ការប្រកាសឲ្យដឹងនេះ គឺនៅខណៈដែលក្រុមហ៊ុនក្នុងស្រុកកូរ៉េចំនួន ៥ គ្រោងនឹងចាប់ផ្ដើមការសាកល្បងដំណាក់កាលចុងក្រោយនូវការចាក់វ៉ាក់សាំងដែលផលិតក្នុងស្រុករបស់ខ្លួន នៅឆមាសទីពីរនៃឆ្នាំ២០២១នេះ ។
ដំណឹងនេះក៏បានលេចឮឡើងបន្ទាប់ពីលោកប្រធានាធិបតី មូន ចេអ៊ីន (Moon Jae-in) បានបើកកិច្ចប្រជុំពិសេសមួយស្ដីពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ខណៈដែលកូរ៉េខាងត្បូងកំពុងបារម្ភអំពីរលកទីបួននៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសរបស់ខ្លួន ។
រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា ក្រុមហ៊ុនកូរ៉េខាងត្បូង SK Bioscience នឹងអាចចាប់ផ្ដើមផលិតវ៉ាក់សាំងកូវីដ-១៩ Novavax លឿនបំផុត គឺនៅខែមិថុនា ហើយអាចផ្គត់ផ្គង់បាន ២០លានដូសនៅត្រឹមដំណាច់ត្រីមាសទីបីនៃឆ្នាំនេះ ។
ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Novavax បានចុះកិច្ចព្រមព្រៀងផ្ដល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនកូរ៉េខាងត្បូង SK Bioscience ដើម្បីផលិតវ៉ាក់សាំងកូវីដ-១៩ប្រភេទ Novavax នេះ ចំនួន ៤០លានដូស សម្រាប់ប្រទេសកូរ៉េខាងត្បូង ។
រដ្ឋមន្ត្រីសុខាភិបាលកូរ៉េខាងត្បូងបានបន្ថែមថា នៅពេលដែលការផលិតក្នុងស្រុកចាប់ផ្ដើម កូរ៉េខាងត្បូងអាចនឹងមានស្ថិរភាពក្នុងការទទួលបានវ៉ាក់សាំងសម្រាប់ចាក់ឲ្យប្រជាជនរបស់ខ្លួន ។
តាមផែនការ កូរ៉េខាងត្បូងគ្រោងសម្រេចឲ្យបានការចាក់វ៉ាក់សាំងឲ្យប្រជាជនរបស់ខ្លួន ៥២លាននាក់ មានភាពស៊ាំជាសហគមន៍ នៅត្រឹមខែវិច្ឆិកា ឆ្នាំ២០២១ នេះ ៕