ថ្លែងនាកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានក្នុងឆ្នាំ២០២៣ កន្លងមក និងបានចាត់ទុកការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានពន្ធដារជាការចូលរួមចំណែកដ៏សំខាន់ក្នុងការបន្តអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំរូបនេះបានគូសបញ្ជាក់ថា ដ្បិតថា នៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងសភាពការណ៍លំបាក ប្រឈមនឹងហានិភ័យ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ច និងនយោបាយសាកលយ៉ាងណាក៏ដោយ អគ្គនាយកដ្ឋានពន្ធដារសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធបានយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការថែមទៀតផង។
ជាក់ស្ដែង នៅពេញមួយឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករបានជាង៣ពាន់៦រយលានដុល្លារស្មើនឹងជាង១០១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៣ និងកើនឡើងជាង៤% បើធៀបនឹងឆ្នាំ២០២២។ យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជំរុញឱ្យអគ្គនាយកដ្ឋានពន្ធដារត្រូវបន្តពង្រឹងការប្រមូលចំណូលពន្ធបន្ថែមទៀត។ ជាមួយគ្នានេះឯកឧត្តម បានដាក់ចេញនូវទិសដៅការងារមួយចំនួនដល់អគ្គនាយកដ្ឋានពន្ធដារ ដោយជំរុញឲ្យអគ្គនាយកដ្ឋានពន្ធដារបន្តពង្រឹងការផ្សព្វផ្សាយ, បន្តរៀបចំ និងធ្វើបច្ចុប្បន្នភាពលិខិតបទដ្ឋានគតិយុត្ត,ពង្រឹងការយកចិត្តទុកខ្ពស់លើគុណភាពនៃការផ្ដល់សេវា, បន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តការងារកែទម្រង់ធនធានមនុស្ស និងរៀបចំលិខិតបទដ្ឋានគតិយុត្តជាដើម។
សូមបញ្ជាក់ថា ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ និងជាឆ្នាំចុងក្រោយនៃយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេល៥ឆ្នាំ២០១៩-២០២៣ ហើយឆ្នាំ២០២៤ គឺជាឆ្នាំទី១នៃការអនុវត្តយុទ្ធសាស្ត្រកៀរគរចំណូលដំណាក់កាល៥ឆ្នាំបន្ទាប់២០២៤-២០២៨។ ជារួមអគ្គនាយកដ្ឋានពន្ធដារបានអនុវត្តប្រកបដោយជោគជ័យនូវយុទ្ធសាស្ត្រកៀរគរចំណូល២០១៩-២០២៣ របស់រាជរដ្ឋាភិបាល ដែលផ្ដោតសំខាន់ទៅលើការធ្វើបច្ចុប្បន្នភាព និងទំនើបកម្មគោលនយោបាយ និងរដ្ឋបាលសារពើពន្ធជាបន្តបន្ទាប់ ដើម្បីជំរុញបង្កើនសមត្ថភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ៕