ឧកញ៉ានិងអ្នករកស៊ីមួយចំនួន ដែលស្គាល់ឧកញ៉ា សៀ ឫទ្ធី បានប្រាប់សារព័ត៌មានអេឡិចត្រូនិក ខេមបូណូមីស ដោយសុំមិនបញ្ចេញឈ្មោះថា ៖ «ឧកញ៉ា សៀ ឫទ្ធី ជាមនុស្សពូកែទំនាក់ទំនងរកស៊ី ជាមួយបរទេសក្រុមហ៊ុនគាត់ វិនិយោគនៅកម្ពុជាស្ទើរតែទាំងអស់ បោះទុនរកស៊ីជាមួយក្រុមហ៊ុនបរទេសធំៗនៅក្រៅប្រទេស មនុស្សដូច ឫទ្ធី មិនសូវមានច្រើនប៉ុន្មានទេ នៅស្រុកខ្មែរយើងបច្ចុប្បន្ន។
ឧកញ៉ាដែលស្និទ្ធនឹងឧកញ៉ា សៀ ឫទ្ធី បានឲ្យដឹងទៀតថា សៀ ឫទ្ធី ពិតជាមានជំនាញទំនាក់ទំនងប្រមែប្រមូលកៀរគរវិនិយោគិនបរទេសជាច្រើនមកធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយនាំមកជាមួយនូវទឹកប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក។ មិនតែប៉ុណ្ណោះក្រុមហ៊ុនដែលលោកវិនិយោគជាមួយ សុទ្ធតែបានបង្កើតការងារ ផ្តល់ការងារដល់ប្រជាជនខ្មែររាប់រយនាក់។
នៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយសារព័ត៌មាន ខេមបូណូមីស កាលពីពេលថ្មីៗកន្លងមកនេះ លោកឧកញ៉ា សៀ ឫទ្ធី បានបញ្ជាក់អះអាងថា លោកមិនព្យាយាមវិនិយោគតែនៅក្នុងប្រទេសខ្លួនឯងនោះទេ។
លោកឧកញ៉ា សៀ ឫទ្ធី បានពោលពាក្យយ៉ាងដូច្នេះថា៖ «ខ្ញុំមិនព្យាយាមផឹកទឹកអណ្តូងខ្លួនឯងទេ បើសិនជាយើងនាំគ្នាផឹកទឹកអណ្តូងរបស់យើងគ្រប់គ្នា នៅថ្ងៃណាមួយ អណ្តូងរបស់យើងនឹងរីង។ ដូច្នេះ ខ្ញុំត្រូវស្វែងរកប្រភពទឹកទន្លេនិងសមុទ្រពីខាងក្រៅ នោះទើបយើងមិនចេះរីងស្ងួត»។
នេះគឺជាទ្រឹស្តីពាណិជ្ជកម្មដែលនិយាយបែបមានន័យធៀប។ តាមពិតន័យត្រង់ លោកឧកញ៉ាចង់បញ្ជាក់ថា លោកមិនព្យាយាមធ្វើការវិនិយោគតែនៅក្នុងស្រុកទេ ប៉ុន្តែ លោកត្រូវស្វែងរកប្រភពជំនួញពាណិជ្ជកម្មធំៗមកពីក្រៅប្រទេស ដើម្បីសហការវិនិយោគរួមគ្នា នោះទើបធ្វើឲ្យមុខជំនួញរបស់លោកកាន់តែរីកចម្រើនមិនចេះរីងស្ងួត ហើយនាំមកនូវចំណូលចូលជាតិ តាមរយៈការបង់ពន្ធផ្សេងៗផង។
ឧកញ៉ា សៀ ឫទ្ធី បានប្រាប់ពីចំណុចពិសេស ២យ៉ាង ដែលលោកតែងតែទទួលជោគជ័យក្នុងការសហការជាមួយក្រុមហ៊ុនមកពីក្រៅប្រទេស។ លោកថា បើសិនជាយើងចង់ទាក់ទាញវិនិយោគក្រៅប្រទេសមកសហការជាមួយយើង ទី១ យើងត្រូវតែកសាងមូលដ្ឋានគ្រឹះក្រុមហ៊ុនឲ្យរឹងមាំ ទី២ មានហិរញ្ញវត្ថុច្បាស់លាស់ និងបញ្ជីស្នាមត្រឹមត្រូវ។
នៅពេលដែល ខេមបូណូមីស សួរថា តើលោកឧកញ៉ាចូលរួមចំណែកអ្វីខ្លះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនោះ? លោកបានឆ្លើយយ៉ាងច្បាស់ថា ជាការពិត បើនិយាយពីការអភិវឌ្ឍ គឺជាការបោះទុនវិនិយោគ លោកបានខិតខំកៀរគរវិនិយោគជាច្រើនមកស្រុកខ្មែរ និងអភិវឌ្ឍប្រែក្លាយដីដែលមានស្មៅ ព្រៃ ដុះទ្រុបទ្រុល ដែលគ្មានតម្លៃ គ្មានមនុស្សរស់នៅ មកជាដីដែលមានតម្លៃខ្ពស់ និងអភិវឌ្ឍតំបន់នោះឲ្យក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម លំនៅដ្ឋានប្រណីតៗ បង្កើតការងារ បង្កើតចំណូលចូលរដ្ឋតាមរយៈការបង់ពន្ធ ។ល។ និង ។ល។
ទាំងអស់នេះហើយ ដែលលោកឧកញ៉ាថា ជាការចូលរួមចំណែករបស់លោកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រជូនរាជរដ្ឋាភិបាលផងដែរ។
ក្រុមហ៊ុនរបស់ឧកញ៉ា សៀ ឫទ្ធី ទាំងអស់ជាង ៣០ក្រុមហ៊ុន សុទ្ធតែរួមសហការគ្នាវិនិយោគជាមួយដៃគូមកពីក្រៅប្រទេសទាំងអស់។ ប្រទេសនិងក្រុមហ៊ុនបរទេសធំៗល្បីៗ ដែលលោកឧកញ៉ា សៀ ឫទ្ធី បោះទុនរកស៊ីជាមួយ មានមកពីប្រទេសចិន ហុងកុង តៃវ៉ាន់ សិង្ហបុរី រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និងភូមា៕