
ពិធីនេះប្រព្រឹត្ដទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌនាយកប្រតិបត្តិសហគ្រិនខ្មែរ និងមានការចូលរួមពីសហស្ថាបនិកនៃអែនធើប្រាយវិហ្សិនអាខេដេមី គ្រូប្រឹក្សានិងសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សា កម្មវិធី ESF រដូវកាលទី៣នេះ។
កម្មវិធីធ្វើឲ្យអាជីវកម្មប្រសើរឡើង (ESF) គឺជាកម្មវិធីកសាងសមត្ថភាពសហគ្រិនភាពមាន រយៈពេល១៥សប្ដាហ៍ដែលរួមបញ្ចូលការរៀនដោយខ្លួនឯងតាមអនឡាញ ការប្រឹក្សាជាក្រុមនិងជាបុគ្គលតាមប្រព័ន្ធ Zoomការអភិវឌ្ឍផែនការអាជីវកម្ម និងការធ្វើបទបង្ហាញផែនការអាជីវកម្ម។ កម្មវិធីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២១ក្រោមភាពជាដៃគូរវាង សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមី ក្នុងការគាំទ្រសហគ្រិន ដើម្បីអភិវឌ្ឍគំរូអាជីវកម្មស្របទៅតាមបម្រែបម្រួលនៃបរិបទ។

កម្មវិធីនេះត្រូវបានអនុវត្តក្នុងរដូវកាលទី១ និងទី២ រួចមកហើយ ដែលមានសហគ្រិន ២១រូប និងយុវជន ៣៨រូប ដែលត្រូវបានស្គាល់ថាជា អ្នកស្វែងរកដំណោះស្រាយ បានបញ្ចប់ការសិក្សាពីកម្មវិធី។ សម្រាប់រដូវកាលទី៣ មានសហគ្រិនចំនួន ៧៣រូប និងអ្នកស្វែងរកដំណោះស្រាយ ៧១រូប មកពីខេត្តចំនួន ១៧។ គ្រប់សិក្ខាកាមដែលបានបញ្ចប់ការសិក្សាពីកម្មវិធីទាំងអស់ត្រូវបានក្លាយជាសមាជិកក្លឹប “មិត្តសហគ្រិន” ដោយស្វ័យប្រវត្តិ ដែលជាបណ្ដាញសហគ្រិនទូទាំងប្រទេសសម្រាប់ពួកគាត់បន្ដគាំទ្រគ្នាទៅវិញទៅមក និងអាចទទួលបានកម្មវិធីគាំទ្រផ្សេងៗរបស់សហគ្រិនខ្មែរ ។
បន្ថែមលើការអបអរសាទរដល់ភាពជោគជ័យនៃកម្មវិធីនេះ សហគ្រិនខ្មែរ និងអែនធើប្រាយវិហ្សិនអាខេដេមីបានផ្ដល់ជា ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់សហគ្រិនឆ្នើម ១០រូប ចំពោះការខិតខំប្រឹងប្រែងក្នុងអំឡុងការសិក្សា និងក្រុមសហគ្រិនចំនួន ៣ក្រុម ចំពោះការបង្កើតគំនិតល្អជាងគេ ដើម្បីធ្វើឲ្យក្លឹបមិត្តសហគ្រិន “បន្ដធ្វើការរួម គ្នាកាន់តែរឹងមាំ”។

ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា៖ “ក្នុងនាមជាថ្នាលជាតិដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា សហគ្រិនខ្មែរសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងការបង្កើត និងអនុវត្តកម្មវិធីជាច្រើន ដើម្បីគាំទ្រសហគ្រិនទូទាំងប្រទេស។ កម្មវិធី “ធ្វើឲ្យអាជីវកម្មប្រសើរឡើង” មានលក្ខណៈពិសេសខុសពីកម្មវិធីផ្សេងទៀត ព្រោះវាគាំទ្រសហគ្រិននៅតាមបណ្ដាខេត្តដែលមានបំណងចង់អភិវឌ្ឍជំនាញទន់ និងជំនាញបច្ចេកទេសរបស់ខ្លួនបន្ថែម។
លោក សេង រតន:វិស្ស័យ នាយកប្រតិបត្តិអែនធើប្រាយវិហ្សិនអាខេដេមី បានបញ្ជាក់ថា៖ “ប្រសិនបើគ្មានការគាំទ្រពីសហគ្រិនខ្មែរទេ កម្មវិធីក៏មិនអាចរីកសាយភាយដល់សហគ្រិនទាំង ១៧ ខេត្ដនោះបានដែរ ។ ក្នុងអំឡុង៣ឆ្នាំនេះ ភាពជាដៃគូរបស់យើងបានជះផលប៉ះពាល់ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតាមបណ្ដាខេត្ដក្នុងប្រទេសកម្ពុជា។ អែនធើប្រាយវិហ្សិនអាខេដេមី ពិតជាមានសេចក្ដីសោមនស្សរីករាយក្នុងការបន្ដភាពជាដៃគូជាមួយសហគ្រិនខ្មែរសម្រាប់រដូវកាលទី៤នៃកម្មវិធីESF ដែលនឹងបើកសម្ពោធឆាប់ៗក្នុងត្រីមាសទី១នៃឆ្នាំ២០២៤នេះ ដើម្បីបន្ដគាំទ្រសហគ្រាសធនតូច និងមធ្យមតាមបណ្ដាខេត្ដផ្សេងៗទៀត។





