ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ឲ្យដឹងថា ការអភិវឌ្ឍ ខេត្តកែប គឺរាប់បញ្ចូលទាំងទីក្រុង ឆ្នេរខ្សាច់ កោះ ផ្សារ កំពង់ផែទេសចរណ៍ ភូមិដ្ឋានប្រជាពលរដ្ឋ មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ក៏ដូចជា រមណីដ្ឋានទេសចរណ៍នានាផងដែរ។
ក្រសួងទេសចរណ៍ ក៏បានលើកទឹកចិត្តឱ្យមាន ការបង្កើតលំនៅដ្ឋានទី ២ សម្រាប់ភ្ញៀវទេសចរវ័យចំណាស់ ឬចូលនិវត្តន៍នៅខេត្តកែបនេះផងដែរ ដើម្បីឱ្យពួកគេ ពន្យាពេលក្នុងការទស្សនា និងស្នាក់នៅក្នុងរយៈពេលយូរ ក្នុងប្រទេសកម្ពុជា ដែលជំរុញឱ្យមានការចំណាយច្រើន។
សម្រាប់ខេត្តជាប់សមុទ្រដទៃទៀត សុទ្ធតែមានសក្តានុពលរៀងៗខ្លួន ហើយរាជរដ្ឋាភិបាល ក៏បានសម្រេចលើការសិក្សារៀបចំ «ខេត្តកំពតទៅជាតំបន់ទេសចរណ៍វប្បធម៌បេតិកភណ្ឌ និងកសិទេសចរណ៍» ក្នុងពេលដែលរាជរដ្ឋាភិបាល បាននិងកំពុងសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិមួយ ក្នុងគម្រោងកិច្ចសហប្រតិបត្តិការមហាអនុតំបន់ទន្លេមេគង្គ ដែលអាចនឹងបញ្ចប់នៅដើមឆ្នាំ ២០២០ ខាងមុខផងដែរ។
លើសពីនេះ ក៏មានគម្រោងរៀបចំខេត្តកោះកុងទៅជា «តំបន់អេកូទេសចរណ៍» ផងដែរ ខណៈខេត្តព្រះសីហនុ បានក្លាយជាតំបន់ទេសចរណ៍ និងសេដ្ឋកិច្ចពហុបំណងរួចហើយ ពោលគឺខេត្តជាប់ឆ្នេរសមុទ្រទាំង ៤របស់កម្ពុជានេះ សុទ្ធតែមានលក្ខណៈពិសេសរៀងៗខ្លួន ដែលផ្ដល់ផលចំណេញយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ៕