អ្នកឧកញ៉ា លី យ៉ុងផាត់ ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ថា ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលមានក្ដោបក្ដាប់ជំនួញធំៗ ពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ ទីក្រុងរណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថាននីយទូរទស្សន៍ភីអិនអិន ចម្ការអំពៅ និងការផ្គត់ផ្គង់ថាមពលទឹកភ្លើងនៅខេត្តកោះកុងជាដើម។
២ឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ វិនិយោគលើជំនួញអ្វីខ្លះ?
នៅរយៈពេល ២ឆ្នាំចុងក្រោយនេះ មហាសេដ្ឋី ដែលមានដើមកំណើតពីខេត្តកោះកុងរូបនេះ បាននិងកំពុងពង្រីកការវិនិយោគអាជីវកម្មធំៗជាច្រើនគួរឲ្យចាប់អារម្មណ៍ ក្នុងនោះ រួមមានដូចជា៖
១, កាលពី ចុងឆ្នាំ២០១៧កន្លងទៅ អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយបានបោះទុនវិនិយោគរាប់លានដុល្លារ បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ ។ បច្ចុប្បន្ន ផ្សារលក់ទំនិញបោះដុំមួយនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។
២, កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ បានបោះទុនជាង ១០លានដុល្លារ សាងសង់សួនសត្វភ្នំពេញសាហ្វារី ដែលជាសួនសត្វដ៏ធំជាងគេបំផុតនៅកម្ពុជា។ បច្ចុប្បន្ន សួនសត្វ ដែលមានផ្ទៃដី ជាង៦០ ហិកតានេះ បាននិងកំពុងបើកដំណើរការទទួលភ្ញៀវចូលទស្សនាជារៀងរាល់ថ្ងៃ។
៣, កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុន អិលវ៉ាយភី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ បានបើកដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីតមួយ ដែលមានឈ្មោះថា ឌឹ ព្រីមៀរ សែនសុខ សេនធ័រ ដោយមជ្ឈមណ្ឌលនេះ បានបោះទុនវិនិយោគសាងសង់អស់ទឹកប្រាក់ជាង ១០លានដុល្លារអាមេរិក។
៤, កាលពីជាងពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ២០១៨នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បានបើកដាក់ឲ្យដំណើរការសាកល្បងនូវផ្សារទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។ ផ្សារទំនើបនេះ ត្រូវបានសហការវិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ ដោយចំណាយទុនជាង ១០លានដុល្លារអាមេរិក លើផ្ទៃដីជិត ១០ហិកតា។ ផ្សារលក់ Global House នេះ នឹងបើកដំណើរការផ្លូវការនៅថ្ងៃទី ០១ ខែ ធ្នូ ឆ្នាំ ២០១៨។
៥, កាលពីជាងពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនអិលវ៉ាយភី គ្រុប បានបើកដំណើរការនូវសួនកម្សាន្ដ ដាយណូស័រ Jurassic Kingdom ដ៏ថ្មីសន្លាងមួយនៅជាប់នឹង ផ្សារទំនើប Global House ដោយសួនកម្សាន្ដនេះ មានការវិនិយោគជាមួយនឹងក្រុមហ៊ុនមកពីប្រទេសថៃ។
គម្រោងដែលអ្នកឧកញ៉ា លី យ៉ុងផាត់ កំពុងសាងសង់
ក្រៅពីគម្រោងដែលបានសាងសង់រួចរាល់ខាងលើនេះ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បាននិងកំពុងអភិវឌ្ឍសាងសង់គម្រោងធំៗ ជាច្រើនផ្សេងទៀត ដូចជា គម្រោងបុរីលំនៅដ្ឋានដ៏ប្រណីត The Premier Land សែនសុខ ដោយគម្រោងនេះ មានសាងសង់ជា ៣ដំណាក់កាល ដោយដំណាក់កាលនីមួយៗត្រូវចំណាយដើមទុនប្រមាណ ៣០ លានដុល្លារអាមេរិក។ នេះបើតាមការអះអាងពី នាយកគ្រប់គ្រងគម្រោងនេះ។
បន្ថែមពីនេះ អ្នកឧកញ៉ា លី យ៉ុងផាត់ បាននិងក៏កំពុងសាងសង់សួនទឹកកម្សាន្តដ៏ទំនើប និងធំជាងគេបង្អស់នៅកម្ពុជា ហើយក៏ធំជាងគេបង្អស់នៅក្នុងតំបន់អាស៊ី ដែលវិនិយោគក្នុងទឹកប្រាក់ជាង ៣០លានដុល្លារអាមេរិក នឹងបើកដំណើរការសាងសង់នៅពេលឆាប់ៗខាងមុខនេះ។
ពិសេសជាងនេះ ទៀតនោះ ក្រុមហ៊ុន LYP Group ក៏បាននិងកំពុងសាងសង់គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន ក្នុងទឹកដីអភិវឌ្ឍន៍ក្រុងរណប ហ្គាឌិន ស៊ីតធី របស់អ្នកឧកញ៉ា លី យ៉ុងផាត់ផងដែរ។ គម្រោងនេះ ត្រូវបានដឹងថា គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន។
បើតាមការគូសបញ្ជាក់ពី អ្នកឧកញ៉ា លី យ៉ុងផាត់ នៅពេលឆាប់ៗខាងមុខនេះ នៅក្នុងតំបន់ទីក្រុងរណបហ្គាឌិន ស៊ីតធី អ្នកឧកញ៉ាលីយ៉ុងផាត់នេះ លោកក៏បាននិងកំពុងពិចារណាបង្កើតសាកលវិទ្យាល័យល្បីឈ្មោះចំនួន ២ ផងដែរ។
សម្រាប់អត្ថបទបន្ដបន្ទាប់ទៀតនេះ ខេមបូណូមីស នឹងលើកយកពីគំនិតដឹកនាំ និងទស្សនជំនួញរបស់ អ្នកឧកញ៉ា លី យ៉ុងផាត់ មកចែកជូនលោកអ្នក ដើម្បីស្វែងយល់ជាបន្ដ។ ដូច្នេះ សូមបន្តតាមដានគេហទំព័ររបស់យើង ដើម្បីទទួលបានអត្ថបទល្អៗជាច្រើនទៀត៕