នេះគឺជាលើកទី២ហើយដែលរដ្ឋាភិបាល ម៉ាឡេស៊ី ស្វែងរកការដំឡើងកម្រិតបំណុលជាតិ ក្រោយអស់ពេលជាច្រើនឆ្នាំមកហើយ ម៉ាឡេស៊ីមិនធ្លាប់បានដំឡើងបំណុលដល់កម្រិតខ្ពស់ដូចនេះនោះទេ។
ជាក់ស្តែង គេនៅចាំបានលើកដំបូងបំផុតកាលពីឆ្នាំ២០២០ ដែលម៉ាឡេស៊ីបានបង្កើនអត្រាបំណុលដល់ ៦០% នៃផលិតផលក្នុងស្រុកសរុប ដែលវាជាកម្រិតខ្ពស់បំផុតមួយមិនធ្លាប់មាន រាប់ចាប់តាំងពីឆ្នាំ ២០០៩មក។
គណៈរដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានស្នើបង្កើនទំហំថវិការបស់រដ្ឋាភិបាលសម្រាប់ដោះស្រាយកូវីដ១៩ពី ៦៥ពាន់លានរីងហ្គីត ឬស្មើនឹងជាង ១៥ពាន់លានដុល្លារ មកដល់ជាង ១១០ពាន់លានរីងហ្គីត ឬស្មើនឹងជាង២៦ពាន់លានដុល្លារអាមេរិក។
សំណើទាំងពីរខាងលើនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័តនៅក្នុងខែតុលាខាងមុខ ដើម្បីពន្លឿនការពង្រឹងប្រព័ន្ធសុខភាពសាធារណៈ កែលម្អវិធានការជំនួយសង្គម និងផ្តល់ការគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យមផងដែរ។
កន្លងមក វិធានការជំនួយសង្គមត្រូវបានក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ី ណែនាំឱ្យធនាគារពិនិត្យមើលការលើកលែងការទូទាត់ ការប្រាក់ សម្រាប់អ្នកខ្ចីណា ដែលមានចំណូលទាប ហើយដែលធ្លាប់បានទទួលការពន្យារពេល សងប្រាក់កម្ចីរបស់ពួកគេ។
សូមជម្រាបថា ប្រទេសម៉ាឡេស៊ីបានកាត់បន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចឆ្នាំ ២០២១ របស់ខ្លួន ចំនួនពីរដងរួចទៅហើយនៅក្នុងឆ្នាំនេះ។ ដោយសារតែវិធានការណ៍បិទខ្ទប់ប្រទេស ដែលបណ្តាកមកពីមេរោគឆ្លងកូវីដ១៩បំប្លែងខ្លួនឌែលតា ម៉ាឡេស៊ីរំពឹងថាសេដ្ឋកិច្ចរបស់ខ្លួន នឹងកើនឡើងតែ ៣%ទៅ៤%ប៉ុណ្ណោះ ដោយអត្រានេះ ធ្លាក់ចុះពីការព្យាករមុនដែលមានចន្លោះពី ៦%ទៅ៧,៥%៕