងថ្មី

ការកើនឡើងនូវករណីឆ្លងមេរោគបំប្លែថ្មី ឌែលតា ទូទាំងសហរដ្ឋអាមេរិច និងនៅក្រៅប្រទេសកំពុងបង្កជាក្ដីព្រួយបារម្ភចំពោះការស្ទុះងើបឡើងនៃសេដ្ឋកិច្ចអាម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ