អាជ្ញាធរម៉ាឡេស៊ីបានឃាត់ខ្លួនលោកស្រី មូរ សុខហួរ បន្ទាប់ពីប្រទេសកម្ពុជាបានស្វែងរកចាប់ខ្លួនលោកស្រី ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារនៅពេលវិលត្រឡប់ចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។
យោងតាមទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) លោក មហាធៀ មហាម៉ាត់ បាននិយាយដូច្នេះថា «គោលការណ៍របស់យើង ជាពិសេស នៅក្នុងអាស៊ាន ជាទូទៅ គឺថា យើងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទេ។»
លោក មហាធៀ មហាម៉ាត់ បានបន្តថា «យើងមិនចង់ឱ្យពួកគេប្រើប្រទេសម៉ាឡេស៊ីជាមូលដ្ឋានសម្រាប់ការតស៊ូនៅក្នុងប្រទេសដទៃទៀតទេ។ យើងចង់និរទេសគាត់ ... ឥឡូវនេះ យើងកំពុងព្យាយាមស្វែងរកប្រទេសណាដែលអាចទទួលយកគាត់។»
លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយកាលពីឆ្នាំ២០១៧ បានប្រកាសថា នឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកានេះ ខណៈដែលរដ្ឋាភិបាលបានហៅផែនការត្រឡប់មកវិញនេះ ថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារ។
នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុត ចាន់អូចា (Prayut Chan-o-cha) បានប្រកាសហើយថា គាត់នឹងមិនអនុញ្ញាតឲ្យលោក សម រង្ស៊ី ចូលឆ្លងកាត់ប្រទេសគាត់ មុននឹងឆ្លងកាត់ព្រំដែនទៅកាន់ប៉ោយប៉ែត ទឹកដីកម្ពុជានោះទេ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកានេះ បានអំពាវនាវដល់អ្នកដែលទទួលរងការចោទប្រកាន់ធ្វើរដ្ឋប្រហារ ប្រញាប់ចូលសារភាពទោសកំហុស ដើម្បីទទួលបានការអនុគ្រោះ។
សម្តេច ហ៊ុន សែន ក៏បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ ព្រោះរដ្ឋាភិបាលកម្ពុជាអនុវត្តច្បាប់ តែលើជនសង្ស័យតែ ៩នាក់ប៉ុណ្ណោះ៕