
លិខិតជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បានតម្រូវឲ្យអ្នកពុះដីឡូត៍ទាំងអស់ ត្រូវស្នើលិខិតអនុញ្ញាតអាជីវកម្មអភិវឌ្ឍដីឡូត៍ ពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត សម្រាប់ដីឡូត៍៍ដែលមានទំហំក្រោម ០១ហិកតា ឬ ១ម៉ឺនម៉ែត្រការ៉េ។
ចំណែកឯដីឡូត៍ដែលទំហំចាប់ពី ១ម៉ឺនម៉ែត្រការ៉េ ឬ ០១ហិកតា ឡើងទៅ ត្រូវតម្រូវឲ្យស្នើសុំអាជ្ញាប័ណ្ណអភិវឌ្ឍដីឡូត៍ ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើតាមលិខិតជូនដំណឹងដដែលរបស់ក្រសួងសេដ្ឋកិច្ច ក្នុងករណីម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូត៍ មិនអនុវត្តតាមការណែនាំនេះ ក្រសួង ឬមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងចាត់វិធានការរដ្ឋបាល និងផាកពិន័យ តាមប្រកាសលេខ ០៨៩ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ស្ដីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ៕