តួយ៉ាង បើតាមថ្នាក់ដឹកនាំក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ទីក្រុងរណបកោះនរាដ៏ធំមួយនេះ បានអះអាងប្រាប់ខេមបូណូមីសថា រហូតមកទល់នឹងពេលនេះ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងក្រុងរណបមួយនេះ គឺសម្រេចបាន ៦០%ហើយ ខណៈដែលគម្រោងស្ពានឆ្លងពីកោះនរាទៅកោះពេជ្រ និងពីកោះនរាទៅផ្លូវជាតិលេខ១វិញ ក៏សាងសង់បាន២០%ហើយដែរ ។
លោក ទូច សំណាង នាយកគ្រប់គ្រងក្រុមហ៊ុន OCIC បានបញ្ជាក់ប្រាប់ក្រុមការងារខេមបូណូមីស ថា បើទោះបីជាមានផលប៉ះពាល់ខ្លះដោយសារខ្វះកម្លាំងពលកម្ម នៅអំឡុងពលបិទខ្ទប់ កាលពីពេលកន្លងទៅក៏ដោយ តែរហូតមកទល់នឹងពេលគម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា បាននិងកំពុងបន្តការសាងសង់របស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដោយសម្រេចបានប្រមាណ៦០%ហើយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធទូទៅ។ រីឯ គម្រោងស្ពានពីកោះនរាទៅកោះពេជ្រ និងពីកោះនរាទៅផ្លូវជាតិលេខ១វិញ ក៏សាងសង់បាន២០%ហើយដែរ។
បើតាមការបញ្ជាក់បន្ថែមពីនាយកគ្រប់គ្រងក្រុមហ៊ុន OCIC នៅពេលនេះការចាក់បំពេញដីរបស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណបកោះនរា គឺជិតដល់កោះប្រាក់ ស្រុកកៀនស្វាយខេត្តកណ្តាលហើយ ហើយរំពឹងថា ការចាក់ដីនេះ នឹងរួចរាល់១០០% នៅដំណាច់ឆ្នាំ២០២១នេះ។
ទីក្រុងរណបកោះនរា មានទីតាំងស្ថិតនៅខាងកើតនៃទីក្រុងកោះពេជ្រ ដែលនឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ដ៏ទាក់ទាញបំផុតសម្រាប់រាជធានីភ្នំពេញ និងជាទីកន្លែងបណ្តុំទៅដោយអគារពាណិជ្ជកម្មធំៗ ខ្ពស់ៗ ដូចជា អគារស្នាក់នៅរួម ខុនដូ ផ្សារទំនើប សណ្ឋាគារ ជាដើម។
បើតាមការអះអាងរបស់អ្នកឧកញ៉ា ពុង ឃាវសែ ទីក្រុងរណបកោះនរាមានទំហំផ្ទៃដី ១២៥ ហិកតា គ្រោងនឹងចំណាយថវិកាអភិវឌ្ឍន៍សាងសង់សរុប ២.៥០០លានដុល្លារអាមេរិក ហើយទីក្រុងរណបកោះនរានេះ អាចអនុញ្ញាតឲ្យពលរដ្ឋរស់នៅបានដល់៥ម៉ឺននាក់។
ដោយឡែក ក្រុមហ៊ុនគ្រោងចំណាយទឹកប្រាក់ ៥៥០ លានដុល្លារ សម្រាប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរយៈពេល៣ឆ្នាំដំបូង ដោយគេរំពឹងថា នឹងចូលរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបប្រមាណ ២២៥លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលស្មើនឹង០,៩% នៃ GDP នាពេលបច្ចុប្បន្ន។
គម្រោងនេះ អាចនឹងត្រូវការកម្លាំងពលកម្មប្រមាណ ៧០០នាក់ និងអាចកើនដល់៧ពាន់នាក់ នៅពេលមានសកម្មភាពសាងសង់ពេញទំហឹង។ នៅពេលបញ្ចប់ការសាងសង់ទីក្រុងរណបកោះនរានេះ នឹងអាចបង្កើតការងារបានដល់ជាង ១ម៉ឺនកន្លែង។
សូមបញ្ជាក់ផងដែរថា អ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគរាប់ពាន់លានដុល្លារអាមេរិកទៅលើគម្រោងអភិវឌ្ឍន៍ទីក្រុងរណបចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទី១ ទីក្រុងរណបកោះពេជ្រ ទី២ គឺទីក្រុងរណបជ្រោយចង្វារ ទីក្រុងនៃអនាគត និង ទី៣ ទីក្រុងរណបកោះនរា នេះតែម្តង។
ដោយឡែក គម្រោងសាងសង់ស្ពានបេតុងខ្សែកាបចំនួន ២ ខ្សែ ក៏ត្រូវបានដោយក្រុមហ៊ុន OCIC ផងដែរ ដែលត្រូវចំណាយថវិកា ប្រមាណជិត៤០លានដុល្លារ ដោយក្នុងនោះស្ពានទី ១ ជាប្រភេទស្ពានបេតុងយោងខ្សែកាបតភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់តំបន់អភិវឌ្ឍន៍កោះនរា ចំណាយថវិកាសាងសង់ចំនួន ១លាន៦សែនដុល្លារ និងស្ពានទី២ ភ្ជាប់ពីតំបន់អភិវឌ្ឍន៍កោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រ ដោយត្រូវចំណាយថវិកាប្រមាណ ៣៨លានដុល្លារ៕