លោក Lu Xiaolong ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន YIG ដែលជាម្ចាស់ភាគហ៊ុនធំរបស់ព្រលានយន្តហោះសៀមរាបអង្គរ រួមជាមួយប្រតិភូ កាលពីពេលថ្មីៗ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្វែងរកការគាំទ្រលើគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅជិតអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ដែលផ្តោតលើថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ ការវិនិយោគក្នុងវិស័យទេសចរណ៍ និងវិស័យកសិកម្ម។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានសម្តែងការគាំទ្រ និងស្វាគមន៍ចំពោះក្រុមហ៊ុន YIG ដែលមានបំណងវិនិយោគអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសនៅជិតព្រលានយន្តហោះសៀមរាបអង្គរនេះ ដ្បិតថា គម្រោងវិនិយោគទាំងនេះ គឺសុទ្ធតែជាវិស័យសំខាន់ក្នុងការជួយពន្លឿនការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។ លើសពីនេះការវិនិយោគបន្ថែមរបស់ក្រុមហ៊ុននេះនៅកម្ពុជា វាក៏ជាផ្នែកមួយជួយផ្តល់ទំនុកចិត្តដល់វិនិយោគិនដទៃឱ្យចាប់ការវិនិយោគនៅកម្ពុជា ផងដែរ។
ជាមួយគ្នានេះ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិត្យសភាកម្ពុជា ជឿជាក់ថាប្រសិនបើគម្រោងវិនិយោគទាំងនេះពិតជាអាចសម្រេចបានមែននោះ វានឹងក្លាយជាកាលានុវត្តភាពមួយដ៏សំខាន់សម្រាប់ខេត្តសៀមរាប។
ព្រោះថា គម្រោងវិនិយោគទាំងនេះសុទ្ធតែឆ្លើយតបទៅនឹងគោលនយោបាយ និងតម្រូវការរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមចូលមកខេត្តសៀមរាប ព្រមទាំងជំរុញដល់ការបង្កបង្កើនផល និងការកែច្នៃកសិផលនៅខេត្តសៀមរាប កាន់តែរីកចម្រើន មិនតែប៉ុណ្ណោះ វាក៏រួមចំណែកជំរុញឱ្យវិស័យអចលនទ្រព្យក្នុងតំបន់មានការកម្រើកឡើងវិញមួយកម្រិតផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា គម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនេះ ពិតជាមានសារសំខាន់ណាស់សម្រាប់ចូលរួមដល់ការជំរុញកំណើនសេដ្ឋកិច្ចជាតិ។ តួយ៉ាង កន្លងមកនៅប្រទេសផ្សេងៗក៏មានការនិយមអភិវឌ្ឍន៍លើវិស័យកសិកម្មនៅតំបន់ជិតព្រលានយន្តហោះបែបនេះដែរ។
ហើយការជ្រើសរើសទីតាំងជិតព្រលានយន្តហោះសៀមរាប ដើម្បីវិនិយោគលើថាមពលកកើតឡើងវិញដើរដោយពន្លឺព្រះអាទិត្យ គឺជាទីតាំងល្អ និងស័ក្តិសមផងដែរ ពីព្រោះទីតាំងនោះមានទីធ្លាធំទូលាយ។ ដោយឡែកសម្រាប់ការវិនិយោគលើវិស័យទេសចរណ៍វិញ អ្នកជំនាញរូបនេះ អះអាងថា អាចសាងសង់ជាតំបន់ទេសចរណ៍សិប្បនិមិត្ត ដើម្បីទាក់ទាញអ្នកដំណើរ និងភ្ញៀវទេសចរដែលឆ្លងកាត់ព្រលានយន្តហោះនោះបានកាន់តែច្រើនថែមទៀត៕