សារព័ត៌មាន Al Jazeera បានរាយការណ៍កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ថា លោក ហ្វ្រេឌ្រិក មើស (Friedrich Merz) អធិការបតីអាល្លឺម៉ង់បានរិះគន់កិច្ចប្រជុំត្រីភាគីនៅទីក្រុងស៊ិនជិន ថា គ្រាន់តែជាការថតរូបយកមុខប៉ុណ្ណោះ និងបានព្រមានត្រង់ៗថា រាល់កិច្ចព្រមព្រៀងសន្តិភាពណាមួយ ដែលធ្វើឡើងដោយគ្មានអឺរ៉ុបចូលរួមនឹងទទួលបរាជ័យជាក់ជាមិនខាន។ លោក ហ្វ្រេឌ្រិក បានសង្កត់ធ្ងន់ថា ប្រសិនបើឈានដល់ការចរចាសន្តិភាព ដាច់ខាតត្រូវតែមានវត្តមានអឺរ៉ុបចូលរួម ហើយការចរចានោះអាចទទួលបានជោគជ័យ លុះត្រាតែមានការចូលរួមពីទាំងអ៊ុយក្រែន និងអឺរ៉ុប។ លោក ក៏បានបង្ហាញក្តីសង្ឃឹមថា នឹងមានការធ្វើការជាក្រុមរួមគ្នាជាមួយទីក្រុងកៀវ និងទីក្រុងវ៉ាស៊ីនតោន នៅពេលរៀបចំតុចរចាជាមួយរុស្ស៊ី។
ជាមួយគ្នានេះ លោក អ៊ែនឌី ប៊ើនហេម (Andy Burnham) នាយករដ្ឋមន្ត្រីអង់គ្លេសបានថ្លែងបញ្ជាក់ថា អឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការចូលតុចរចា ដោយមានជំហរច្បាស់លាស់ស្របគ្នា និងរួបរួមគ្នា ហើយកិច្ចព្រមព្រៀងសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវតែជាអាទិភាពចម្បងគេ។
ការចេញមកប្រតិកម្មបង្ហាញការមិនពេញចិត្តរបស់បណ្តាប្រទេសអឺរ៉ុបបានផ្ទុះឡើងបន្ទាប់ពីសហភាពអឺរ៉ុបត្រូវបានផាត់ចេញពីដំណើរការចរចាកន្លងមករវាងសហរដ្ឋអាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន។ លើសពីនេះ សេចក្តីប្រកាសសន្តិភាពជានិមិត្តរូបនៅទីក្រុងស៊ិនជិន កាលពីថ្ងៃព្រហស្បតិ៍ បានបង្កឱ្យមានសំណួរជាច្រើនក្នុងចំណោមសម្ពន្ធមិត្តអាម៉េរិកអំពីទំនាក់ទំនង ដែលកាន់តែជិតស្និទ្ធឡើងរវាងលោក ត្រាំ ជាមួយលោក ស៊ី និងលោក ពូទីន ទោះបីជាសេចក្តីប្រកាសនោះមិនបានលើកឡើងពីសង្គ្រាមនៅអ៊ុយក្រែន ឬជម្លោះជាមួយអ៊ីរ៉ង់ ក៏ដោយ។
គួរកត់សម្គាល់ថា សហរដ្ឋអាម៉េរិក និងអឺរ៉ុប ដែលធ្លាប់ជាសម្ពន្ធមិត្តជិតស្និទ្ធអស់ជាច្រើនទសវត្សរ៍ចាប់តាំងពីក្រោយសង្គ្រាមលោកលើកទី២ បានចាប់ផ្តើមមានគម្លាតពីគ្នាជាបន្តបន្ទាប់ បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានកាត់បន្ថយការគាំទ្រដល់អ៊ុយក្រែន និងទទូចឱ្យបណ្តាប្រទេសសមាជិកអង្គការណាតូ បង្កើនការចំណាយថវិកាដោយខ្លួនឯងសម្រាប់វិស័យការពារជាតិ៕
អត្ថបទៈ សួន ឡង់ទី