បើយោងតាមអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកក្រុមហ៊ុន OCIC ដែលវិនិយោគសាងសង់ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ និងទីក្រុងរណបកោះនរា បានឲ្យដឹងថា ស្ពានបេតុងខ្សែកាបដែលតភ្ជាប់តំបន់កោះពេជ្រទៅកោះនរានេះ នឹងចំណាយថវិកា ៣៨លានដុល្លារអាមេរិក និងរយៈពេលសាងសង់ចំនួន ៣៥ខែ គិតពីថ្ងៃបើកការដ្ឋានសាងសង់នេះទៅ ។
អ្នកឧកញ៉ា ពុង ឃាវសែ ក៏បានឲ្យដឹងដែរថា ស្ពានបេតុងខ្សែកាបដែលតភ្ជាប់កោះពេជ្រ ទៅ កោះនរានេះ រចនាប្លង់ដោយក្រុមហ៊ុនចិន និងសាងសង់ដោយក្រុមហ៊ុនចម្រុះចិន-ខ្មែរ ។
សូមជម្រាប ទីក្រុងរណបកោះនរា ស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ លាតសន្ធឹងរហូតជិតកៀនស្វាយ ស្ថិតនៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនោះ គឺជាវិនិយោគរបស់ក្រុមហ៊ុនវិនិយោគទុនក្រៅប្រទេស (OCIC) របស់មហាសេដ្ឋីដ៏មានឥទ្ធិពលនិងរឹងមាំបំផុតអស់រយៈពេលជាច្រើនទសវត្សរ៍ឧកញ៉ា ពុង ឃាវ សែ ។
មហាសេដ្ឋីអាត់កឺរូបនេះ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីនេះ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ នាពេលអនាគត៕