ទីផ្សារទុរេន

កសិកររំពឹងទីផ្សារទុរេនខ្មែរនឹងកាន់តែមានសក្ដានុពល ក្រោយបានហក់ចូលទីផ្សារចិន


មកទល់ពេលមានចម្ការទុរេនជាង១០០ និងរោងចក្រវេចខ្ចប់ចំនួន៣០ត្រូវបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ បច្ចុប្បន្នមានក្រុមអ្នកជំនួញ និងក្រុមហ៊ុនជាច្រើនបានចាប់ផ្ដើមចុះប្រមូលទិញផ្លែទុរេនស្រស់របស់កម្ពុជា ដោយផ្ទាល់នៅតាមចម្ការ និងបាននាំចេញទៅកាន់ទីផ្សារចិន ជាបណ្ដើរៗហើយ ដោយជាផែនការ ចិន គ្រោងបញ្ជាទិញទុរេនកម្ពុជា ប្រមាណ២ម៉ឺនតោននៅឆ្នាំនេះ។
ទីផ្សារទុរេន
ដោយ

អ្នកដាំទុរេននៅកម្ពុជា រំពឹងថា ការហក់ចូលទីផ្សារចិន វានឹងជួយធ្វើឱ្យទុរេនរបស់កម្ពុជា កាន់តែមានភាពល្បីល្បាញ និងជួយពង្រីកទីផ្សារទុរេនកម្ពុជា កាន់តែទូលំទូលាយបន្ថែមទៀត។
ឧកញ៉ា ចាន់ ស៊ីថា ម្ចាស់ចម្ការទុរេនម្នាក់នៅខេត្តកំពត បានបង្ហាញជំនឿយ៉ាងមុតមាំថា ការហក់ចូលទីផ្សារចិនរបស់ទុរេនខ្មែរ វាជួយលើកកម្ពស់ទីផ្សារទុរេនខ្មែរឱ្យកាន់តែមានភាពល្បីល្បាញ និងទូលំទូលាយបន្ថែមទៀត ជាពិសេសជួយដោះសា្រយបញ្ហាទីផ្សារ ដែលជាក្តីកង្វល់កន្លងមករបស់កសិករ។ ទន្ទឹមនឹងទទួលបានឱកាសនាំចេញទៅកាន់ទីផ្សារចិន លោកឧកញ៉ា ស្នើដល់ម្ចាស់ចម្ការទុរេនត្រូវយកចិត្តទុកដាក់ខ្ពស់លើបច្ចេកទេសថែទាំឱ្យស្របតាមស្ដង់ដា ដែលខាងភាគីបញ្ជាទិញចង់បាន ដើម្បីរក្សាកិត្តិយស និងតម្លៃទុរេនខ្មែរលើឆាកអន្តរជាតិ ឱ្យបានយូរអង្វែង។
ជាមួយគ្នានេះលោក ហេង ឆេងលី ប្រធានសហគមន៍កសិកម្មទុរេនបែកអន្លូងស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា មកទល់ពេលនេះ មានក្រុមហ៊ុនចិនចំនួន៣ កំពុងចាប់ផ្ដើមប្រមូលទិញផ្លែទុរេនតាមចម្ការក្នុងតំបន់បែកអន្លូង និងបាននាំចេញទៅចិន ជាបណ្ដើរៗហើយ។ បើតាមអ្នកជំនាញរូបនេះក្រុមហ៊ុនរបស់ចិន ទាំងនេះ បានបញ្ជាទិញផ្លែទុរេនក្នុងតំបន់បែកអន្លូង ប្រមាណ១ពាន់តោនរួចស្រាច់ទៅហើយ និងមានក្រុមហ៊ុនខ្លះទៀតកំពុងចរចាជាមួយម្ចាស់ចម្ការផងដែរ។ បើតាមលោក ហេង ឆេងលី ការបញ្ជាទិញរបស់ក្រុមហ៊ុនចិន ស្ថិតក្នុងតម្លៃប្រមាណ១២,០០០រៀលក្នុង១គីឡូក្រាម ដោយប្រហាក់ប្រហែលនឹងតម្លៃដែលក្រុមឈ្មួញក្នុងស្រុកប្រមូលទិញដល់ចម្ការដែរ។
ដោយឡែក លោក រឿន រតនា លេខាប្រតិបត្តិ នៃសមាគមទុរេនកម្ពុជា បានគូសបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុននាំចេញទុរេនទៅចិន បានចាប់ផ្ដើមប្រមូលទិញផ្លែទុរេនក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ជាបណ្ដើរៗហើយ។ អ្នកជំនាញរូបនេះទទួលស្គាល់ថា តម្លៃដែលក្រុមហ៊ុនបញ្ជាទិញពិតជាមានតម្លៃទាបជាងទីផ្សារក្នុងស្រុក ប៉ុន្តែជាតម្លៃដែលម្ចាស់ចម្ការទទួលយកបាន និងបានលើកកិត្តិយសទុរេនរបស់កម្ពុជា នៅលើទីផ្សារចិន។
ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា មកទល់ពេលនេះមានចម្ការទុរេនចំនួន១១២ និងរោងចក្រវេចខ្ចប់ចំនួន៣០ត្រូវបានចុះបញ្ជីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការនាំចេញផ្លែទុរេនស្រស់ពីកម្ពុជា ទៅកាន់ប្រទេសចិន។ បើតាមអ្នកនាំពាក្យរូបនេះ អគ្គនាយកដ្ឋានក្សេត្រសាស្ដ្រនៃក្រសួងកសិកម្ម នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអគ្គរដ្ឋបាលគយចិន ដើម្បីពិនិត្យសំណើរសុំចុះបញ្ជីចម្ការ និងរោងចក្រវេចខ្ចប់ផ្លែទុរេនស្រស់សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសចិនបន្ថែមទៀត៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


អាជ្ញាធរវៀតណាម បង្ក្រាបការយកសាច់ជ្រូកត្រាំថ្នាំគីមីបន្លំលក់ជាសាច់គោបានជាង១៥តោន

អាជ្ញាធរវៀតណាមបានឃាត់ខ្លួនបុរសពីររូបនៅទីក្រុងហូជីមិញ ក្រោយរកឃើញការបើកសិប្បកម្មកែច្នៃសាច់ជ្រូកដោយប្រើសារធាតុគីមី និងឈាមជ្រូក ដើម្បីបន្លំធ្…

កម្ពុជា នាំចូលម៉ាស៊ីន និងឧបករណ៍អគ្គិសនី ក្នុងទំហំជាង១,៣ពាន់លានដុល្លារ កើនឡើងជិត៨៥% នៅ៤ខែឆ្នាំនេះ

វិបត្តិថាមពលសកល និងការប្រែប្រួលនៃតម្រូវការទីផ្សារកំពុងជំរុញឱ្យនិន្នាការនៃការប្រើប្រាស់ឧបករណ៍អគ្គិសនីនៅកម្ពុជា បានហក់ឡើងខ្ពស់គួរឱ្យកត់សម្គា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ