ធនាគារ ខេប៊ីប្រាសាក់ គ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនូវ «សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក»(Retention or Escrow Services) នាពេលឆាប់ៗខាងមុខនេះ។ តាមរយៈសេវាថ្មីដែលទទួលបានអាជ្ញាបណ្ណនេះ ធនាគារ ខេប៊ីប្រាសាក់ មានគោលបំណងកាត់បន្ថយក្តីបារម្ភក្នុងប្រតិបត្តិការរវាងអ្នកទិញ និងអ្នកលក់ ដោយផ្តល់នូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់។ សេវានេះនឹងជួយការពារអ្នកទិញអចលនទ្រព្យពីហានិភ័យនៃការក្លែងបន្លំបណ្ណកម្មសិទ្ធិ និងការពារអ្នកលក់ពីហានិភ័យនៃការមិនបំពេញកាតព្វកិច្ចទូទាត់ប្រាក់របស់អ្នកទិញ។
ក្រោមក្របខណ្ឌច្បាប់នេះ ធនាគារ ខេប៊ីប្រាសាក់ នឹងដើរតួនាទីជាភាគីទីបីដែលមានភាពឯករាជ្យ និងអព្យាក្រឹត ក្នុងការរក្សាទុកប្រាក់ដោយសុវត្ថិភាព។ ធនាគារនឹងរក្សាទុកប្រាក់របស់អ្នកទិញ ហើយនឹងផ្ទេរទៅឱ្យអ្នកលក់ លុះត្រាតែលក្ខខណ្ឌទាំងអស់ដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងលក់-ទិញត្រូវបានផ្ទៀងផ្ទាត់ បញ្ជាក់ដោយឯករាជ្យ។
ស្របពេលដែលកម្ពុជាកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយប្រព័ន្ធហិរញ្ញវត្ថុសកល ធនាគារ ខេប៊ីប្រាសាក់ បានត្រៀមខ្លួនរួចជាស្រេចក្នុងការអភិវឌ្ឍដំណោះស្រាយសេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ដែលងាយស្រួលប្រើប្រាស់ និងពង្រឹងសមត្ថភាពផ្តល់សេវាដល់អតិថិជនសាជីវកម្ម។ ការដាក់ឱ្យដំណើរការយុទ្ធសាស្ត្រនេះ មានគោលបំណងធ្វើឱ្យសេវារក្សាទុករបស់ធនាគារក្លាយជាស្តង់ដារគំរូសម្រាប់ប្រតិបត្តិការទិញ-លក់អចលនទ្រព្យក្នុងទីផ្សារបន្ទាប់បន្សំ (Secondary Property Market) និងការផ្ទេរកម្មសិទ្ធិភាគហ៊ុនរបស់សហគ្រាសធុនតូច និងមធ្យម ទូទាំងប្រទេស។