តើហេតុអ្វីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ សម្រេចបើកដំណើរការហាងរបស់ខ្លួនឡើងវិញ នៅគ្រាដែលសង្គ្រាមមិនទាន់បញ្ចប់យ៉ាងដូច្នេះ?
មែនទែនទៅ ក្រុមហ៊ុនអាហាររហ័ស ឬហៅថា Fast Food ដ៏ធំបំផុតរបស់ពិភពលោក McDonald បានបិទភោជនីយដ្ឋានទាំងអស់របស់ខ្លួននៅប្រទេសអ៊ុយក្រែន និងរុស្ស៊ីកាលពីខែមីនាកន្លងទៅ បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូទាំងកម្រោលមកលើអ៊ុយក្រែន។ ប៉ុន្ដែ ឥឡូវនេះ ក្រុមហ៊ុនហាងអាហាររបស់អាមេរិកមួយនេះ ក៏បានប្រកាសអំពីផែនការបើកដំណើរការភោជនីយដ្ឋានរបស់ខ្លួននៅអ៊ុយក្រែនឡើងវិញហើយ។
កន្លងមក ក្រុមហ៊ុន McDonald's មានភោជនីយដ្ឋានចំនួន ១០៩ កន្លែងនៅក្នុងប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួនដែលខ្លួនគ្រោងនឹងបើកឡើងវិញនោះទេ។ ហើយក្រុមហ៊ុននេះកាលពីខែឧសភា ក៏បានលក់ភោជនីយដ្ឋានរបស់ខ្លួនចំនួន ៨៥០ កន្លែងរួចទៅហើយ នៅក្នុងប្រទេសរុស្ស៊ីទៅឱ្យក្រុមហ៊ុនក្នុងស្រុករបស់រុស្សីគ្រប់គ្រងបន្ដ និងបានប្ដូរឈ្មោះហាងថ្មីផងដែរ។
លោកភូល ភុមរ៉យ (Paul Pomroy) ប្រធានទីផ្សារប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន McDonald's បាននិយាយនៅក្នុងសារមួយថា «ការសម្រេចចិត្តបើកដំណើរការឡើងវិញ បានធ្វើឡើងបន្ទាប់ពី «ការពិគ្រោះ និងពិភាក្សាយ៉ាងទូលំទូលាយ និងល្អិតល្អន់ជាមួយមន្ត្រីអ៊ុយក្រែន អ្នកផ្គត់ផ្គង់ និងអ្នកឯកទេសផ្នែកសន្តិសុខ ហើយព្រមទាំងពិចារណាលើសំណើរបស់បុគ្គលិករបស់ខ្លួនឱ្យត្រឡប់ទៅធ្វើការវិញផងដែរ»។
ក្នុងនោះដែរ ក្រុមហ៊ុន McDonald’s បាននិយាយថា «ខ្លួនកំពុងធ្វើការជាមួយអ្នកផ្គត់ផ្គង់ ដើម្បីទទួលបានផលិតផលទៅកាន់ភោជនីយដ្ឋាន និងនាំបុគ្គលិកត្រឡប់មកធ្វើការនៅកន្លែងវិញ ជាមួយនឹងការធានាសុវត្ថិភាពនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ។
ជាមួយគ្នានេះដែរ McDonald’s នឹងចាប់ផ្តើមបើកភោជនីយដ្ឋានឡើងវិញនៅក្នុងទីក្រុងកៀវ (Kyiv) និងតំបន់ភាគខាងលិចអ៊ុយក្រែន ដែលជាកន្លែងត្រួវបានការពាររឹងមាំជាងមុនថែមទៀតផង។
គួររលឹកថា កាលពីដើមឆ្នាំនេះ រដ្ឋាភិបាលអ៊ុយក្រែនបានចាប់ផ្តើមកម្មវិធីមួយ ដើម្បីផ្លាស់ប្តូរទីតាំងអាជីវកម្មផ្សេងៗទៅភាគខាងលិចពីតំបន់ដែលរងការបំផ្លិចបំផ្លាញដោយសង្រ្គាមជាមួយរុស្សី ដើម្បីទប់ស្កាត់ការខូចខាតបន្ថែមទៀតដល់សេដ្ឋកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ដែរថា ក្រៅតែពីហាង McDonald’s គេសង្កេតឃើញថា ហាងយីហោអន្តរជាតិល្បីៗជាច្រើនទៀតរួមមាន KFC និង Pizza Hut របស់ក្រុមហ៊ុនYum Brands ក៏បាននិយាយនៅដើមខែសីហានេះដែរថា ហាងស្ទើរតែទាំងអស់របស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ក៏បានដាក់ឲ្យបើកដំណើរការឡើងវិញហើយដែរ៕