
បើតាមប្រភពព័ត៌មានពី Channel News Asia បានឲ្យដឹងថា គម្រោងផ្លូវរថភ្លើងនេះ បានលើកពេលវេលាដំណើរការ អាចទៅដល់ឆ្នាំ ២០៣១ខាងមុខ ខណៈដែលការព្រមព្រៀងគ្នាពីមុនថា នឹងដំណើរការនៅចុងឆ្នាំ ២០២៦។ យ៉ាងណាក៏ដោយចុះ ដើម្បីព្យួរគម្រោងផ្លូវរថភ្លើងល្បឿនលឿនពី កូឡាឡាំពួរ ទៅប្រទេសសាំងហ្គាពួរនេះ រដ្ឋាភិបាលម៉ាឡេស៊ី សុខចិត្តបង់ខាត ១៥លានដុល្លារអាមេរិក ដោយនឹងត្រូវសងទៅកាន់ប្រទេសសាំងហ្គាពួរ នៅត្រឹមចុងខែមករា ឆ្នាំ២០១៩។

គម្រោងខ្សែររថភ្លើងល្បឿនលឿននេះ គឺជាគម្រោងមួយ ក្នុងចំណោមគម្រោងធំៗជាច្រើនទៀត ដែលត្រូវបានអនុម័តដោយរដ្ឋាភិបាលម៉ាឡេស៊ីអាណត្តិមុន ខណៈដែលរដ្ឋាភិបាលអាណត្តិថ្មីរបស់ លោក មហាធៀ បាននិងកំពុងត្រួតពិនិត្យ និងធ្វើការផ្អាកគម្រោងទាំងនោះទុកសិន ដោយបានអះអាងថា វាមិនបានហ៊ុចផលប្រយោជន៍ជាដុំកំភួនដល់ពលរដ្ឋម៉ាឡេស៊ីនោះឡើយ។
ប្រទេសសាំងហ្គាពួរត្រូវបានគេដឹងថា បានចំណាយទុនលើគម្រោងនេះ អស់ប្រមាណ ២៥០ លានដុល្លារសាំងហ្គារពួរ ឬស្មើនឹងប្រមាណ ១៨០លានដុល្លារអាមេរិករួចហើយ គិតត្រឹមខែឧសភាកន្លងទៅនេះ។
គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះដែរ ត្រូវបានគេដឹងថា មានប្រវែង៣៥០គីឡូម៉ែត្រ ដែលមានគោលដៅ កាត់បន្ថយពេលវេលាធ្វើដំណើររវាងសាំងហ្គាពួរ និងទីក្រុងកូឡាឡាំពួរ ដោយគ្រាន់តែចំណាយពេល ៩០នាទីប៉ុណ្ណោះ។
យ៉ាងណាក៏ដោយចុះ បើតាមការលើកឡើងរបស់លោក មហាធៀ កាលពីទើបជាប់ឆ្នោតថ្មីថ្មោងក៏ធ្លាប់បានបង្ហើបពីការលុបចោលគម្រោងខ្សែរថភ្លើងល្បឿនលឿននេះដែរ ដោយបាននិយាយថា គម្រោងនេះ ហាក់មិនបានផ្ដល់ប្រយោជន៍ច្រើនដល់ប្រទេសម៉ាឡេស៊ីនោះទេ។
សូមជម្រាបដែរថា ក្រោយពីបានឈ្នះឆ្នោត និងដឹកនាំក្បាលម៉ាស៊ីនរដ្ឋាភិបាលម៉ាឡេស៊ី លោកមហាធៀ បានប្រកាសថា នឹងត្រួតពិនិត្យសើរើឡើងវិញនូវគម្រោងធំៗមួយចំនួន ដែលរដ្ឋាភិបាលអាណត្តិមុនបានអនុម័ត និងអាចឈានទៅលុបចោលផងដែរ ប្រសិនបើរាល់គម្រោងណាដែលប៉ះពាល់ដល់ប្រយោជន៍របស់ប្រជាជាតិម៉ាឡេស៊ី។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលថ្មីម៉ាឡេស៊ី ក៏ទើបតែបានព្យួរចោលគម្រោងអភិវឌ្ឍន៍ធំៗចំនួន ៣ ដែលស្ថិតនៅក្រោម ទុនវិនិយោគរបស់ចិន ដោយមានទុនវិនិយោគ ២៣ពាន់លានដុល្លារអាមេរិក និងមានគម្រោងផ្សេងៗជាច្រើនទៀតផងដែរ៕