បច្ចុប្បន្នមានក្រុមហ៊ុនចិនធំៗមួយចំនួន កំពុងតែតាមចែចូវជាមួយនឹងក្រុមហ៊ុននាំចេញរបស់អាមេរិក ដើម្បីអាចផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ពីអាមេរិកទៅកាន់ប្រទេសចិន ខណៈដែលបញ្ហាតម្លៃហ្គាសឡើងថ្លៃ និងកង្វះខាតថាមពលប្រើប្រាស់ក្នុងស្រុកកាន់តែធ្ងន់ធ្ងរ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះសន្ដិសុខប្រេងឥន្ធនៈនៅក្នុងប្រទេសចិន។នេះបើតាមការរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ប្រភពព័ត៌មានរ៉យទ័របានបញ្ជាក់ថា យ៉ាងហោចណាស់មានក្រុមហ៊ុនចិនធំៗចំនួន ៥ក្រុមហ៊ុន រួមទាំង ក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន Sinopec Corp និង China National Offshore Oil Company និងក្រុមហ៊ុនចែកចាយថាមពល ដែលគ្រប់គ្រងដោយរដ្ឋអំណាចមូលដ្ឋានរបស់ចិន Zhejiang Energy ជាដើម បច្ចុប្បន្ន កំពុងចរចាជាមួយនឹងក្រុមហ៊ុននាំចេញរបស់អាមេរិក ទាក់ទងនឹងការផ្គង់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសចិន។
កិច្ចចរចារវាងក្រុមហ៊ុនចិន និងអាមេរិកទាំងនេះ ត្រូវបានគេដឹងថា អាចនឹងមានកិច្ចព្រមព្រៀង ក្នុងតម្លៃជាទឹកប្រាក់រហូតដល់ទៅរាប់សិបពាន់លានដុល្លារអាមេរិក ដែលវាអនុញ្ញាតឲ្យចិនអាចនឹងនាំចូលឧស្ម័នធម្មជាតិរាវ LNG ពីអាមេរិកក្នុងបរិមាណដ៏ច្រើន ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ស្របពេលដែលបច្ចុប្បន្នចិនកំពុងជួបបញ្ហាកង្វះខាតថាមពលធ្ងន់ធ្ងរនៅក្នុងប្រទេស។
គេនៅចាំថា នៅអំឡុងពេលដែលចិន និអាមេរិកមានសង្គ្រាមពាណិជ្ជកម្មកើនកម្ដៅខ្លាំងនៅឆ្នាំ២០១៩ ពាណិជ្ជកម្មឧស្ម័ន ត្រូវបានផ្អាកក្នុងមួយរយៈពេលខ្លី។ យ៉ាងណាមិញ រោងចក្រនាំចេញឧស្ម័នធម្មជាតិរាវ LNG នៅអាមេរិក អាចនឹងត្រូវចំណាយពេលប៉ុន្មានឆ្នាំទៀត ដើម្បីសាងសង់ ហើយមានគម្រោងរោងចក្រមួយចំនួននៅអាមេរិកខាងជើង កំពុងដំណើរការ ប៉ុន្ដែត្រូវបានគេរំពឹងថា នឹងមិនទាន់អាចចាប់ផ្ដើមនាំចេញឧស្ម័នបាននៅឡើយទេ រហូតដល់៥ឆ្នាំក្រោយឯណោះ។
កិច្ចពិភាក្សារវាងចិនជាមួយនឹងអ្នកផ្គត់អាមេរិក បានចាប់ផ្ដើមតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្ដែ ត្រូវបានពន្លឿនការចរចាខ្លាំងនៅប៉ុន្មានខែចុងក្រោយនេះ ចំពេលដែលប្រទេសចិន ដែលស្ថិតនៅក្នុងចំណោមប្រទេសផលិតថាមពលធំជាងគេក្នុងពិភពលោកដែរនោះ បែរជាកំពុងជួបនឹងបញ្ហាកង្វះខាតថាមពលប្រើប្រាស់ធ្ងន់ធ្ងរ។ មិនមែនតែចិនទេ ដែលកំពុងពិបាកដោះស្រាយបញ្ហាថាមពលនេះ បញ្ហានេះ កំពុងកើតមានជាសកលទៅហើយ តួយ៉ាង តម្លៃឧស្ម័នធម្មជាតិនៅក្នុងតំបន់អាស៊ី បានកើនឡើងដល់ទៅជាង ៥ដងនៅក្នុងឆ្នាំនេះ ដែលកំពុងបង្កជាក្ដីបារម្ភកាន់តែខ្លាំងឡើងអំពីការខ្វះខាតថាមពលប្រើប្រាស់នៅក្នុងរដូវរងាខាងមុខនេះ។
យ៉ាងណាមិញ សម្រាប់កិច្ចចរចារវាងក្រុមហ៊ុនអាមេរិក និងចិនទាក់ទងនឹងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ LNG នេះ គឺត្រូវបានគេរំពឹងថា នឹងអាចប្រកាសពីការឈានទៅសម្រេចកិច្ចព្រមព្រៀងនៅប៉ុន្មានខែខាងមុខនេះ។ ជាមួយនឹងបរិមាណបញ្ជាទិញថ្មីដែលនឹងត្រូវធ្វើឡើងនាពេលខាងមុខនេះ នឹងជួយពង្រឹងជំហររបស់ចិន ក្នុងនាមជាកំពូលប្រទេសបញ្ជាទិញឧស្ម័នធម្មជាតិរាវធំជាងគេបំផុតក្នុងពិភពលោកនៅឆ្នាំនេះ ពោលគឺឈរលើកំពូលតារាងលើប្រទេសជប៉ុនទៅទៀត៕