ទោះយ៉ាងណាក៏ដោយ ស្ថាបនិកនិងជាប្រធានក្រុមហ៊ុនអ៊ែតវូត (ATTWOOD) នាំចេញនាំចូល លោកជំទាវឧកញ៉ា លឹម ឈីវហូ លើកឡើងថា សមត្ថភាពរបស់កូនខ្មែរ គឺមិនអន់នោះទេ។
លោកជំទាវឧកញ៉ា លឹម ឈីវហូ មានប្រសាសន៍ថា វិនិយោគិនជប៉ុននិងអាមេរិកដែលមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជាតែងមើលឃើញថា សមត្ថភាពរបស់បុគ្គលិកនៅកម្ពុជាហាក់មិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងការចង់បានរបស់ពួកគេនៅឡើយទេ ជាហេតុធ្វើឲ្យពួកគេមួយចំនួនសូញសាញក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។
ប៉ុន្តែ លោកជំទាវតែងពន្យល់តបទៅកាន់វិនិយោគិនបរទេសទាំងនោះវិញថា គួរតែហ៊ានសាកល្បងសិន ទើបបានដឹងច្បាស់។ នៅទីបំផុត ការសាកល្បងរបស់វិនិយោគិនបរទេសទាំងនោះ ពិតជាបានទទួលជោគជ័យយ៉ាងខ្លាំងលើគម្រោងអាជីវកម្មរបស់ពួកគេ ដែលមានការចូលរួមជ្រោមជ្រែងពីបុគ្គលិកដែលជាកូនខ្មែរ។
តួយ៉ាង ការបើករោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ លើការផលិតគ្រឿងម៉ូទ័រតូចៗសម្រាប់បំពាក់លើយន្ដហោះ និងគ្រឿងសម្រាប់ទូរស័ព្ទ iPhone របស់ក្រុមហ៊ុនជប៉ុន បានទទួលជោគជ័យជាទីគាប់ចិត្ត ដោយក្នុងនោះមានការចូលរួម និងដឹកនាំដោយបុគ្គលិកដែលជាកូនខ្មែរផងដែរ។
បន្ថែមពីនេះ ការបើករោងចក្រកែច្នៃពេជ្ររបស់វិនិយោគិនពីអាមេរិកនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក៏ទទួលបានជោគជ័យខ្លាំងផងដែរ ដោយភាពជោគជ័យសឹងមិនគួរឲ្យជឿទាំងអស់នេះ គឺសុទ្ធសឹងជាស្នាដៃនិងការចូលរួមដ៏សកម្មពីបុគ្គលិកដែលជាកូនខ្មែរ។
វិធីសាស្ត្រក្នុងការដឹកនាំក្រុមហ៊ុន
នៅពេលដែលត្រូវសួរថា តើអ្វីជារូបមន្ដសម្រាប់ការដឹកនាំក្រុមហ៊ុនរបស់លោកជំទាវ? លោកជំទាវឧកញ៉ា លឹម ឈីវហូ លើកឡើងថា ការស្វែងយល់ពីបុគ្គលិកនិងការផ្ដល់ឱកាសឲ្យពួកគេបានបញ្ចេញនូវស្នាដៃ និងទទួលបានផលប្រយោជន៍ទៅតាមសមត្ថភាព នោះគឺជាគន្លឹះដ៏សំខាន់ដើម្បីឈានទៅរកការដឹកនាំក្រុមហ៊ុនប្រកបដោយវឌ្ឍនភាព។
លើសពីនេះ ការជ្រើសរើសដៃគូ ក៏ជាកត្តាសំខាន់ផងដែរ ដែលយើងត្រូវទាមទារសិក្សាពីប្រវត្តិឲ្យបានច្បាស់ និងមិនត្រូវមើលឃើញតែលុយនោះទេ តែត្រូវសម្លឹងមើលពីតម្លាភាព ទំនុកចិត្ត និងការកសាងនូវកេរ្ដិ៍ឈ្មោះល្អជាដើម។
ក្ដីសុបិនចុងក្រោយនៅក្នុងវិស័យជំនួញ
អ្វីដែលជាក្ដីសុបិនចុងក្រោយក្នុងការវិនិយោគនៅកម្ពុជា លោកជំទាវឧកញ៉ា លឹម ឈីវហូ ឲ្យដឹងថា លោកជំទាវមានគោលដៅពីរសំខាន់ គឺទីមួយ កសាងសាលារៀនអន្តរជាតិសម្រាប់កុមារ ដែលអាចរៀនចេះ៣ភាសា គឺ ចិន អង់គ្លេស និងខ្មែរ ខណៈដែលសាលានេះ លោកជំទាវបង្ហើបឲ្យដឹងថា គ្រោងនឹងបើកសម្ពោធនាចុងឆ្នាំនេះ ដែលមានទីតាំងនៅក្រោយអគារពាណិជ្ជកម្ម អែដវូដ។ លើសពីនេះ លោកជំទាវក៏បានត្រៀមដីរួចរាល់ជាស្រេច សម្រាប់ការបង្កើតជាមជ្ឈមណ្ឌលចាស់ជរា នៅពេលឆាប់ខាងមុខនេះផងដែរ។
លោកជំទាវឧកញ៉ា លឹម ឈីវហូ បានអំពាវនាវទៅកាន់យុវជនខ្មែរទាំងអស់គួរតែខិតខំរៀនសូត្រទាំងក្នុងនិងក្រៅប្រទេស ដើម្បីទទួលបានបទពិសោធន៍ និងជំនាញបានច្បាស់លាស់ដើម្បីអភិវឌ្ឍប្រទេសយើងឲ្យបានជឿនលឿនទៅមុខទៀត។
ជាពិសេស សហគ្រិនស្ត្រីវ័យក្មេងជំនាន់ក្រោយ ត្រូវហ៊ានលះបង់ និងក្លាហានក្នុងការចាប់ផ្ដើមធ្វើនូវរាល់ក្ដីសុបិនរបស់ខ្លួន ហើយកុំព្យាយាមបៀមទុក្ខ កុំទន់ជ្រាយនឹងសម្ដីបន្តុះបង្អាប់របស់អ្នកដទៃ និងត្រូវហ៊ាននិយាយចេញ និងធ្វើសកម្មភាពដើម្បីបង្ហាញស្នាដៃទៅកាន់មជ្ឈដ្ឋានជុំវិញខ្លួន ព្រោះបច្ចុប្បន្នបុរសធ្វើអ្វីបាន ស្ត្រីក៏អាចធ្វើបានដូចគ្នាដែរ៕