រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងទំនិញម៉ាឡេស៊ី លោក ហ្វាឌីឡា យូសោហ្វ(Fadillah Yusof) បាននិយាយថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី នឹងពិភាក្សាគ្នាអំពីច្បាប់របស់សហភាពអឺរ៉ុបពាក់ព័ន្ធនឹងការរឹតត្បិតលើផលិតផលដូងប្រេង ដើម្បីចាត់វិធានការរួមមួយ។ ទន្ទឹមនឹងនោះ គេអាចនឹងបញ្ឈប់ការនាំចេញទៅអឺរ៉ុបតែម្តងក៏អាចថាបាន។ មែនទែនទៅ បញ្ហានេះត្រូវបាន ឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីប្តឹងទៅអង្គការពាណិជ្ជកម្មពិភពលោក WTO រួចម្តងទៅហើយ ឱ្យជួយដោះស្រាយជម្លោះពាណិជ្ជកម្មជាមួយអឺរ៉ុប។
ច្បាប់របស់អឺរ៉ុបដែលបានដាក់សម្ពាធលើប្រទេសអ្នកនាំចេញដូងប្រេងធំៗទាំងពីរក្នុងពិភពលោកនេះ គឺសំដៅហាមឃាត់ ការនាំចេញ ឬលក់ ប្រេងជីវឥន្ធនៈ ដែលចម្រាញ់ចេញពីដូងប្រេង និងក៏ដូចជាទំនិញផ្សេងទៀត ដែលមានជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ សម្រាប់ការដាំដុះដូងប្រេង។
ប៉ុន្តែគួរកត់សម្គាល់ថា សហភាពអឺរ៉ុបគឺជាប្រទេសនាំចូលដូងប្រេងដ៏ធំ ហើយចំពោះច្បាប់ដែលសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលខែធ្នូកន្លងមកនេះ បានធ្វើឱ្យផ្ទុះការមិនពេញចិត្តយ៉ាងខ្លាំងពីប្រទេសឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ដែលជាជម្រុកផលិតកម្មដូងប្រេងច្រើនជាងគេបំផុតក្នុងពិភពលោក។
រដ្ឋមន្ត្រីរបស់ម៉ាឡេស៊ីនិយាយថា ពួកគេនឹងព្យាយាមតវ៉ាជាមួយអឺរ៉ុប ដោយប្រើប្រាស់វិធីតាមដែលអាចធ្វើបាន។ ទោះបីជាត្រូវជួល ឬ ទាក់ទងជាមួយអ្នកជំនាញបរទេសសម្រាប់ប្រឹក្សាផ្នែកច្បាប់ ក៏គេត្រូវតែធ្វើដែរ ដើម្បីតតាំងនឹងអឺរ៉ុប។ ប៉ុន្តែរដ្ឋមន្ត្រីរូបនេះ ក៏បានបង្ហើបពីជម្រើសចុងក្រោយដែរថា គ្មានអ្វីក្រៅតែពីបញ្ឈប់ការនាំចេញតែម្តងនោះទេ វាគ្រាន់បើជាងទុកឱ្យអឺរ៉ុប រឹតត្បិត និងដាក់សម្ពាធ ដែលបង្កផលលំបាកដល់ការនាំចេញ។
បើទោះជាឥណ្ឌូនេស៊ី និងម៉ាឡេស៊ីបានបង្កើតស្តង់ដារបញ្ជាក់ថា ការដាំដុះដូងប្រេងរបស់ពួកគេ ធានាបានពីនិរន្តរភាពនៃបរិស្ថានក៏ដោយ ប៉ុន្តែក្រុមសកម្មជនបរិស្ថានបានបន្ទោសឧស្សាហកម្មដូងប្រេងនេះ ចំពោះភាពហិនហោចនៃការកាប់បំផ្លាញព្រៃនៅតំបន់អាស៊ីអាគ្នេយ៍ដ៏ច្រើនសន្ធឹកសន្ធាប់ សម្រាប់យកដីដាំដុះដំណាំប្រភេទនេះ។
មន្ត្រីរដ្ឋាភិបាលក្រុងកូឡាឡាំពួរ បានជំរុញឱ្យសមាជិកក្រុមប្រឹក្សាប្រទេសផលិតដូងប្រេង ដែលហៅកាត់ថា CPOPC ធ្វើការរួមគ្នាប្រឆាំងនឹងច្បាប់ថ្មីនេះ ដើម្បីច្រានចោលលើការចោទប្រកាន់ដោយគ្មានមូលដ្ឋានពីសហភាពអឺរ៉ុប។
ឆ្លើយតបទៅនឹងការលើកឡើនេះ លោក មីកខាលីស រ៉ូកាស់(Michalis Rokas) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំប្រទេសម៉ាឡេស៊ីបាននិយាយថា អឺរ៉ុបមិនបានហាមឃាត់ការនាំចូលប្រេងដូងពីម៉ាឡេស៊ីឡើយ ហើយបានបដិសេធដែរថាច្បាប់ស្តីពីការកាប់បំផ្លាញព្រៃឈើរបស់អឺរ៉ុប មិនមានគោលដៅធ្វើជារនាំងដល់ការនាំចេញរបស់ម៉ាឡេស៊ីដែរ ច្បាប់នេះគឺសំដៅការពារបរិស្ថាននៅគ្រប់ប្រទេសទាំងអស់។
តម្រូវការដូងប្រេងរបស់សហភាពអឺរ៉ុបត្រូវគេរំពឹងថានឹងធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេល ១០ ឆ្នាំខាងមុខនេះ ដោយសូម្បីតែមុនពេលច្បាប់ថ្មីនេះត្រូវបានបង្កើតឡើងក៏ដោយ។ ទោះយ៉ាងណា កន្លងមកសហភាពអឺរ៉ុបគឺជាអ្នកប្រើប្រាស់ប្រេងដូងច្រើនជាងគេលំដាប់ទី៣នៅក្នុងពិភពលោក។ នេះបើតាមទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលផលិតដូងប្រេងម៉ាឡេស៊ី។ ក្នុងនោះមានការនាំចូលពីម៉ាឡេស៊ីចំនួន៩,៤% នៃការនាំចូលសរុប ហើយកាលពីឆ្នាំមុនអឺរ៉ុបបាននាំចូលក្នុងបរិមាណសរុប ជិត១លាន៥សែនតោន ដែលបានធ្លាក់ចុះអស់ជាង១០% បើធៀបនឹងឆ្នាំ២០២១៕
អត្ថបទ ៖ សុខ ជា