ជំនាញទាំងនោះគឺមានភាពស្មុគស្មាញ និងខ្លះទៀតប្រាកដប្រជា ដែលចាំបាច់តម្រូវឲ្យអ្នកទាំងនោះមានបទពិសោធន៍ និងការសិក្សាដើម្បីប្រើប្រាស់បានប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែ រាល់សហគ្រិនជោគជ័យទាំងអស់យល់ស្របគ្នាថា មានជំនាញមួយចាំបាច់បំផុត ហើយក៏ជាមូលដ្ឋានគ្រឹះដើម្បីឲ្យការងារ និងមុខរបរអាជីវកម្មប្រកបដោយជោគជ័យនោះគឺ សិល្បៈក្នុងការទំនាក់ទំនង។
បើតាមទស្សនាវដ្តីសហគ្រិនភាព បានចុះផ្សាយថា អ្វីៗគ្រប់យ៉ាងគឺចាប់ផ្តើមពីកិច្ចសន្ទនាមួយ។ ជំនាញក្នុងការទំនាក់ទំនងគឺជាកត្តាកំណត់មួយដើម្បីឲ្យវិស័យផ្សេងៗទៀតដើរទៅមុខក្រោមការដឹកនាំរបស់យើង។
ឧទាហរណ៍ជាក់ស្តែង យើងចាំបាច់ត្រូវប្រើជំនាញប្រកបដោយសិល្បៈទំនាក់ទំនងក្នុងការងារជាច្រើនដូចជា៖
- ការធ្វើបទបង្ហាញគម្រោងអាជីវកម្មទៅកាន់វិនិយោគិន
- បញ្ចុះបញ្ចូលអតិថិជន
- សម្ភាសជ្រើសរើសសមាជិកក្រុម
- កិច្ចប្រជុំនានា
- ការចរចាធុរកិច្ច
ការពិតទៅ ទំនាក់ទំនងគឺជាជំនាញមូលដ្ឋានមួយដែលមានឥទ្ធិពលទៅលើគ្រប់វិស័យទាំងអស់នៃអាជីវកម្មរបស់យើង។ ប៉ុន្តែ បើនិយាយពីជំនាញនេះវិញ គឺគ្មានថ្នាក់បង្រៀនណាមួយជាក់ច្បាស់បង្ហាញអំពីរូបមន្តស័ក្ដិសិទ្ធដើម្បីទំនាក់ទំនងរបស់យើងនោះទេ វាអាស្រ័យទៅលើការប្រតិបត្តិរបស់យើងម្នាក់ៗ។
ថ្វីត្បិតតែមិនមានថ្នាក់បង្រៀនជាក់លាក់ណាមួយអំពីប្រសិទ្ធភាពក្នុងការប្រើប្រាស់ជំនាញទំនាក់ទំនងយ៉ាងណាក៏ដោយ តែបើតាមទស្សនាវដ្តីសហគ្រិនភាព យើងអាចដុសខាត់ជំនាញទំនាក់ទំនងនេះ ឲ្យកាន់តែប្រសើរឡើងតាមគន្លឹះទាំង៥ខាងក្រោមនេះ៖
១. ផ្ចង់អារម្មណ៍ផ្តោតការយកចិត្តទុកដាក់
មានអត្ថបទនិងឯកសារជាច្រើនបានប្រាប់យើងឲ្យសម្តែងការយកចិត្តទុកដាក់តាមរយៈការប្រើក្រសែភ្នែកទំនាក់ទំនង ងក់ក្បាល ឬថាតាមនូវអ្វីដែលគេបានប្រាប់យើង។ ប៉ុន្តែ បើតាមលោកស្រី សេឡេស ហេដលី (Celeste Headlee ) បានលើកឡើងថា ហេតុដូចម្តេចបានជាយើងចាំបាច់ត្រូវសម្តែងធ្វើជាយកចិត្តទុកដាក់ ក្នុងខណៈដែលយើងកំពុងតែផ្តោតអារម្មណ៍របស់យើង។
មនុស្សមានកាយវិការនិងលក្ខណសម្បត្តិក្នុងការផ្ចង់អារម្មណ៍យកចិត្តទុកដាក់តាមបែបផែនផ្សេងៗគ្នា។ នៅពេលដែលយើងសន្ទនា យើងត្រូវផ្ទៀងផ្ទាត់ស្តាប់គេនិយាយពីអ្វី ដើម្បីឲ្យយើងក្រេបបានពីខ្លឹមសារ និងប្រាស្រ័យទាក់ទងត្រឡប់ទៅវិញដើម្បីយល់ឲ្យកាន់តែច្បាស់។
២. សួរសំណួរដែលមានចម្លើយបើកទូលាយ
ដំបូន្មានទូទៅមួយសម្រាប់ធ្វើឲ្យការប្រាស្រ័យទាក់ទងរបស់យើងប្រសើរឡើងនោះ គឺការសួរសំណួរឲ្យបានច្រើន ប៉ុន្តែ នេះជួយបានតែពាក់កណ្តាលទេ។ យើងអាចសួរសំណួរខ្លះដដែលៗដើម្បីគ្រាន់តែចង់បានចម្លើយមួយល្អតែប៉ុណ្ណោះ ប៉ុន្តែ បើសិនជាយើងសួរសំណួរបើកដោយឲ្យអ្នកឆ្លើយអាចបើកទូលាយបាន នោះយើងនឹងទទួលបានព័ត៌មានបន្ថែមទៀតក្រៅពីចម្លើយ។
៣. បណ្តោយឲ្យការសន្ទនាទៅតាមដំណើររបស់វា
ក្នុងអំឡុងពេលយើងប្រាស្រ័យទាក់ទងគ្នា វានឹងមានបញ្ហា និងចំណុចជាច្រើនលេចឡើងក្នុងខណៈនោះ។ ចូរកុំខំប្រឹងកម្រិត ឬដាក់ដែនកំណត់លើការសន្ទនាទាំងនោះពេក ព្រោះវាអាចកម្រិតនូវគំនិតថ្មីៗរបស់យើងផងដែរ។ គោលបំណងនៃកិច្ចសន្ទនារបស់យើងគឺរក្សាធ្វើម៉េចឲ្យកិច្ចសន្ទនា និងការប្រាស្រ័យទាក់ទងសកម្មរស់រវើកនិងមានភាពវិជ្ជមាន។
៤. កំហុសពីការប្រយ័ត្នពេក
មនុស្សជាច្រើននឹងកត់សម្គាល់លើពាក្យសម្តីរបស់យើង អ៊ីចឹងយើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្នក្នុងការឆ្លើយតប និងប្រាស្រ័យទាក់ទងនោះ។ ឧទាហរណ៍ក្នុងករណីអាជីវកម្មកុំព្យូទ័រមួយ បើសិនជាអតិថិជនម្នាក់មកសួរយើងថា តើអាចសម្រួលធ្វើម៉េចឲ្យប្រព័ន្ធ Software របស់គាត់ ឲ្យត្រូវជាមួយម៉ាស៊ីនថ្មីបានឬទេ? ចូរកុំឆ្លើយថា បាន ភ្លាមៗ ក្នុងករណីយើងមិនច្បាស់ តែព្រោះតែចង់យកចិត្តអតិថិជនពេក។
វិធីល្អបំផុតគឺបន្លាយការសន្ទនាឲ្យបានវែងដើម្បីឆែកជាមួយក្រុមការងារ ឬអ្នកបច្ចេកទេសសិន។ ចម្លើយដែលយើងគួរប្រើក្នុងករណីចៀសមិនបាន គឺយើងមិនដឹងច្បាស់នោះទេ ចាំឆែកបន្តិចសិន។
៥. ប្រសិនបើមិនចាំបាច់ទេ រំលងចោលចំណុចណាពិស្តារៗពេក
ខ្លី តែច្បាស់លាស់ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងឥទ្ធិពលបំផុតក្នុងការធ្វើឲ្យពាក្យសម្ដីរបស់យើងមានន័យ គេស្តាប់បាន។ អ៊ីចឹង មានពេលខ្លះ រក្សាកិច្ចសន្ទនារបស់យើងឲ្យមានលក្ខណៈខ្លីខ្លឹម៕