នេះបើតាមសារព័ត៌មានវៀតណាម VN Express។
សមាគមសហភាពអាជីវកម្មទីក្រុងហូជីមិញបានឲ្យដឹងថា ការខ្វះខាតកម្លាំងពលកម្មបានកើនឡើងដល់ទៅ ៣០ ភាគរយ ចាប់ពីពេលដែលវៀតណាមបើកក្រុងហូជីមិញឲ្យមានសកម្មភាពសេដ្ឋកិច្ចឡើងវិញតាំងពីថ្ងៃទី ១ ខែតុលាមក ពោលគឺនៅពេលដែលកម្មករបានចាកចេញពីទីក្រុង ស្នាក់នៅផ្ទះដើម្បីមើលថែកូនៗរបស់ពួកគេ ដោយសារតែសាលារៀនត្រូវបានបិទ ឬត្រូវបានធ្វើតេស្តវិជ្ជមាន និងការធ្វើចត្តាឡីស័កជាដើម។
អនុប្រធានសមាគមវាយនភ័ណ្ឌ និងសំលៀកបំពាក់វៀតណាមបាននិយាយថា កង្វះកម្លាំងពលកម្មបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលមកពីកម្មករកាត់ដេរ និងវាយនភ័ណ្ឌបានផ្លាស់ប្តូរទៅរកការងារនៅក្នុងឧស្សាហកម្មផ្សេងទៀត។ ទោះយ៉ាងណា លោកស្រីសង្ឃឹមថា ឧស្សាហកម្មទាំងនោះអាចជួលកម្មករចាប់ពីពេលនេះតទៅ ដោយសារអាជីវកម្មជាច្រើនដូចជាវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងម្ហូបអាហារនៅបន្ដបិទទ្វារនៅឡើយ។
ដោយឡែកប្រធានសហជីពការងាររបស់ក្រុមហ៊ុនបាននិយាយថា មានកម្មករចំនួន ១ ម៉ឺន ៦ ពាន់នាក់ដែលរស់ក្នុងខេត្តចំនួន ៤ មិនអាចវិលត្រឡប់មកទីក្រុងបានទេ ដោយសារខេត្តទាំងនោះមិនទាន់សម្រេចបានការឯកភាពអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរចេញចូលខេត្តនៅឡើយ។
សហគ្រាសដែលគ្រប់គ្រងដោយបរទេសនឹងមិនមានបញ្ហាកង្វះកម្លាំងពលកម្មទេដោយសារពួកគេមានគោលនយោបាយធនធានមនុស្សល្អ ដែលជំរុញឱ្យបុគ្គលិកនៅតែចង់មកធ្វើការនៅក្នុងក្រុមហ៊ុនទាំងនោះបន្ដ។
គួរជ្រាបថា ឧស្សាហកម្មដែលរងផលប៉ះពាល់ភាគច្រើនជាគេ នៅក្នុងបញ្ហាកង្វះកម្លាំងពលកម្មនេះ គឺរោងចក្រផលិតស្បែកសត្វ ៥២ ភាគរយ, រោងចក្រកាត់ដេរសម្លៀកបំពាក់, វាយនភ័ណ្ឌ, ឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកកុំព្យូទ័រ និងផលិតផលអុបទិកជាដើម៕
អត្ថបទ៖ ស៊ើង និមល់